ចំណេះដឹង! អ្វី​ជា​ទំនិញ​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម?

0

ដោយ​វុត្ថា

ភ្នំពេញៈ ទំនិញ​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម គឺជា​ទំនិញ​ដែល​ត្រូវបាន​នាំចូល​ម្តងម្កាល​ដោយ​អ្នកដំណើរ ឬ​ត្រូវបាន នាំចូល​ដោយ​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​ជា​អចិន្ត្រៃយ៍​ក្នុង​តំបន់​ព្រំដែន សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ឬ ប្រើប្រាស់​ក្នុង​តំបន់​ព្រំដែន។

យោងតាម​ឯកសារ​របស់ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បញ្ជាក់ថា ការ​នាំចូល​ទំនិញ​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​ត្រូវ​អនុវត្តន៍​ដូចជា ទី១  ការនាំ​ចូល​ម្តងម្កាល​របស់​អ្នក​ដំំ​ណើ​រ ដែល​ត្រូវ​ចាត់ទុកថា​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម ត្រូវបំពេញ បែបបទ​គយ​តាមច្បាប់​ជា​ធរមាន ដោយ​ត្រូវ​បង្ហាញ​នូវ​លិខិតឆ្លងដែន ដែលមាន​បញ្ជាក់​ពី​ការចេញ-ចូល​ប្រទេស​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ច្រកទ្វារ ហើយ​ត្រូវ​ប្រថាប់ត្រា ឬ​សរសេរ​លើ​បង្កាន់ដៃ​ពន្ធ​ថា “គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម-សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន” និង​ពុំ​ចាំបាច់ បិទ​ត្រា​គយ​ឡើយ។

ក្នុងករណី ដែល​អ្នកដំណើរ​ម្តងម្កាល​នោះ អ្នក​នាំចូល​ទំនិញ​ហើយ​ប្រកាសថា មាន​លក្ខណៈ​ពាណិជ្ជកម្ម​សម្រាប់ធ្វើ​អាជីវកម្ម ការកំណត់​តម្លៃ​គិត​ពន្ធគយ​ត្រូវ​បូក​បន្ថែម២០ ភាគរយ លើ​តម្លៃ​គិត​ពន្ធគយ​ជា​ធរមាន និង​ត្រូវ​ប្រថាប់ត្រា​ឬ​សរសេរ លើ​បង្កាន់ដៃ​ពន្ធ​ថា “មាន​លក្ខណៈ​ពាណិជ្ជកម្ម” ហើយ​ត្រូវ​បិទ​ត្រា​គយ​ជូន ប្រសិនបើ​មុខទំនិញ​នោះ​ស្ថិតក្រោម​ប្រព័ន្ធ ត្រា​គយ ដើម្បី អាច​ចរាចរ​លើ​ទីផ្សារ​បាន។

ទី២  ចំពោះ​ការនាំ​ចូល​របស់​ប្រជាជន ដែលមាន​លំនៅដ្ឋាន​ជា​អចិន្ត្រៃយ៍​ក្នុង​តំបន់​ព្រំដែន ត្រូវបំពេញ បែបបទ​គយ​តាម​ការកំណត់​ជា​ធរមាន ហើយ​ត្រូវ​ប្រថាប់ត្រា​ឬ​សរសេរ​លើ​បង្កាន់ដៃ​ពន្ធ​ថា “សម្រាប់​ចរាចរ​ក្នុង​តំបន់​ព្រំដែន” ។ ប្រជាជន​តំបន់​ព្រំដែន ដែល​ធ្វើ​អាជីវកម្ម​នាំចេញ-នាំចូល​ទំនិញ មាន​លក្ខណៈ​ពាណិជ្ជកម្ម​សម្រាប់​ចរាចរ ទូទាំងប្រទេស​នោះ ត្រូវតែ​បង្កើតជា​ក្រុមហ៊ុន​ដែលមាន លេខ​អត្តសញ្ញាណ​កម្ម អាករ​លើ​តម្លៃបន្ថែម និង​ត្រូវមាន​ប័ណ្ណ​ប៉ាតង់​ឆ្នាំ​ចុងក្រោយ ដូច​អ្នក​នាំចេញ-នាំចូល​ធម្មតា ហើយ​ក្នុងករណី​ចាំបាច់ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​ខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here