ដោយៈ រ៉ាណេត
កំពតៈ គម្រោងអភិវឌ្ឍន៍តំបន់កម្សាន្ត និងលំហែរកម្រិតខ្ពស់ប្រចាំខេត្ត “កំពតឋានសួគ៌” ក្រោមទុនវិនិយោគជាច្រើនលានដុល្លារ ដែលគ្រោងបើកដំណើរជាផ្លូវការនៅត្រឹមថ្ងៃទី១ខែមករា ឆ្នាំ២០២០ឆាប់ៗខាងមុខនេះ កាន់តែបង្កើនភាពទាក់ទាញយ៉ាងខ្លាំងជាមួយនឹងសួនចំការផ្កាឈូករ័ត្នដ៏ធំល្វឹងល្វើយ មិនធ្លាប់មានពីមុនមកបន្ថែមពីលើតំបន់កម្សាន្ត និងលំហែរជាច្រើនកន្លែងទៀត។
លោកឧកញ៉ានួន អក ម្ចាស់អភិវឌ្ឈន៍គំរោងនេះបានមានប្រសាសន៍នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះថា ស្ថិតនៅក្នុងដំណាក់កាលដំបូង នៃការអភិវឌ្ឍជាទីកម្សាន្តកម្រិតខ្ពស់ប្រចាំខេត្ត បច្ចុប្បន្នក្រុមការងារជំនាញបាន និងកំពុងរៀបចំនូវទីតាំងកម្សាន្តប្លែកៗជាច្រើន ដែលក្នុងនោះរួមមានដូចជាទីតាំងជិះទូកកម្សាន្តតាមមាត់ព្រែក កន្លែងថតរូបអនុស្សាវរីយ៍ តំបន់សួនផ្កាចំរុះ ជាពិសេសសួនផ្កាឈូករ័ត្នដ៏ធំល្វឹងល្វើយលើកដំបូងប្រចាំខេត្តកំពតដែលកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង។
លោកឧកញ៉ាបានបន្តថា “តាមរយៈភាពល្អប្រសើរនៃកត្តាភូមិសាស្ត្រ ជាពិសេសភាពអំណោយផលពីធម្មជាតិ ទៅលើវិស័យទេសចរណ៍ ខ្ញុំជឿជាក់ថានៅថ្ងៃអនាគតខាងមុខដ៏ខ្លីនេះ ខេត្តកំពតនឹងទាក់ទាញទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនជាក់ជាមិនខាន ខណៈដែលបច្ចុប្បន្ននេះមានអ្នកវិនិយោគ និងអភិវឌ្ឍន៍ជាច្រើនចំណាយដើមទុនជាច្រើនលានដុល្លារលើការវិនិយោគ និងកែច្នៃជាតំបន់កម្សាន្តបែបធម្មជាតិជាច្រើនទីតាំង” ។
គម្រោងអភិវឌ្ឍន៍ដែលស្ថិតនៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពតមួយនេះគឺមានទំហំធំធេង និងត្រូវបានបែងចែកជាតំបន់កម្សាន្តផ្សេងៗគ្នាជាច្រើន មិនតិចជាង៥នោះទេ ដូចជា តំបន់កម្សាន្តសួនផ្កាឈូករ័ត្ន តំបន់កម្សាន្ត និងលំហែរព្រៃកោងកាង ព្រៃអំពិលអំពែក ភោជនីយដ្ឋាន តំបន់ផ្ទះលំហែរ និងសណ្ឋាគារ ដែលនៅថ្ងៃអនាគត អាចសាងសង់រហូតដល់ប្រមាណ១០០០បន្ទប់។
លោកឧកញ៉ានួន អកបានបញ្ជាក់ថា “ជាគោលដៅនៃភាពជោគជ័យរបស់គម្រោងគឺការប្រមូលផ្តុំនូវមនុស្ស ឱ្យទៅរស់នៅក្នុងតំបន់ដ៏ស្រស់ស្អាតមួយនេះ ឱ្យបានកាន់តែច្រើន រួមជាមួយនឹងការបង្កើតជាទីប្រជុំជន ដែលក្រៅពីជាតំបន់កម្សាន្ត ថែមទាំងអាចអនុញ្ញាតឱ្យបងប្អូនប្រជាជនមានការងារធ្វើ កាត់បន្ថយការចំនាកស្រុក ហើយអាចផ្តល់ប្រាក់ចំណូលចូលគ្រួសារ យ៉ាងហោចណាស់១០០០ដុល្លារក្នុងមួយខែ ក៏ដូចជាអាចផ្តល់ចំណូលដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ”។
នៅក្នុងគំរោងដ៏ធំទីនេះ ត្រូវបានហ៊ុព័ទ្ធ ទៅដោយខ្សែទឹកសមុទ្រទាំងរដូវប្រាំង ទាំងរដូវវស្សា មានហ្វូងសត្វស្លាបទឹក ជាពិសេសមានដើមរុក្ខជាតិ ព្រៃកោងកាងនៅជុំយ៉ាងស្រស់ស្អាត ដែលនៅពេលអនាគត កំពតឋាន អាចនឹងកា្លយជាតំបន់ទេសចរណ៍ឈានមុខគេ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ ក៏ដូចជាផ្តល់ការងារជូនដល់ប្រជាពលរដ្ឋទូទៅប្រមាណ១០០០នាក់ ខណៈដែលគម្រោងដ៏អស្ចារ្យប្រចាំ ខេត្តកំពតមួយនេះ នឹងបើកសម្ពោធដំណើរការជាផ្លូវការនៅត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ៕