ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន AEON ដែលជាក្រុមហ៊ុនផ្សារទំនើប របស់ប្រទេសជ៉ុន តាមយៈ មូលនិធិរបស់ខ្លួន AEON 1% Club Foundation បានសម្រេចផ្តល់ថវិកាជាង ៣៣,៦៦លានយ៉េន ដល់ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ដើម្បីជួយដល់វិស័យទឹកស្អាត។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅក្នុងប្រទេសជប៉ុន បានឱ្យដឹងនៅល្ងាចថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះថា មឯកអគ្គរាជទូតបានចូលរួមធ្វើជាសាក្សីក្នុងពិធីប្រគល់ថវិកាចំនួនជាង ៣៣,៦៦លានយ៉េន ពីមូលនិធិ AEON 1% Club Foundation ជូនតំណាងគណៈកម្មាធិការ UNICEF ជប៉ុន ដើម្បីយកទៅជួយវិស័យទឹកស្អាតនៅកម្ពុជា និងមីយ៉ាន់ម៉ា។
ស្ថានទូតកម្ពុជាបញ្ជាក់ថា ថវិកានេះនឹងត្រូវបែងចែកពីរស្មើគ្នា ៥០-៥០ សម្រាប់ប្រទសទាំងពីរ ខណៈក្រុមហ៊ុននេះ បានបោះទុនវិនិយោគផ្សារទំនើបនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជាមាន ៣ទីតាំងផ្សារទំនើបរួមមានផ្សារទំនើប AEON Mall Phnom Penh ផ្សារទំនើប AEON MALL Sen Sok និងផ្សារទំនើប AEON MALL Meanchey មានទីតាំងស្ថិតក្នុងតំបន់អភិវឌ្ឍន៍នៃទីក្រុងរណប ING CITY ។
ផ្សារទំនើបទី៣របស់ក្រុមហ៊ុន AEON គឺនឹងមានផ្ទៃក្រឡាសរុបរហូតដល់ទៅ ១៧៤០០០ ម៉ែត្រការ៉េ ដែលនេះគឺធំជាងផលបូកផ្ទៃក្រឡាផ្សារទំនើប AEON ទី១ (៦៨០០០ ម៉ែត្រការ៉េ) និងផ្សារទំនើប AEON ២ សែនសុខ (១០០០០០ ម៉ែត្រការ៉េ) ដែលទំហំសរុបមានត្រឹមតែ ១៦៨០០០ម៉ែត្រការ៉េ។
ទន្ទឹមនឹងនេះដែរ ផ្សារទំនើបទី៣របស់ AEON ដែលមានទីតាំងតាមបណ្តោយផ្លូវ៦០ម៉ែត្រឬមហាវិថីសម្តេចតេជោ ហ៊ុន សែនមួយនេះគឺនឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២៣ខាងមុខនេះ។
បន្ទាប់ពីទទួលបានជោគជ័យនៅកម្ពុជា ក្រុមហ៊ុន Aeon Mall គ្រោងនឹងបើកការដ្ឋានសាងសង់ផ្សារទំនើប Aeon ដំបូងបង្អស់ នៅទីក្រុងយ៉ាងហ្គោន ប្រទេសមីយ៉ាន់ម៉ា នៅដើមឆ្នាំ២០២១ នេះ ក្រោមទុនវិនិយោគប្រមាណ ១៨០លានដុល្លារអាមេរិក។
ផ្សារទំនើបនេះ ស្ថិតក្រោមការវិនិយោគនៃក្រុមហ៊ុនពីរួមគ្នាគឺ ក្រុមហ៊ុន Aeon Mall និងក្រុមហ៊ុន Shwe Taung ដោយនឹងសាងសង់ស្ថិតលើផ្ទៃដីទំហំ ៧២ ០០០ ម៉ែត្រការ៉េ ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៣ខាងមុខនេះ។

ក្រុមហ៊ុន Aeon ជាក្រុមហ៊ុនវិយោគដ៏ំធំរបស់ជប៉ុន មានទីផ្សារធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានសាខាចំនួន ៥ កន្លែងនៅប្រទេសវៀតណាម ៣កន្លែងនៅកម្ពុជា ខណៈមួយទៀត កំពុងសាងសង់ និង២ កន្លែងនៅឥណ្ឌូនេស៊ី ជាមួយនឹងប្រាក់ចំណេញប្រមាណ ៣៧២ លានដុល្លារអាមេរិក៕






