អចលនទ្រព្យនៅខេត្តកោះកុងកើនតម្លៃ ស្របពេលគម្រោងផ្លូវជាតិលេខ១០ កំពុងស្ថាបនាយ៉ាងសកម្ម

0

ដោយ ៖ ហ្សូលី

ភ្នំពេញ ៖ ខេត្តកោះកុងដែលជាខេត្តជាប់មាត់សមុទ្រមួយក្នុងចំណោម៤ ថ្មីៗនេះហាក់រីកមុខរីកមាត់ចំពោះគម្រោងវិនិយោគខ្នាតធំៗជាច្រើន ដែលជាហេតុបណ្តាលឱ្យតម្លៃអចលនទ្រព្យក្នុងខេត្តចាប់ផ្តើមកើនតម្លៃ ស្របពេលផ្លូវជាតិលេខ១០ស្ថិតក្នុងតំណាក់កាលសាងសង់។

មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តកោះកុង លោក ហ៊ាង ប៊ុណ្ណា បានមានប្រសាសន៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ការអភិវឌ្ឍលើវិស័យដីធ្លី បច្ចុប្បន្ន កំពុងពង្រីកវិសាលភាពខ្លាំងក្លាគួរឲ្យព្រួយបារម្ភ ខណៈម្ចាស់អាជីកម្មមួយចំនួននៅពុំទាន់រត់ការច្បាប់មកដល់ដៃមន្ទីរនៅឡើយ។

លោកបន្តថា និយាយឱ្យចំគម្រោងធ្វើឡើង និងទទួលស្គាល់ត្រឹមភូមិ ឃុំ-សង្កាត់ និងក្រុងតែប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណា ការលក់-ទិញ នៅតែមានដំណើរការបានដោយរលូន ពុំមានបញ្ហាទំនាស់អ្វីធំដុំកើតឡើងនោះឡើយ។ អ្នកវិនិយោគមានក្តីរំពឹងថា តម្លៃដីនឹងមានការហក់ឡើងទ្វេដង នៅពេលរាជរដ្ឋាភិបាលសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១០ ពីខេត្តបាត់ដំបង មកខេត្តកោះកុង។

ចលនានៃការទិញលក់ដីធ្លីនៅក្នុងខេត្តជាប់ឆ្នេរសមុទ្រ នាទិសនិរតីនៃប្រទេសកម្ពុជានេះកំពុងមានភាពផុសផុលគួរឲ្យកត់សម្គាល់។ កត្តាដែលធ្វើឲ្យវិស័យអចលនទ្រព្យកាន់តែរីកដុះដាលខ្លាំងឡើងៗនាពេលនេះ អាស្រ័យដោយកំណើនប្រជាជន ហើយភាគច្រើនមានការងារធ្វើ និងមានមុខរបរ ជាពិសេសគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏ដូចជាគម្រោងវិនិយោគធំៗពីបណ្តាក្រុមហ៊ុនក្នុងស្រុក និងបរទេស មកកាន់ទឹកដីតំបន់ឆ្នេរមួយនេះកាន់តែច្រើន។

ការរីកចម្រើនយ៉ាងឆាប់រហ័សនេះហើយ បានធ្វើឲ្យខេត្តកោះកុង កំពុងមានកង្វះខាត ផ្ទះជួល សម្រាប់ឲ្យកម្មករ និយោជិតជួលស្នាក់នៅ ខណៈចំនួនអ្នកមានការងារធ្វើកាន់តែមានចំនួនច្រើនឡើង ហើយពួកគេទាំងនោះភាគច្រើនពុំមានលទ្ធភាពទិញផ្ទះ និងដីជាទ្រង់ទ្រាយធំបានឡើយ។ ចំណែកសេវាកម្មសម្រាប់ទទួលភ្ញៀវទេសចរនៅមានកម្រិត ហើយផ្ទះសំណាក់ និងសណ្ឋាគារនៅមិនទាន់អាចបម្រើតាមសេចក្តីត្រូវការបានគ្រប់គ្រាន់ដល់ភ្ញៀវទេសចរនៅឡើយនៅក្នុងរដូវសំបូរភ្ញៀវ។

ខេត្តដែលនៅជាប់តំបន់ឆ្នេរសមុទ្រចំនួន៤រួមមាន ខេត្តព្រះសីហនុ កំពត កោះកុង និងកែប ដែលត្រូវបានគេទទួលស្គាល់ថា តម្លៃដីធ្លីនៅទីនោះពិតជាមានតម្លៃថ្លៃ និងហក់ឡើងជាបន្តបន្ទាប់។ ចំណែកខេត្តកោះកុងវិញក៏រំពឹងថាតម្លៃដីធ្លីក៏នឹងហក់ឡើងខ្លាំងនាពេលខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here