ប្រព័ន្ធ​អនុគ្រោះ (GSP) នឹងធ្វើ​ឱ្យ​ទំនិញ​កម្ពុជា​ជាប់​កម្រិត​កូតា​ក្រោម​បន្ទាត់​គយ ត្រូវ​រួច​ពន្ធ​ទាំងអស់

0

ដោយៈ វុត្ថា

ភ្នំពេញៈ ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) របស់​ចក្រភព​អង់គ្លេស ដែលជា​ទីផ្សារ​ដ៏​ធំ​បំផុត និង​សំខាន់​របស់​កម្ពុជា​លើ​ការនាំចេញ​ទំនិញ នឹង​ជួយ​ធ្វើឱ្យ​ទំនិញ​ទាំងអស់​ដែល​ជាប់​កម្រិត​កូតា​ក្រោម​បន្ទាត់​គយ​ត្រូវ​រួច​ពន្ធ និង​កាន់តែ​ផ្តល់នូវ​លទ្ធភាព​ខ្ពស់​សម្រាប់​កម្ពុជា​ក្នុងការ​ជំរុញ​ការនាំចេញ​បន្ថែមទៀត។

អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក កាំ​ង ម៉ូ​នី​កា បាន​មានប្រសាសន៍ថា​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា សម្រាប់​សហភាព​អឺរ៉ុប ប្រទេស​អង់គ្លេស​គឺជា​ទីផ្សារ​ធំ​បំផុត នៃ​ការនាំចេញ​របស់​កម្ពុជា ក្នុងនោះ​ចំពោះ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ហើយ​បាន​បង្កើត​ផ្តល់​ភាព​ប្រព័ន្ធ​អនុគ្រោះ (GSP) វា​នឹងធ្វើ​ឲ្យ​ទំនិញ ដែល​ជាប់​កម្រិត​កូតា​ក្រោម​បន្ទាត់​គយ ត្រូវ​រួច​ពន្ធ​ទាំងអស់។

លោក​បាន​បន្តថា “នៅ​ក្នុងនោះ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) នឹង​ផ្តល់ឱ្យ​កម្ពុជា​មានលទ្ធភាព​កាន់តែ​ប្រសើរ ដើម្បី​ជំរុញ​ការនាំចេញ គឺ​កម្ពុជា​អាច​នាំចេញ​ទំនិញ​គ្រប់បែបយ៉ាង​ទៅ​ប្រទេស​អង់គ្លេស ដោយ​មិន​ជាប់ពន្ធ​នាំចូល ជាពិសេស​ការផ្តល់​ការ​រូ​ច​ពន្ធ​លើ​មុខទំនិញ​ចំនួន៤០មុខ​ផ្សេងទៀត ដែល​ជាប់​កម្រិត​កូតា នៅក្រោម​បន្ទាត់​ពន្ធគយ” ។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍ប្រាប់​តាមរយៈ​ទូរស័ព្ទ​ថា ពាក់ព័ន្ធ​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) របស់​អង់គ្លេស​នេះ កន្លងមក​ប្រទេស​អង់គ្លេស បាន​សន្យា​ផ្តល់​ភាពអនុគ្រោះ​ពន្ធ បន្ទាប់ពី​ប្រទេស​ខ្លួន​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប ជាក់ស្តែង​មកដល់ពេលនេះ ប្រទេស​អង់គ្លេស​បាន​ឆ្លើយតប​តាម​កិច្ចសន្យា​ពិតប្រាកដ ដោយ​ការប្រកាស​ផ្តល់​អនុគ្រោះ​ពន្ធ​នេះ មាន​ក្របខ័ណ្ឌ​ចំនួន ៣ គឺ៖ ក្របខ័ណ្ឌ​ប្រទេស​អភិវឌ្ឍ​តិចតួច​បំផុត ក្របខ័ណ្ឌ​ទូទៅ និង​ក្របខណ្ឌ​ប្រសើរឡើង ក្នុងនោះ​កម្ពុជា​ក៏​នៅក្នុង​ក្របខណ្ឌ​ទាំងនេះ​ផងដែរ។

លោក​ឧកញ៉ា​បន្តថា “តាមរយៈ​នៃ​ការប្រកាស​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) របស់​អង់គ្លេស​នេះ វា​ជាការ​ជម្រុញ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ និង​ជាការ​ទាក់ទាញ​អ្នកវិនិយោគថ្មីៗបន្ថែម ឱ្យមក​បណ្តាក់ទុន​រក​ស៊ី​ទទួលទាន​នៅ​កម្ពុជា តាមរយៈ​ការផ្តល់​នូវ​លក្ខណៈពិសេស​ទាំងនេះ ខណៈដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី FTA នៅជាប់​លក្ខខណ្ឌ​ជាច្រើន នៃ​ការកំណត់​កូតា​សម្រាប់​ការនាំចេញ​ទំនិញ”  ។

តាមរយៈ​បាយ​ការណ៍​របស់​អគ្គនាយក​ដ្ឋា​ន គោលនយោបាយ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់ថា ជុំវិញ​ការនាំចេញ​ផលិតផល​របស់​កម្ពុជា កាលពីពេល​កន្លងទៅ ក្នុង​ឆ្នាំ២០១៩ កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​អង់គ្លេស សរុប​ជិត១ពាន់​លាន​ដុល្លារ​អាម​រិ​ក ក្នុងនោះ ការនាំចេញ​វិស័យ​កាត់ដេរ​ជិត៩០០លាន​ដុល្លារ និង​ការនាំចេញ​អង្ករ​មាន​ចំនួន​ជិត៩លាន​ដុល្លារ​អាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here