សំណង់​ប្រកប​អាជីវកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​កែប​មិនមាន​ច្បាប់​អាច​ប្រឈមនឹង​ការផ្អាក​អាជីវកម្ម

0

ដោយ ហ្សូ​លី

កែបៈ មន្ទីរ​ក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់​ខេត្ត​កែប នឹង​ចាប់ផ្តើម​ចាត់វិធានការ​តឹងរឹង​ទៅលើ សំណង់​សម្រាប់​អាជីវកម្ម​ទេសចរណ៍ ដែល​សាងសង់​គ្មាន​ច្បាប់​ត្រូវគោរព​ច្បាប់​ឲ្យ​បាន​គ្រប់គ្នា។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប លោក សោម ពិសិដ្ឋ បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ គណៈកម្មការ​រដ្ឋបាល​ពិនិត្យ ពិភាក្សា​លើ​លទ្ធផល​នៃ​ការវាស់វែង​ដីធ្លី​ចុះបញ្ជី​ជា​លក្ខណៈ​ប្រព័ន្ធ នៅ​ភូមិ​កោះ​សោម ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប កាលពី​រសៀល​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមក ដោយបាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ជាពិសេស​អាជ្ញាធរ​ក្រុង-ស្រុក ត្រូវ​ចុះ​ត្រួតពិនិត្យ​ឡើងវិញ​នៅផ្ទះ​សំណាក់ សណ្ឋាគារ បឹង​កា​ឡូ មិនមាន​ច្បាប់​នានា ដែល​កំពុង​ធ្វើ​អាជីវកម្ម ដោយ​ត្រូវ​ជូនដំណឹង​ឲ្យ​ម្ចាស់​សំណង់​បានដឹងថា បើ​នៅ​រឹងទទឹង​មិន​គោរព​តាមច្បាប់ នឹងត្រូវ​ផ្អាក​អាជីវកម្ម​តែម្តង។

លោក​បញ្ជាក់ថា “បច្ចុប្បន្ននេះ​ផ្ទះសំណាក់ សណ្ឋាគារ​មាន​រាប់រយ​កន្លែង យើង​មិនអាច​ចាំបាន​អស់នោះ​ទេ ដូចនេះ​ការជំរុញ​ឲ្យ​ពួកគាត់ គោរព​តាមច្បាប់​ទម្លាប់​នានា គឺ​ផ្តល់​ភាពងាយស្រួល​សម្រាប់​អាជ្ញាធរ​ក្នុងការ​គ្រប់គ្រង” ។

អភិបាលខេត្ត​រូបនេះ​បន្តថា លោក​មិន​តឹងតែង​ទេ ចំពោះ​អ្នក​ដែល​ចង់​មក​អភិវឌ្ឍន៍ តែ​ត្រូវមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ និង​ធ្វើ​ដោយ​ប្រាកដប្រជា។ លោក​ថា លោក​ក៏​មិន​ចង់ទុក​ឲ្យ​ទីតាំង​មួយ​នៅ​ទំនេរ ដោយ​មិន​ផ្តល់​ផល​អី​សោះ​ដល់​ពលរដ្ឋ​ក្នុង​តំបន់​នោះទេ។ ដូចនេះ​ត្រូវ​ចាត់ចែង​អភិវឌ្ឍន៍ ដោយ​ប្រៀបធៀប​សេដ្ឋកិច្ច ជីវភាព​ប្រជាជន ចំពោះ​ទីតាំង​ដែល​ត្រូវ​អភិវឌ្ឍន៍ តើ​ផ្តល់​ផល​អ្វីខ្លះ​ឲ្យ​ពលរដ្ឋ បើ​យើង​ទុក​កន្លែង​នោះ​ឲ្យ​នៅ​ទំនេរ។

លោក​បាន​លើក​ឧទាហរណ៍ ករណី​រំលោភ​យក​ដី​គម្រប​ព្រៃឈើ សហគមន៍​អ្នកតា​ឈរ នៅ​តំបន់ភ្នំ​វ​ល្លិ៍ ហើយ​សង់​បឹង​កា​ឡូ​នៅលើ​នោះ ដោយ​លោក​អភិបាលខេត្ត បានដាក់​ជា​សំណួរ​ថា ពេលនេះ​អង្ករ​ក្លាយទៅជា​បាយ​ទៅហើយ តើ​ត្រូវ​វាយកម្ទេច​ចោល ឬ​យ៉ាងណា?

លោក​អភិបាលខេត្ត​កែប ចោទ​សួរថា “តើ​យើង​ចង់បាន​ការអភិវឌ្ឍរ​ក្សា អភិរក្ស​ឬក៏​អភិរក្ស​គាំទ្រ​នូវ​ការអភិវឌ្ឍ?” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here