ដោយស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យកម្ពុជា ដែលបាននិងកំពុងធ្វើការងារយ៉ាងសកម្មជាមួយអ្នកវិនិយោគចិន និងអន្តរជាតិដទៃទៀតបានប្រមើលមើលលើទិដ្ឋភាពប្រែប្រួលនៃទីផ្សារអចលនទ្រព្យកម្ពុជាសំរាប់ឆ្នាំ២០២១ខាងមុខថាតើមានភាពប្រែប្រួល និងបត់បែនបែបណា។
លោកឡោ វិចិត្រ អនុប្រធានសមាគមអចលនទ្រព្យសកលប្រចាំរាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃចុងសប្តាហ៍កន្លងមកថា ឆ្នាំ២០២០នៅសល់តែប៉ុន្មានថ្ងៃទៀតនឹងឈានចូលឆ្នាំ២០២១ បងប្អូនប្រាកដជាចង់ដឹងថា អចលនទ្រព្យកម្ពុជានឹងមានសភាពបែបណា ក៏ដូចជាវិវឌ្ឍន៍ដល់កម្រិតណាសំរាប់ឆ្នាំ២០២១ ខាងក្រោមនេះ???។
លោកបន្តថា ជាមួយនឹងការវិភាគផ្អែកលើទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា និងទិដ្ឋភាពសាកល លោកបានសង្ខែបបទបង្ហាញខ្លះៗ ដោយបែងចែកអចលនទ្រព្យជាប្រភេទសំខាន់ៗដូចជា ១ ដីធ្លី ២ ផ្ទះជាប់ដី ឬផ្ទះអាជីវកម្ម និង៣ ខុនដូជាលំនៅដ្ឋានសហកម្មសិទ្ធិ។
តើការវិនិយោគទៅលើប្រភេទមួយណាល្អជាង និងហានិភ័យនៃការវិនិយោគលើប្រភេទអចលនទ្រព្យនីមួយៗ លោកសូមធ្វើការចែករំលែកលើចំណុចសំខាន់ៗមួយចំនួន ៖
ទី១ ដីធ្លីនៅឆ្នាំ២០២១
ដីជាប្រភេទអចលនទ្រព្យល្អបំផុតសំរាប់បងប្អូន ដែលមានការស្វែងយល់ពីភូមិសាស្ត្រច្បាស់លាស់ ហើយទទួលជ្រាបព័ត៍មានជាក់លាក់ស្តីអំពីគំរោងរដ្ឋាភិបាលទៅផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ សាលារៀន និងផ្សារជាដើម។
ប៉ុន្តែប្រភេទអចលនទ្រព្យនេះ សំរាប់បងប្អូនដែលមានសាច់ប្រាក់គ្រប់គ្រាន់ និងទុនសំរាប់វិនិយោគយ៉ាងតិចពី៣ឆ្នាំ ឬអាចរហូតដល់១០ឆ្នាំ បើទិញខុសពីតំបន់ដែលគេអភិវឌ្ឍន៍ ឬរូបរាងដីខុសប៉ាន់។ បើបងប្អូនត្រូវការសាច់ប្រាក់បង្វិលសំរាប់រកស៊ី សូមពិចារណាអោយបានច្បាស់សិនថា លទ្ធភាពយើងអាចទិញដីទំហំណា? ហើយបើកប់ទុនយូរ តើយើងទប់ទល់បាន ឬទេ?។
ទី២ ផ្ទះជាប់ដី ឬផ្ទះអាជីវកម្ម
លោកឡោ វិចិត្របានបន្តថា បច្ចុប្បន្ននេះ បើលទ្ធភាពបងប្អូននៅមានគម្រិតគឺពិបាកទិញផ្ទះនៅក្នុងក្រុងខ្លាំងណាស់ ព្រោះតម្លៃសំរាប់ផ្ទះជាប់ដីនៅកណ្តាលក្រុងគឺថ្លៃខ្លាំងណាស់ ដូច្នេះជម្រើសគឺផ្ទះជាយក្រុង។
ផ្ទះជាប់ដីជាយក្រុង គឺជាជម្រើសល្អសំរាប់បងប្អូន ដែលប្រកបអាជីវកម្ម ឬការងារនៅជាយក្រុង ព្រោះការធ្វើដំណើរបច្ចុប្បន្នគឺស្ទះចរាចរខ្លាំង ហើយប្រើពេលយូរដូចដែលបងប្អូនបានជ្រាបស្រាប់ហើយ។
ទី៣ ខុនដូ សហកម្មសិទ្ធិ
ខុនដូ ជាប្រភេទអចលនទ្រព្យថ្មីមួយ សំរាប់បងប្អូនដែលត្រូវការបែបបទរស់នៅសម័យថ្មី ហើយជាអ្នកប្រកបអាជីវកម្ម ឬការងារនៅកណ្តាលក្រុង តែលទ្ធភាពនៅមានកម្រិត។
ខុនដូផ្តល់ភាពងាយស្រួលសំរាប់ទំហំគ្រួសារតូច ឬមធ្យមដែលត្រូវការលំនៅដ្ឋានកណ្តាលក្រុង ដែលនៅជិតកន្លែងធ្វើការឬអាជីវកម្ម។
ប៉ុន្តែខុនដូរមានហានិភ័យខ្ពស់ ជាងប្រភេទអចលនទ្រព្យជាដី ឬផ្ទះជាប់ដី ព្រោះគំរោងដែលត្រូវបានបញ្ចប់ការសាងសង់ តាមកិច្ចសន្យាទិញ លក់ ហើយប្រគល់សោទៀងទាត់ជូនភ្ញៀវគឺនៅមានតិច។
បើបងប្អូនជាវប៉ះចំគំរោងស្អុយ គឺស្មើនឹងបោះលុយចោលដូចគ្នា។
ការសន្និដ្ឋាន
ប្រភេទអចលនទ្រព្យទាំងបីប្រភេទ សុទ្ធតែមានគុណវិបត្តិ និងគុណសម្បត្តិដូចគ្នាដូច្នេះបងប្អូន ត្រូវវិនិយោគទៅតាមលទ្ធភាព ដែលមានជាក់ស្តែង និងជ្រើសរើសទីតាំងដែលស្រប និងកន្លែងការងារ ឬអាជីវកម្ម ក៏ដូចជាទំហំគ្រួសារ៕