ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាមួយនឹងដំណឹងល្អនៃការត្រៀមទិញវ៉ាក់សាំបង្ការជំងឺឆ្លងកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំសម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យសុទ្ធតែបានបង្ហាញពីក្ដីសាទរ រួមជាមួយនឹងក្ដីរំពឹងពីការកម្រើកឡើងវិញនូវតម្រូវការទីផ្សារក្នុងវិស័យមួយនេះ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ LUCKY Realty Co,.Ltd លោកឌិត ចណ្ណា បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា ស្ទើរតែគ្រប់ផ្នែកនៃវិស័យអចលនទ្រព្យនឹងមានតម្រូវការខ្ពស់ជាងឆ្នាំ២០២០នេះ ក្រោយពេលកម្ពុជាមានវ៉ាក់សាំងចាក់ជូនពលរដ្ឋ ព្រោះថាបច្ចុប្បន្ននេះទាំងតម្រូវការ លំនៅឋានជាប់ដី ទីផ្សារខុនដូ ក៏ដូចជាការជួយទីតាំងស្នាក់នៅ និងបំពេញការងារផ្សេងៗនៅតែមានខ្ពស់ ប៉ុន្តែត្រូវបានរារាំងដោយសារតែកូវីដ១៩។
លោកបន្តថា “ក្រោយពីមានវ៉ាក់សាំងរួចរាល់ អ្នកវិនិយោគក្រៅស្រុកប្រហែលជាមិនមានច្រើនដូចមុនទេ តែវានឹងចាប់ផ្ដើមពីអ្នកវិនិយោគក្នុងស្រុក ដូច្នេះនៅពេលអ្នកក្នុងស្រុកចាប់ផ្ដើមវិនិយោគច្រើន ហើយមានចលនាទិញដូរមានច្រើន ពេលនោះអ្នកវិនិយោគខាងក្រៅក៏ចាប់ផ្ដើមចូលមកដោយសារតែមានជំនឿចិត្ត។ ជាបន្តបន្ទាប់អ្នកវិនិយោគក្រៅស្រុក ទេសចរ នឹងចូលមកជាហូរហែរ ពេលនោះនឹងជំរុញឱ្យសេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះប្រសើរឡើងវិញ”។
ស្រដៀងគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងផងដែរថា កម្ពុជាត្រូវការពេលយ៉ាងតិចប្រមាណ១ឆ្នាំ ដើម្បីស្ដារវិស័យអចលនទ្រព្យឱ្យបានដូចស្ថានភាពមុនកូវីដ១៩ ហើយវានឹងចាប់ផ្ដើមធ្វើសកម្មភាពដោយអ្នកវិនិយោគសម្រាប់គម្រោងតូចៗ ហើយបន្តទៅទៀត អ្នកវិនិយោគគម្រោងធំៗនឹងចាប់ផ្ដើមទៅតាមនោះដែរ ដោយសារតែមួយចំនួនរង់ចាំមើលពីប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងកូវីដ១៩ជាមុនសិន ។
លោកបានបញ្ជាក់ថា “បើទោះបីជាឆ្នាំ២០២០នេះកម្ពុជាជួបនឹងវិបត្តិកូវីដ១៩ក្ដី ក៏មិនធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះខ្លាំងនោះដែរ។ តំបន់ខ្លះនៅតែមានតម្លៃខ្ពស់ និងងើបជាងឆ្នាំមុន តែតំបន់ខ្លះទៀតនៅទ្រឹង និងមានការថមថយតិចតួច”៕