ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ថិតនៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២០នេះ ទោះជាមានភាពប្រឈមទៅនឹងវិបត្តិជំងឺ Covid-19 ដែលកំពុងគំរាមកំហែងរាតត្បាតនៅក្នុងសហគមន៍នៅពេលនេះក៏ដោយ ប៉ុន្តែតម្លៃអចលនវត្ថុនៅលើទីផ្សារត្រូវបានប្រតិបត្តិករអះអាងបញ្ជាក់ថា នៅតែរក្សាភាពថេរដដែលមិនមានការធ្លាក់ចុះនោះទេបើធៀបទៅនឹងកាលពីដើមឆ្នាំ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ EASY Property Investment លោក ម៉ម សិរីបញ្ញា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះថា ទោះជាស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមនឹងការគំរាមកំហែងពីវិបត្តិដែលកំពុងកើតមានក្ដី សម្រាប់តម្លៃអចលនវត្ថុ រួមមានទាំងផ្នែកដីធ្លី និងផ្នែកសំណង់លំនៅដ្ឋានគឺមិនមានការធ្លាក់ចុះនោះទេ លើកលែងចំពោះម្ចាស់អចលនវត្ថុមួយចំនួនតូចដែលមានបញ្ហាចរន្តសាច់ប្រាក់ ដែលត្រូវបង្ខំចិត្តលក់ក្នុងតម្លៃទាបជាងទីផ្សារ។
លោក ម៉ម សិរីបញ្ញា បានអះអាងទៀតថា “តម្លៃអចលនវត្ថុងាយនឹងឡើងនៅពេលដែលស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ មានសកម្មភាពនៃការអភិវឌ្ឍន៍ក្នុងវិស័យសំណង់ ប៉ុន្តែមិនងាយធ្លាក់ចុះនោះទេ គឺមានតែស្ថិតនៅក្នុងសភាពទ្រឹង ឬឡើងតិចតួចបន្ថែមទៀត ជាក់ស្ដែងជារៀងរាល់ឆ្នាំទាំងតម្លៃដី ទាំងតម្លៃសំណង់លំនៅដ្ឋាននានាតែមានកំណើនជានិច្ច”។
លោកបញ្ជាក់ថា “បើនិយាយពីទីផ្សារអចលនទ្រព្យ នៅពេលដែលមានវិបត្តិអ្វីមួយកើតឡើង វាបានប្រែក្លាយទៅជាឱកាសសម្រាប់អ្នកវិនិយោគដែលមានធនធានគ្រប់គ្រាន់ទិញទុកលក់បន្តយកចំណេញក្រោយពេលវិបត្តិត្រូវបានបញ្ចប់។ ជាក់ស្ដែងដូចជាពេលនេះដែលស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងវិបត្តិជំងឺឆ្លង សម្រាប់តម្លៃអចលនវត្ថុទូទៅនៅលើទៅផ្សារគឺមិនមានធ្លាក់ចុះនោះទេ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាផ្នែកលំហូរសាច់ប្រាក់ ឬជាប់បំណុលធនាគារ អាចដាក់លក់អចលនវត្ថុរបស់ខ្លួនក្នុងតម្លៃទាបជាងទីផ្សារ ដែលរូបភាពបែបនេះគឺបានផ្តល់ឱកាសសម្រាប់អ្នកដែលមានធនធានគ្រប់គ្រាន់ទិញទុកលក់យកចំណេញ”។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate Co.,Ltd លោក វិន ឈុនហ៊ាត ដែលមានគម្រោងដីឡូតិ៍ជាច្រើនទីតាំអ និងគម្រោងបណ្តុំលំនៅដ្ឋាននៅក្នុងដៃបានទទួលស្គាល់ថា មួយរយៈចុងក្រោយនេះការទិញ-លក់អចលនវត្ថុពិតជាមានភាពថមថយមែន ប៉ុន្តសម្រាប់តម្លៃគឺនៅតែរក្សាសភាពដដែលមិនមានការធ្លាក់ចុះនោះទេ។
លោកបានបញ្ជាក់ថា “សម្រាប់តែដីដែលស្ថិតនៅតាមតំបន់ជាយក្រុងគឺនៅតែរក្សាតម្លៃខ្ពស់។ ប្រសើនបើស្ថិតនៅជាប់ផ្លូវជាតិ ឬផ្លូវធំ មួយឡូតិ៍មានតម្លៃមិនក្រោម២៥០០០ដុល្លារនោះទេ ខណៈដែលតម្លៃលំនៅដ្ឋានកម្រិតមធ្យមត្រូវបានដាក់លក់ចាប់ពីជាង៧ម៉ឺនដុល្លារក្នុងមួយខ្នង។ ដោយឡែកសម្រាប់ដីឡូតិ៍ដែលស្ថិតឆ្ងាយពីជាយក្រុង ឬ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ យ៉ាងហោចណាស់ក៏មានតម្លៃចាប់ពី៦០០០ដុល្លារឡើងទៅ ឬលើសនេះ អាស្រ័យទៅតាមតាមតំបន់”។
ជាមួយនឹងការបញ្ជាក់ពីតម្លៃអចលនវត្ថុខាងលើនេះ លោកបានបង្ហាញពីភាពជឿជាក់ថា នៅឆ្នាំ២០២១ខាងមុខ ទាំងតម្លៃដី និងតម្លៃលំនៅដ្ឋាន នឹងបន្តឡើងថ្លៃ ជាពិសេសក្រោយពេលវិបត្តិនៃជំងឺឆ្លងត្រូវបានទប់ស្កាត់បានជោគជ័យ ខណៈដែលដំណឹងល្អនៃការចែកចាយថ្នាំបង្ការត្រូវបានបណ្តាប្រទេសធំៗចាប់ផ្តើមធ្វើការចែចាយ៕