ដោយស៊ីវ ម៉េង
ភ្នំពេញៈ ទាំងទំហំនិងចំនួនផ្សារទំនើប បានកើនឡើងកាន់តែច្រើននៅកម្ពុជា ពិសេសក្រុងភ្នំពេញ ដែលធ្វើឲ្យទីផ្សារនេះ ប្រឈមការប្រកួតប្រជែងកាន់តែខ្លាំង ហើយទីផ្សារលកាន់តែមានភាពសម្បូរបែប។
ការមកដល់របស់ផ្សារទំនើបលំដាប់ពិភពលោក EAON MALL1, EAON MALL2, និងផ្សារទំនើប EAON MALL3 បាននិងកំពុងសាងសង់យ៉ាងសកម្ម នៅភាគខាងត្បូងរាជធានីភ្នំពេញ។ ការមកដល់របស់ក្រុមហ៊ុនលំដាប់ពិភពលោកនេះ មិនមែនជារឿងចៃដន ន្យនោះទេ ហើយភាពជោគជ័យរបស់ពួកគេ ក៏មិនមែនជារឿងយល់សប្តិនោះដែរ ប៉ុន្តែក្រុមហ៊ុននេះបានសិក្សាទាំងសេដ្ឋកិច្ច សង្គម វប្បធ៌ម ចំណង់ចំណូលចិត្ត និងចំណុចខ្វះប្រហោងនានា ដែលផ្សារទំនើបតូចៗនៅកម្ពុជាមាន។
ជាលទ្ឋផលការបើកផ្សារទំនើបទាំងពីរ បានធ្វើឲ្យផ្សារទំនើបក្នុងស្រុក ដែលមិនសូវមានស្តង់ដាស្ទើរតែបិទទ្វារ និងផ្សារខ្លះបិទទ្វារ។
អ្នកជំនាញអចលនទ្រព្យជើងចាស់មួយរូប បាននិយាយឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅពេលការប្រកួតប្រជែងបែបនេះ កើតមានឡើងម្ចាស់ឬអ្នកអភិវឌ្ឍន៍ផ្សារទំនើបតូចៗ គួរតែប្រែក្លាយផ្សាររបស់ខ្លួនលក់ទំនិញបែបយូនីក មានន័យថា ពួកគេអាចលក់ផលិតផលតែមួយមុខ ដូចជាសម្លៀកបំពាក់ ស្បែកជើង គ្រឿងសំអាងតែមួយមុខគត់ នៅផ្សាររបស់ខ្លួន ជាជាងប្រកួតប្រជែងជាមួយផ្សារទំនើបធំៗ ដែលទទួលបានជោគជ័យខ្លាំងរួចទៅហើយ។
លោកបន្តថា “នៅប្រទេសជឿនលឿនមួយចំនួន គេបានរៀបចំបែបនេះ ដើម្បីទាក់ទាញអតិថិជនទៅតាមសក្តានុពល និងផលិតផលបែបយូនីករបស់ពួកគេ ហើយវាក៏ផ្តល់ភាពងាយស្រួលដល់អតិថិជនរកទិញផលិតផល ដែលពួកគេចង់បានផងដែរ” ។ លោកបន្តថា “ផ្សារទំនើបនៅកម្ពុជាភាគច្រើនមិនសូវមានស្តង់ដានោះទេ ទាំងផលិតផល និងតម្លៃដាក់លក់ផលិតផលណាមួយ។ ហេតុនេះការដាក់តម្លៃឲ្យបានជាក់លាក់ និងបង្កើតភាពយូនីកសំរាប់ផ្សាររបស់ខ្លួនជារឿងល្អ ដើម្បីទាញយកអតិថិជនដែលខ្លួនចង់បាន និងផ្តល់ ជម្រើសកាន់តែច្រើនដល់អតិថិជនគោលដៅ” ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា ផ្សារទំនើបប្រមាណ២០បានត្រៀមបើកដំណើរការនៅឆ្នាំនេះ ប៉ុន្តែដោយសារវិបត្តិសេដ្ឋកិច្ចបានធ្វើ ឲ្យគំរោងមួយចំនួន ពន្យាពេលបើកដំណើរការរហូតមកទល់ពេលនេះ” ។
ជាក់ស្តែងផ្សារទំនើប Phnom Penh Mega Mall ស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី ក្បែរខ្លោងទ្វារចូលវត្តនាគវ័ន្ត បានពន្យាពេលបើកដំណើរការ និងផ្សារជាច្រើនទៀតក៏មិនដំណើរការ បើទោះដំណើរការក៏ពួកគេមិនទទួលបានជោគជ័យដែរ។
ជាមួយគ្នានេះ លោកស្រីអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា ពិតហើយទីផ្សារលក់រាយ នៅតាមផ្សារទំនើបបានប្រកួតប្រជែងខ្លាំង ខណៈទំហំផ្សារបានកើនឡើង ហើយផ្សារជាច្រើនបានប្រឈមមុខនឹងផលវិបាក ដោយសារការប្រកួតប្រជែង។
លោកស្រីបន្តថា “ខ្ញុំផ្តល់ជាយោបល់ថា អ្នកសាងសង់ផ្សារទំនើប មិនគួរធ្វើធំពេកទេ ដើម្បីកុំឲ្យមានបញ្ហានៅពេលអនាគត ដោយសារចំនួនផ្សារទំនើប និងផ្សារបែបសហគមន៍បានកើនឡើងកាន់តែច្រើន” ។ លោកស្រីបន្តថា “ការវិនិយោគផ្សារទទួលបានផលចំណេញពីការវិនិយោគខ្ពស់ ប៉ុន្តែម្ចាស់ផ្សារឬអ្នកអភិវឌ្ឈន៍ត្រូវធ្វើការកែលំអរផ្សាររៀងរាល់៥ឆ្នាំម្តង ដើម្បីបង្កើនភាពទាក់ទាញអតិថិជន” ៕