ដោយៈ រ៉ាណេត
ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានព្រមាន និងជំរុញឱ្យប្រជាពលរដ្ឋដែលបានសាងសង់សំណង់ និងកំពុងរស់នៅ ក៏ដូចជា ប្រកបអាជីវកម្មដែលបំពាននៅលើផ្លូវលេខ២០០ ដែលស្ថិតនៅក្នុងគម្រោងពង្រីក និងកែលម្អសោភ័ណភាពទុកជាផលប្រយោជន៍រួម នៅក្នុងក្រុងព្រះសីហនុទាំងមូលត្រូវរុះរើចេញជាបន្ទាន់។
កិច្ចប្រជុំដោះស្រាយរៀបចំផ្លូវលេខ២០០ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុកាលពីរសៀលថ្ងៃទី២៥ វិច្ឆិកាកន្លងមកនេះ លោកអភិបាលខេត្តដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរអង្គភាព និងនាយកទីចាត់ការសាលាខេត្តព្រះសីហនុផងដែរ។
លោកអភិបាលបានមានប្រសាសន៍ថា តាមរបាយការណ៍របស់អាជ្ញាធរក្រុង គឺប្រជាពលរដ្ឋចំនួន១៥៣គ្រួសារ បានសាងសង់ផ្ទះលើដីចំណីផ្លូវលេខ២០០ ដែលជាដីសាធារណ:របស់រដ្ឋ យកធ្វើជាកម្មសិទ្ធិ និងយកទៅជួលបន្តឱ្យតតីយជនក្នុងនោះមានជនបរទេសជាដើម ដោយបើកអាជីវកម្មផ្សេងៗ ក្នុងនោះឃើញអាជីវកម្មមួយចំនួនមាន ដូចជាកោសជប់ ម៉ាស្សា និងការលួចបើកបម្រើសេវាកម្មផ្លូវភេទជាដើម ដែលទង្វើនេះវាផ្ទុយនឹងច្បាប់របស់រដ្ឋ និងប៉ះពាល់ផលប្រយោជន៍សាធារណ: និងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។
យោងតាមមាត្រា២៥៩ នៃច្បាប់ភូមិបាល ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥.០០០.០០០រៀល(ប្រាំលាន) ដល់៥០លានឬ/និងផ្ដន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ។
លោកគួច ចំរើន បានបញ្ជាក់ថាបន្ថែមថា ផ្លូវលេខ២០០នេះ ជាចំណុចកណ្តាលរបស់ក្រុងព្រះសីហនុ ដែលចេញពីរង្វង់មូលតោពីរ មានផ្លូវ៦ខ្សែ ហើយយើងបានធ្វើការអភិវឌ្ឍបានចំនួន៥ខ្សែហើយ។ ចំពោះមុខរដ្ឋបាលខេត្តនឹងស្ថាបនាផ្លូវ២០០ ដោយពង្រីកទៅតាមទំហំនៅក្នុងប្លង់ជាលក្ខណៈប្រព័ន្ធ ដើម្បីកែលម្អសោភ័ណភាពផ្លូវនេះ ដោយសារវាស្ថិតនៅជាប់នឹងរបង មន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ ដែលអាចសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនអ្នកជំងឺបានលឿនឆាប់រហ័ស ករណីមានការសង្គ្រោះបន្ទាន់ផងដែរ។
លោកបន្តថា “ថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតិឱ្យសាងសង់មន្ទីរពិសោធន៍វិជ្ជសាស្ត្រ នៅក្នុងមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុនេះ ដើម្បីធ្វើការវិភាគរកវីរុសកូវីដ-១៩ ឬវិភាគជំងឺឆ្លងផ្សេងទៀត ហើយអាចគ្រោងនឹងបើកឱ្យដំណើរការនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ខាងមុខ” ។
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានឱ្យដឹងថា ផ្លូវលេខ២០០ មានទីតាំងស្ថិនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋធ្វើការសាងសាង់សំណង់រំលោភ លើដីចំណីផ្លូវមានចំនួន១២៨ខ្នងផ្ទះ ស្នើនឹង១៥៣គ្រួសារ ក្នុងនោះប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ មានចំនួន២៥គ្រួសារ ផ្ទះជួល៣៥គ្រួសារ ផ្ទះបិទទ្វារចោល៥៩ខ្នងផ្ទះ ផ្ទះលក់ឱ្យជនបរទេសចំនួន៣ខ្នង ដីទំនេរចំនួន២ឡូតិ៍ សំណង់គ្រោងដែក២ និងសំណង់បេតុង២៕