ដោយៈ វុត្ថា
ភ្នំពេញៈ ប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់ចក្រភពអង់គ្លេស ដែលជាទីផ្សារដ៏ធំបំផុត និងសំខាន់របស់កម្ពុជាលើការនាំចេញទំនិញ នឹងជួយធ្វើឱ្យទំនិញទាំងអស់ដែលជាប់កម្រិតកូតាក្រោមបន្ទាត់គយត្រូវរួចពន្ធ និងកាន់តែផ្តល់នូវលទ្ធភាពខ្ពស់សម្រាប់កម្ពុជាក្នុងការជំរុញការនាំចេញបន្ថែមទៀត។

អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក កាំង ម៉ូនីកា បានមានប្រសាសន៍ថានៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា សម្រាប់សហភាពអឺរ៉ុប ប្រទេសអង់គ្លេសគឺជាទីផ្សារធំបំផុត នៃការនាំចេញរបស់កម្ពុជា ក្នុងនោះចំពោះការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ហើយបានបង្កើតផ្តល់ភាពប្រព័ន្ធអនុគ្រោះ (GSP) វានឹងធ្វើឲ្យទំនិញ ដែលជាប់កម្រិតកូតាក្រោមបន្ទាត់គយ ត្រូវរួចពន្ធទាំងអស់។
លោកបានបន្តថា “នៅក្នុងនោះប្រព័ន្ធអនុគ្រោះទូទៅ (GSP) នឹងផ្តល់ឱ្យកម្ពុជាមានលទ្ធភាពកាន់តែប្រសើរ ដើម្បីជំរុញការនាំចេញ គឺកម្ពុជាអាចនាំចេញទំនិញគ្រប់បែបយ៉ាងទៅប្រទេសអង់គ្លេស ដោយមិនជាប់ពន្ធនាំចូល ជាពិសេសការផ្តល់ការរូចពន្ធលើមុខទំនិញចំនួន៤០មុខផ្សេងទៀត ដែលជាប់កម្រិតកូតា នៅក្រោមបន្ទាត់ពន្ធគយ” ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់តាមរយៈទូរស័ព្ទថា ពាក់ព័ន្ធការផ្តល់ប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់អង់គ្លេសនេះ កន្លងមកប្រទេសអង់គ្លេស បានសន្យាផ្តល់ភាពអនុគ្រោះពន្ធ បន្ទាប់ពីប្រទេសខ្លួនបានចាកចេញពីសហភាពអឺរ៉ុប ជាក់ស្តែងមកដល់ពេលនេះ ប្រទេសអង់គ្លេសបានឆ្លើយតបតាមកិច្ចសន្យាពិតប្រាកដ ដោយការប្រកាសផ្តល់អនុគ្រោះពន្ធនេះ មានក្របខ័ណ្ឌចំនួន ៣ គឺ៖ ក្របខ័ណ្ឌប្រទេសអភិវឌ្ឍតិចតួចបំផុត ក្របខ័ណ្ឌទូទៅ និងក្របខណ្ឌប្រសើរឡើង ក្នុងនោះកម្ពុជាក៏នៅក្នុងក្របខណ្ឌទាំងនេះផងដែរ។
លោកឧកញ៉ាបន្តថា “តាមរយៈនៃការប្រកាសផ្តល់ប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់អង់គ្លេសនេះ វាជាការជម្រុញលើកទឹកចិត្តដល់អ្នកវិនិយោគ និងជាការទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែម ឱ្យមកបណ្តាក់ទុនរកស៊ីទទួលទាននៅកម្ពុជា តាមរយៈការផ្តល់នូវលក្ខណៈពិសេសទាំងនេះ ខណៈដែលប្រព័ន្ធអនុគ្រោះពន្ធ EBA និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA នៅជាប់លក្ខខណ្ឌជាច្រើន នៃការកំណត់កូតាសម្រាប់ការនាំចេញទំនិញ” ។

តាមរយៈបាយការណ៍របស់អគ្គនាយកដ្ឋាន គោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា ជុំវិញការនាំចេញផលិតផលរបស់កម្ពុជា កាលពីពេលកន្លងទៅ ក្នុងឆ្នាំ២០១៩ កម្ពុជាបាននាំចេញទៅកាន់ប្រទេសអង់គ្លេស សរុបជិត១ពាន់លានដុល្លារអាមរិក ក្នុងនោះ ការនាំចេញវិស័យកាត់ដេរជិត៩០០លានដុល្លារ និងការនាំចេញអង្ករមានចំនួនជិត៩លានដុល្លារអាមេរិក៕






