ដោយវុត្ថា
ភ្នំពេញៈ ទំនិញគ្មានលក្ខណៈពាណិជ្ជកម្ម គឺជាទំនិញដែលត្រូវបាននាំចូលម្តងម្កាលដោយអ្នកដំណើរ ឬត្រូវបាន នាំចូលដោយប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាអចិន្ត្រៃយ៍ក្នុងតំបន់ព្រំដែន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬ ប្រើប្រាស់ក្នុងតំបន់ព្រំដែន។
យោងតាមឯកសាររបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា ការនាំចូលទំនិញគ្មានលក្ខណៈពាណិជ្ជកម្មត្រូវអនុវត្តន៍ដូចជា ទី១ ការនាំចូលម្តងម្កាលរបស់អ្នកដំំណើរ ដែលត្រូវចាត់ទុកថាគ្មានលក្ខណៈពាណិជ្ជកម្ម ត្រូវបំពេញ បែបបទគយតាមច្បាប់ជាធរមាន ដោយត្រូវបង្ហាញនូវលិខិតឆ្លងដែន ដែលមានបញ្ជាក់ពីការចេញ-ចូលប្រទេសពីស្ថាប័នមានសមត្ថកិច្ចច្រកទ្វារ ហើយត្រូវប្រថាប់ត្រា ឬសរសេរលើបង្កាន់ដៃពន្ធថា “គ្មានលក្ខណៈពាណិជ្ជកម្ម-សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន” និងពុំចាំបាច់ បិទត្រាគយឡើយ។
ក្នុងករណី ដែលអ្នកដំណើរម្តងម្កាលនោះ អ្នកនាំចូលទំនិញហើយប្រកាសថា មានលក្ខណៈពាណិជ្ជកម្មសម្រាប់ធ្វើអាជីវកម្ម ការកំណត់តម្លៃគិតពន្ធគយត្រូវបូកបន្ថែម២០ ភាគរយ លើតម្លៃគិតពន្ធគយជាធរមាន និងត្រូវប្រថាប់ត្រាឬសរសេរ លើបង្កាន់ដៃពន្ធថា “មានលក្ខណៈពាណិជ្ជកម្ម” ហើយត្រូវបិទត្រាគយជូន ប្រសិនបើមុខទំនិញនោះស្ថិតក្រោមប្រព័ន្ធ ត្រាគយ ដើម្បី អាចចរាចរលើទីផ្សារបាន។
ទី២ ចំពោះការនាំចូលរបស់ប្រជាជន ដែលមានលំនៅដ្ឋានជាអចិន្ត្រៃយ៍ក្នុងតំបន់ព្រំដែន ត្រូវបំពេញ បែបបទគយតាមការកំណត់ជាធរមាន ហើយត្រូវប្រថាប់ត្រាឬសរសេរលើបង្កាន់ដៃពន្ធថា “សម្រាប់ចរាចរក្នុងតំបន់ព្រំដែន” ។ ប្រជាជនតំបន់ព្រំដែន ដែលធ្វើអាជីវកម្មនាំចេញ-នាំចូលទំនិញ មានលក្ខណៈពាណិជ្ជកម្មសម្រាប់ចរាចរ ទូទាំងប្រទេសនោះ ត្រូវតែបង្កើតជាក្រុមហ៊ុនដែលមាន លេខអត្តសញ្ញាណកម្ម អាករលើតម្លៃបន្ថែម និងត្រូវមានប័ណ្ណប៉ាតង់ឆ្នាំចុងក្រោយ ដូចអ្នកនាំចេញ-នាំចូលធម្មតា ហើយក្នុងករណីចាំបាច់ ត្រូវអនុវត្តតាមការណែនាំខាងលើ៕