ដោយៈវុត្ថា
ភ្នំពេញៈ អ្នកអភិវឌ្ឍន៍ដីឡូតិ៍បានលើកឡើងថា បើទោះបីកម្ពុជាប្រឈមទៅនឹងវិបត្តិជំងឺកូវីដ១៩រហូតមកដល់ពេលនេះ ក៏តម្រូវការដីឡូតិ៍នៅតែមានជាបន្តបន្ទាប់ ប៉ុន្តែស្ថិតនៅក្នុងកម្រិតទាប។
លោក អ៊ុ វុទ្ធី អគ្គនាយកក្រុមហ៊ុន Top Investment (Cambodia) Realty Co.,Ltd បានប្រាប់គេហទំព័រ propertyarea.asia កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ម្សិលមិញនេះថា ទីផ្សារអចលនទ្រព្យដែលមានតម្លៃធូថ្លៃ នៅតែមានដំណើរការជាធម្មតាមជាពិសេសអចលនទ្រព្យប្រភេទដីឡូតិ៍ ដែលមានតម្លៃចាប់ពីតម្លៃ ៣០០០ដុល្លារ ទៅ៦០០០ ដុល្លារអាមេរិក ។
លោកបន្តថា “ក្រុមហ៊ុនរបស់លោកនៅតែលក់ដីឡូតិ៍ បានជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ បើទោះបីការលក់ចេញវាមិនសូវមានសន្ទុះខ្លាំយ៉ាងណាក្តី ប៉ុន្តែអាចទទួលយកបាន” ។ លោកបន្ថែមថា “បើនិយាយជារួមលើវិស័យអចលនទ្រព្យនេះ ក៏មានហានិភ័យដែរព្រោះកម្ពុជា មិនទាន់រួចផុតពីជំងឺកូវីដ១៩ នៅឡើយ” ។
ចំណែកលោកម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជាបានឱ្យដឹង កាលពីពេលថ្មីៗនេះឱ្យដឹងថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ រហូតមកដល់បច្ចុប្បន្ននេះ ខេត្តមួយចំនួនមានការថយចចុះនៃអភិវឌ្ឍដីឡូតិ៍ និងការពុះដីឡូតិ៍លក់ជាបន្តបបន្ទាប់។
លោកបន្តថា ប៉ុន្តែបើទោះបីជាមានការថយចុះនៅខេត្តមួយចំនួនមែន សម្រាប់ខេត្តក្រុងមួយចំនួន ជាពិសេសខេត្តកំពង់ស្ពឺនៅតែមាសកម្មភាពពុះដីឡូតិ៍ ឬមានការអភិវឌ្ឍន៍ឡូតិ៍យ៉ាងខ្លាំងក្លា មិនត្រឹមតែប៉ុណ្ណោះគម្រោងអភិវឌ្ឍន៍ធំៗ និងសំណង់ជាច្រើនមានសកម្មភាពអភិវឌ្ឍន៍យ៉ាងផុលផុស ។
លោកបន្ថែមថា “ខេត្តកំពង់ស្ពឺ ជាខេត្តដែលមានសក្តានុពលខ្ពស់ លើវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យអចលនទ្រព្យ ព្រោះថាខេត្តនេះត្រូវបានដាក់ចេញ ដោយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកំណ្តាល និងខេត្តបន្ទាប់គឺខេត្តកំពង់ស្ពឺ” ។
លោកច្រឹក សុខនីមប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលវត្ថុកម្ពុជា បានឱ្យដឹងដែរថា តម្រូវការអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែមានសកម្មភាពធម្មតា ប៉ុន្តែសម្រាប់លំហូចូល នៃវិនិយោគពីក្រៅប្រទេសនៅតែជាបញ្ហាប្រឈម ។
លោកបន្តថា “ការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ គឺមិនមានទំហំធំៗនោះទេ ហើយវិនិយគិនភាគច្រើន ជាវិនិយោគិននៅក្នុងស្រុក” ៕