សម្ដេចតេជោៈរដ្ឋាភិបាលត្រៀមថវិកាជំនួយចំនួន៥៣៨លានដុល្លាសម្រាប់ទិញវ៉ាក់សាំង និងស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ១៩

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាមួយនឹងទុនបម្រុងរបស់រដ្ឋក្នុងរង្វង់ ប្រមាណជាង១០០-២០០លានដុល្លារ ដើម្បីដោះស្រាយលើបញ្ហាកូវីដ១៩  រដ្ឋាភិបាលកម្ពុជាក៏ទទួលបាននូវថវិកា ដែលអាចប្រើប្រាស់បាន ក្នុងក្របខណ្ឌប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាការស្ដារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ១៩ ចំនួន៥៣៨លានដុល្លារក្រោមជំនួយពីស្ថាប័ន និងប្រទេសជាដៃគូ។

សម្ដេចបានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះថា “ប្រទេសយើង គឺជាសមាជិកនៃមជ្ឈមណ្ឌលកូវ៉ាក់ ដែលជាផ្នែកមួយនៃការគាំទ្រ នៃដំណើរការរបស់អង្គការសុខភាពពិភពលោក និងមានការគាំទ្រដោយអង្គការសហប្រជាជាតិ។ មជ្ឈ​មណ្ឌលកូវ៉ាក់ នឹងផ្តល់ឱ្យយើងនូវវ៉ាក់សាំង២០ភាគរយ នៃចំនួនប្រជាជនសរុប ដោយក្នុងដំណាក់ដំបូងនៃការផ្តល់បានត្រឹម៣ភាគរយ”។

សម្ដេចបានបន្តថា “បើកូវ៉ាក់ផ្តល់ឱ្យយើង២០ភាគរយនៃចំនួនប្រជាជនសរុប ចឹងយើងនឹងបានវ៉ាក់សាំង សម្រាប់ប្រជាជនចំនួន៣,២លាននាក់។ ការផ្តល់តាមកូវ៉ាក់ តម្រូវឱ្យកម្ពុជាមានថវិកាបដិភាគ៥ភាគរយ។ ដូច្នេះបើប្រជាជន៣,២លាននាក់ គឺត្រូវការ៦,៤លានដូស ចឹងយើងត្រូវបដិភាគ៥ភាគរយនៃតម្លៃនោះ”។

នៅក្នុងចំណោមប្រជាជនកម្ពុជា សរុបប្រមាណ១៦លាននាក់ នឹងត្រូរទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូដ១៩ ចំនួន៨០ភាគរយនៃចំនួនសរុប។ មានន័យថាប្រជាជនក្នុងរង្វង់១៣លាននាក់ នឹងត្រូវចាក់វ៉ាក់សាំង។ លើកលែងតែកុមារ និងវ័យជំទង់អាយុក្រោម១៥ឆ្នាំតែប៉ុណ្ណោះ ដែលអាចនឹងត្រូវលើកលែង។

សម្ដេចបានមានប្រសាសន៍ថា ក្រៅពីទុនរបស់រដ្ឋដែលត្រៀមបម្រុងក្នុងរង្វង់១០០-២០០លានដុល្លារទៅលើបញ្ហាវ៉ាក់សាំង បូកជាមួយនឹងថវិកាសប្បុរសជនជាង៤៨លានដុល្លារនោះ រដ្ឋាភិបាលបានទទួលរួចមកហើយ នូវថវិកាដែលអាចប្រើប្រាស់បានក្នុងក្របខណ្ឌប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជា ការស្ដារឡើងវិញនូវសេដ្ឋកិច្ច ថវិកាពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន២៥០លានដុល្លារ ត្រូវបានដកសាច់ប្រាក់យកមករក្សាទុកនៅធនាគារជាតិកម្ពុជារួចហើយ។

បន្ថែមពីនេះ រដ្ឋាភិបាលនៅមានជំនួយពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារJica ចំនួន២៥ពាន់លានយ៉េន ស្មើនឹងប្រមាណ២៣៨លានដុល្លារ ដែលកំពុងរៀបចំបំពេញបែបបទដកមកតម្កល់រក្សាទុកនៅធនាគារជាតិកម្ពុជា ហើយជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈEDCSមានចំនួន៥០លានដុល្លារ បានដកសាច់ប្រាក់មករក្សាទុកនៅធនា​គារជាតិកម្ពុជារួចហើយ។ ដូច្នេះកម្ពុជាមានប្រាក់ក្នុងដៃសរុបជារួមចំនួន៥៣៨លានដុល្លារ ដោយមិនទាន់គិតពីប្រាក់សន្សំរបស់រដ្ឋាភិបាលនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here