ដោយៈ តារា
ភ្នំពេញៈ ភតិសន្យាពិសេស គឺជាកិច្ចសន្យាមួយដែលភាគីម្ខាងហៅថាភតិបតីឱ្យភាគីម្ខាងទៀតដែលជាកម្មករ សិស្ស និស្សិត ហៅថាភតិក ប្រើប្រាស់ក្នុងការស្នាក់នៅដោយយកថ្លៃ។
បើនិយាយឱ្យងាយយល់ ភតិសន្យាពិសេសនេះ គឺជាកិច្ចសន្យារវាងម្ចាស់អចលនទ្រព្យដែលមានដូចជា ម្ចាស់ផ្ទះជួល ឬម្ចាស់បន្ទប់ជួល និងកម្មករ សិស្ស និស្សិត ក្នុងការជួលបន្ទប់ សម្រាប់ការប្រើប្រាស់ស្នាក់នៅដោយយកថ្លៃឈ្នួល។
លក្ខណៈពិសេសនៃភតិសន្យានេះគឺ៖
ក. ភាគីនៃកិច្ចសន្យា (មាត្រា៣)
ភតិបតី(អ្នកឱ្យជួល) អាចជាម្ចាស់បន្ទប់ជួល ឬអ្នកយកថ្លៃឈ្នួលលើបន្ទប់ជួលជាលក្ខណៈអាជីប។ ខុសពីភតិសន្យា(កិច្ចសន្យាជួល) ដែលមានចែងក្នុងក្រមរដ្ឋប្បវេណី(ហៅថា កិច្ចសន្យាធម្មតា)ព្រោះនៅក្នុងភតិសន្យាទូទៅ មិនកំណត់ចំពោះអ្នកម្ចាស់បន្ទប់ជួលនោះទេ។
ភតិកៈ(អ្នកជួល)៖ កម្មករ សិស្ស និស្សិត ដែលមានការលំបាកខ្លាំងក្នុងការទ្រទ្រង់ជីវភាព។ ខុសពីភតិសន្យាធម្មតាត្រង់ថា ភតិសន្យាធម្មតាមិនកំណត់ លក្ខណៈរបស់អ្នកជួលទេ នរណាក៏អាចក្លាយជាអ្នកជួលបានដែរ។
ខ. កម្មវត្ថុនៃកិច្ចសន្យា
បន្ទប់ជួលស្នាក់នៅ(មាត្រា៣)។ មិនមែនជា ដី ឬអគារពាណិជ្ជកម្ម ជាដើម។ ខុសពីភតិសន្យាធម្មតាត្រង់ថា កម្មវត្ថុនៃភតិសន្យាទូទៅ អាចជាចលនវត្ថុ ឬអចលនវត្ថុ។
គ.លក្ខណៈនៃកិច្ចសន្យា
ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ និងមានសេចក្តីបញ្ជាក់របស់មេឃុំ ឬចៅសង្កាត់។ មានន័យថា មិនអាចឡើងដោយមាត់ទទេរបានទេ(មាត្រា៥)។ នៅក្នុងភតិសន្យាធម្មតា ភាគីអាចបង្កើតកិច្ចសន្យា ដោយគ្រាន់តែមានការព្រមព្រៀងរវាងគូភាគីប៉ុណ្ណោះ ប៉ុន្តែដើម្បីតតាំងជាមួយតតិយជនបាន ដែលគាត់ត្រូវកាន់កាប់ និងប្រើប្រាស់វត្ថុជួលនោះ(មាត្រា៥៩៧ និង៥៩៨ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧) ។
ឃ.អត្ថិភាពនៃកិច្ចសន្យា
មិនតិចជាង២ឆ្នាំ ទោះបីជាមិនបានកំណត់ ឬកំណត់តិចជាង២ឆ្នាំក៏ដោយ ត្រូវចាត់ទុកថាមានអត្ថិភាព២ឆ្នាំ(មាត្រា៦) ក្នុងគោលបំណងមិនឱ្យម្ចាស់បន្ទប់ជួលតម្លៃថ្លៃឈ្នួលក្នុងអំឡុងពេល២ឆ្នាំ (មាត្រា៨)។
ផ្ទុយទៅវិញភតិសន្យាធម្មតា អាចធ្វើឡើងដោយកំណត់ ឬមិនកំណត់អំឡុងពេលបាន ប៉ុន្តែបើអំឡុងពេលជួលលើសពី ១៥ឆ្នាំ នោះនឹងក្លាយជាសិទ្ធិជួលអចិន្ត្រៃយ៍វិញ៕