ដោយ ហ្សូលី
ភ្នំពេញៈ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានកែប្រែការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនទិន្នផលសរុបក្នុងឆ្នាំ២០២០ របស់ប្រទេសវៀតណាមពី០,៨ ភាគរយ ដល់២,៤ ភាគរយ។

លោកស្រី Era Dabla Norris ប្រធានបេសកកម្មប្រចាំប្រទេសវៀតណាម និងជាប្រធានផ្នែកនៅអាស៊ីនិងប៉ាស៊ីហ្វិករបស់IMF បាននិយាយថា ការរីកចម្រើនរបស់ប្រទេសវៀតណាម ស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតនៅលើពិភពលោក ដោយសារតែការទទួលជោគជ័យរបស់ខ្លួន ចំពោះការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។
កាលពីខែតុលា IMFបានព្យាករណ៍ថា កំណើនមានកំនើនត្រឹម ១,៦ភាគរយ ដោយ លោកស្រីNorrisបាននិយាយថា ប្រទេសវៀតណាមបានទទួលអត្ថប្រយោជន៍ ពីគោលនយោបាយសារពើពន្ធ ដែលមានការប្រុងប្រយ័ត្នខ្ពស់ត្រូវ បានផ្តោតលើការគាំទ្រដល់គ្រួសារនិងក្រុមហ៊ុនងាយរងគ្រោះ។
ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ និងជំនួយហិរញ្ញវត្ថុដែលផ្តល់ដោយធនាគាររដ្ឋវៀតណាម (SBV) បានកាត់បន្ថយសម្ពាធសាច់ប្រាក់ងាយស្រួល កាត់បន្ថយការចំណាយមូលនិធិ និងសម្រួលដល់លំហូរឥណទានបន្ត។
ការងើបឡើងវិញនៃសេដ្ឋកិច្ចរឹងមាំនៅឆ្នាំ២០២១ នឹងមានកំណើនផលិតផលក្នុងស្រុកសរុប៦,៥ ភាគរយ ហើយអតិផរណាមាន៤ភាគរយ ប៉ុន្តែបញ្ហាទាំងនេះស្ថិតក្រោមភាពមិនប្រាកដប្រជា ពីការផ្ទុះឡើងជាថ្មីពីការងើបឡើងវិញជាសកល។ វាក៏អូសបន្លាយភាពតានតឹងពាណិជ្ជកម្មបន្ត និងភាពតានតឹងរបស់ក្រុមហ៊ុន ដែលអាចប្រែទៅជាការបិទយ៉ាងរ៉ឹងមាំលើទីផ្សារការងារ និងប្រព័ន្ធធនាគារ។
ក្នុងរយៈពេលមធ្យម និងវែង ការសង្កត់ធ្ងន់គួរតែផ្តោត លើការប្រមូលចំណូលសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង ពង្រឹងប្រព័ន្ធគាំពារសង្គម និងការពារនិរន្តរភាពបំណុល។
ប្រទេសវៀតណាម ក៏ត្រូវពង្រឹងថែមទៀតនូវជំហរដើមទុន របស់ធនាគារ និងអភិវឌ្ឍទីផ្សារមូលធនរបស់ខ្លួន ដើម្បីកែលំអភាពធន់ផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ហិរញ្ញប្បទានរយៈពេលវែង។ ប្រទេសវៀតណាមគួរតែផ្តល់អាទិភាព ដល់ការធ្វើឱ្យប្រសើរឡើងនូវការទទួលបានធនធាន ដីធ្លី និងហិរញ្ញវត្ថុ ជាពិសេសសម្រាប់សហគ្រាសធុនតូចនិងមធ្យម។
កាលពីឆ្នាំមុនសេដ្ឋកិច្ចវៀតណាម សម្រេចបានកំនើន៧,០២ភាគរយ ជាតួលេខខ្ពស់បំផុតទី២ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីមានកំណត់ត្រា៧,០៨ ភាគរយនៅឆ្នាំ២០១៨ ៕ VNExpress






