ដោយៈសុខុម
អន្តរជាតិៈក្រុមហ៊ុនថៃធំៗចំនួន៤ រួមមានក្រុមហ៊ុន B.Grimm Group ក្រុមហ៊ុន Amata Corporation ក្រុមហ៊ុន PTT និងក្រុមហ៊ុន Global Power Synergy បានចុះកិច្ចព្រមព្រៀងលើ គម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មខ្នាតយក្សមួយ លើផ្ទៃដីរហូតដល់ទៅ ៨០០គីឡូម៉ែត្រការ៉េក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកហារ៉ល លីង (Harald Link) ប្រធានក្រុមហ៊ុន B.Grimm បានថ្លែងថា តាមការរំពឹងទុក អនុស្សរណៈនៃការយោគយល់ (MoU) មួយអាចនឹងត្រូវចុះហត្ថលេខានៅដើមឆ្នាំ២០២១ ដ៏ខ្លីខាងមុខ។
លោកបានបន្តថា “តួនាទីសំខាន់របស់ក្រុមហ៊ុន B.Grimm នៅក្នុងការចាប់ដៃសហការនេះ គឺដំណើរការរោងចក្រផលិតថាមពលអគ្គិសនីមួយ នៅក្នុងសួនឧស្សាហកម្មនេះ សម្រាប់ផ្គត់ផ្គង់ ដល់សួនឧស្សាហកម្មនេះទាំងមូល ហើយសល់ប៉ុន្មានលក់ទៅឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា” ។
ទោះជាយ៉ាងណា លោកមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀត ទាក់ទិននឹងគម្រោងអភិវឌ្ឍន៍ខ្នាតយក្សនេះឡើយ។
លោកលើកឡើងថា អាជីវកម្មផលិតថាមពលអគ្គិសនីរបស់ក្រុមហ៊ុន B.Grimm Group នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការស្វែងរកប្រាក់ចំណូល ក្នុងរយៈពេល៨ ឆ្នាំបន្ទាប់ ដោយកំណត់គោលដៅប្រាក់ចំណូល សរុបរហូតដល់ទៅ១៥០ពាន់លានបាត (ប្រមាណ ៥ ពាន់លានដុល្លារ) នៅត្រឹមឆ្នាំ២០២៨ ។
នៅឆ្នាំនេចំនួន ៧០% នៃប្រាក់ចំណូលប៉ាន់ស្មានសរុបរបស់ក្រុមហ៊ុននេះ (៦០ ពាន់លានបាត ឬប្រមាណ២ពាន់លានដុល្លារ) បានពីក្រុមហ៊ុនផលិតថាមពលអគ្គិសនី B.Grimm Power Plc. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។
ក្រុមហ៊ុន B.Grimm ដំណើរការអាជីវកម្មថាមពលអគ្គិសនី ដែលមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីសរុប ៣.០១៩ មេហ្គាវ៉ាត់នៅក្នុងប្រទេសជាច្រើន រួមមាន ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ដែលចែកចាយបន្តមកប្រទេសកម្ពុជាយើងផងដែរ៕