វិស័យថ្មីមួយទៀតនឹងជម្រុញកំណើនសេដ្ឋកិច្ច និងនាំវិបុលភាពសម្រាប់កម្ពុជា

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ វិស័យថ្មីមួយទៀត នឹងជាកំលាំងចលករសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត តាមរយៈការចាក់ចូលបន្ថែមនូវមូលធន ដល់សេដ្ឋកិច្ចកម្ពុជានាពេលអនាគត ខណៈវិស័យចំនួ​ន​៤កំពុងសម្រេចបានកំណើនដ៏ប្រសើររួចទៅហើយនោះ។

វិស័យថ្មីដែលនឹងជាកំលាំងចលករជម្រុញកំណើនសេដ្ឋកិច្ច នោះគឺវិស័យរ៉ែ និងថាមពលកម្ពុជា ដោយកម្ពុជានឹងទទួលបានតំណក់ប្រេងលើកដំបូងនៅឆ្នាំ២០១៩ និងរ៉ែ​មាស ដែលកម្ពុជានឹងទទួលបានផលនៅឆ្នាំ២០១៩ផងដែរ។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានអះអាងកាលពីពេលថ្មីៗនេះថា កម្ពុជានឹងទទួលបានដំណក់ប្រេងលើកតំបូងនៅឆ្នាំ២០១៩ខាងមុខ ជាមួយនេះក្រុមហ៊ុនអ​ន្តរជាតិមួយ ក៏នឹងចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាស នៅឆ្នាំ២០១៩ផងដែរ។

តាមរយៈការចុះកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងក្រុមហ៊ុន KRISENERNY កាលពីពេលថ្មីៗនេះបានឲ្យដឹងថា កម្ពុជាអាចទទួលបានចំណូលប្រមាណ៥០០លានដុល្លារក្នុងមួយឆ្នាំ ពីធនធានរ៉ែរបស់ខ្លួននៅតំបន់ប្លុកអេ ខណៈរដ្ឋាភិបាលក៏បានផ្តល់សិទ្ឋដល់ក្រុមហ៊ុនវៀតណាម ដើម្បីធ្វើការស្រាវជ្រាវរកធនធានប្រេងកាត នៅប្លុកអប្សរាថ្មីមួយផងដែរ។

ជាមួយនឹងកំណើនទុនបម្រុងអន្តរជាតិ និងចំណូលចរន្តប្រចាំឆ្នាំរបស់ខ្លួន វាច្បា​ស់លាស់ហើយថា រដ្ឋាភិបាលនឹងមានលទ្ឋភាពចំណាយកាន់តែច្រើន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ខ្លួន តាមរយៈការដំឡើងប្រាក់ខែជូនមន្រ្តីរាជការ ការផ្តល់សេវាគាំពារសង្គមដល់ស្រ្តីក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរ ដែលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀលសម្រាប់កូនទោល ៨០ម៉ឺនរៀលសម្រាប់កូនភ្លោះពីរ និង១,២លានរៀលសម្រាប់កូនភ្លោះបី ព្រមទាំងផ្តល់សេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃដល់ស្រ្តីក្នុងវិស័យខាងលើនេះ និងមន្រ្តីរាជការមួយចំនួនទៀត។

ថ្មីៗនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានប្រកាសថា រដ្ឋាភិបាលនឹងបង្កើនការចំណាយពី២៣ដល់២៥ភាគរយ នៃផលទុនជាតិសរុបរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជានៅឆ្នាំ២០១៩ខាងមុខ។

ការឆ្ពោះ និងគោលដៅរុញកម្ពុជាទៅកាន់ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ពិតជាផ្តើមចេញពីមូលដ្ឋានទាំងនេះ ដើម្បីអាចសម្រេចបាននូវគោល​ដៅប្រកបដោយមហិច្ឆតារបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here