ដោយ ហ្សូលី
ភ្នំពេញ៖ ខេត្តកោះកុងជាខេត្តជាប់មាត់សមុទ្រមួយដែលមានសក្តានុពលទៅលើវិស័យជាច្រើន ដែលវិនិយោគិនមួយចំនួនអាចក្រឡេកមើលលើចំនុចខ្លះមកពិចារណា មុននឹងដាក់ចិត្តវិនិយោគ ក្រោមហេតុផលចំនួន ៣។
សក្តានុពលទេសចរណ៍ខ្ពស់
បើប្រៀបធៀបក្នុងខេត្តជាប់មាត់សមុទ្រទាំង ៤ ដូចជា ព្រះសីហនុ កំពត កែប ខេត្តកោះកុងជាខេត្តដែលមានឆ្នេរសមុទ្រវែងជាងគេសរុប ៤៤០គីឡូម៉ែត្រ ហើយជាខេត្តដែលកោះធំជាងគេបំផុតមានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ មានទឹកជ្រោះ ១០កន្លែង សាកសមអាចវិនិយោគជាកន្លែងទេសចរណ៍ និងទាក់ទាញភ្ញៀវជាតិ-អន្តរជាតិមកកម្សាន្ត។
ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់
ក្រោយផ្លូវជាតិលេខ ៤៨ ត្រូវបានស្ថាបនារួចនឹងធ្វើឲ្យខេត្តសមុទ្រមានព្រំដែនគោកតភ្ជាប់ជាមួយប្រទេសថៃនេះមានការអភិវឌ្ឍកាន់តែខ្លាំង និងក្លាយជាឋានសួគ៌សម្រាប់ភ្ញៀវទេសចរចូលចិត្តធម្មជាតិ។ ក្រៅពីនេះ កោះកុងក៏មានស្ពានកោះកុងប្រវែង ១៩០០ ម៉ែត្រ ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០០២ តភ្ជាប់ទៅច្រកចាំយាម ព្រំដែនខ្មែរ-ថៃ ជាស្ពានឆ្លងសមុទ្រវែងជាងគេនៅក្នុងប្រទេសកម្ពុជា។
មានគម្រោងវិនិយោគធំៗ
កាលពីថ្មីៗនេះ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បាននិងកំពុងបម្រុងទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀតស្ថិតនៅទីតាំងរួមគ្នាក្នុងតំបន់ឧទ្យានបុទុមសាគរ ខេត្តកោះកុង។ មន្ត្រីជំនាញពាក់ព័ន្ធថ្នាក់ខេត្តបានបើកកិច្ចប្រជុំពិភាក្សាសិក្សាលម្អិតអំពីទីតាំង ដែលក្រុមហ៊ុន Royal Group Co., Ltd បានស្នើសុំក្នុងឧទ្យានជាតិបូទុមសាគរ ភូមិសាស្ត្រ ឃុំតានូន និងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។
ទន្ទឹមនេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ធ្លាប់បានឱ្យដឹងថា នៅពេលណាលំហូរវិនិយោគបរទេសចូលមកកាន់ខេត្តកោះកុងនេះកាន់តែច្រើន នឹងជំរុញឱ្យមានចរន្តនៃ ការទិញលក់ដីធ្លីកាន់តែច្រើនហើយតម្លៃដីក៏មានតម្លៃថ្លៃដូចខេត្តព្រះសីហនុផងដែរ៕