ដោយៈវុត្ថា
សឹង្ហបុរីៈ ការលក់លំនៅឋានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន នៅក្នុងប្រទេសសឹង្ហបុរីបានកើនឡើងប្រមាណ១៨,៩ ភាគរយកាលពីខែវិច្ឆិកា ដោយសារមានគម្រោងថ្មីរបស់អ្នកអភិវឌ្ឍន៍បានចាប់ផ្តើម ខណៈបើធៀបទៅនឹងខែតុលា នៃឆ្នាំនេះមានការថយចុះ ។
យោងតាមរបាយការណ៍ពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) របស់ប្រទេសសឹង្ហបុរី បានបង្ហាញកាលពី១៥ ខែធ្នូកន្លងមកនេះបានឲ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនបានលក់បានលំនៅឋានបានចំនួន៧៦៧ យូនីតកាលពីខែវិច្ឆិកា ដោយមិនរាប់បញ្ចូលខុនដូ(ECs) ដែលស្មើនឹង១៨,៩ភាគរយ ។
របាយការណ៍ដដែលបន្តថា ផ្ទះចំនួន៧៦៧យូនីតនៃការលក់ចេញនេះ ខ្ពស់ជាងខែតុលា ដែលមានចំនួនត្រឹមតែ៦៤៥យូនីត ប៉ុន្តែបើធៀបជាមួយនឹងឆ្នាំ២០១៩ មានការធ្លាក់ចុះ។
ភាគច្រើននៃការលក់កាលពីខែវិច្ឆិកា គឺស្ថិតនៅក្នុងតំបន់ Rest of Central Region មានំនួន ៤៤៧យូនីត ខណៈតំបន់ Outside Central Region មានចំនួន២៣៦យូនីត និងតំបន់ Core Central Region មានចំនួន៨៤យូនីត។
លោកស្រី Christine Sun ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន OrangeTee & Tie បានឱ្យដឹងថា បើទោះបីមានបញ្ហាប្រឈមទៅនឹងវិបត្តិជំងឺកូវីដ១៩ ក៏អ្នកស្វែងរកទីលំនៅឋាននៅតែបន្តមាន ព្រោះពួកគេរំពឹងថា សេដ្ឋកិច្ចនៅក្នុងប្រទេសសឹង្ហបុរីនឹងត្រូវស្តារឡើងវិញ និងមានកំណើនខ្ពស់នាពេលខាងមុខដ៏ខ្លី។
លោកស្រីថ្លែងថា“ អាជីវកម្ម និងសកម្មភាពសង្គមជាច្រើន ត្រូវបានគេរំពឹងថានឹងដំណើរការឡើងវិញ” ។ លោកស្រីបានបន្ថែមថា “កម្មវិធីចាក់ថ្នាំបង្ការរោគ ត្រូវបានរៀបចំឡើងនៅក្នុងប្រទេសជាច្រើន ក្នុងនោះមានប្រទេសសឹង្ហបូរីផងដែរ ដែលបានប្រកាសពីផែនការនៃការចាក់ថ្នាំបង្ការរោគ ដល់បុគ្គលិកថែទាំសុខភាពជួរមុខ និងអ្នកជំងឺដែលងាយរងគ្រោះ” ។
លោក Lee Hsien Loong នាយករដ្ឋមន្ត្រីនៃប្រទេសសឹង្ហបុរី កាលពីថ្ងៃចន្ទ បានថ្លែងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយថា ប្រទេសសិង្ហបុរីនឹងចូលដល់ដំណាក់កាលទី ៣ នៃការបើកដំណើរការសេដ្ឋកិច្ចជាថ្មីនៅថ្ងៃទី២៨ ខែធ្នូខាងមុខនេះ។
លោកបន្តថា “ប្រទេសសឹង្ហបុរីបានបញ្ជាទិញ ថ្នាំវាក់សាំងពីក្រុមហ៊ុន Pfizer និងក្រុមហ៊ុ BioNTech ដែលអាចនឹងដឹកមកដល់នៅបំណាច់ខែធ្នូនេះ” ៕