ក្រុមហ៊ុន Econpile ទទួលបាន​កិច្ចសន្យា​បុកគ្រឹះ​តម្លៃ​ជិត ១០០លាន​ដុល្លារ​លើ មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​ធំ​នៅ​កម្ពុជា

0

ដោយៈ​សុខុម

ក្រុង​គូ​ឡា​ឡាំ​ពួ​រៈ​ក្រុមហ៊ុន Econpile Holdings Bhd ដែលមាន​ឯកទេស​ខាង​ខួង និង​បុកគ្រឹះ ទើបតែ​ទទួលបាន​កិច្ចព្រមព្រៀង​មួយ ក្នុង​ទំហំ​ទឹកប្រាក់​រហូតដល់​ទៅ ៨៥,៧ លាន​ដុល្លារ​អាមេរិក (៣៤៧,៦ លាន​រីង​ហ្គី​ត​ម៉ាឡេស៊ី) ។

ទឹកប្រាក់​នេះ នឹង​ទទួលបាន​ពី​ប្រតិបត្តិការ​សម្រាប់​ការងារ​ខួង និង​បុកគ្រឹះ​សម្រាប់​គម្រោង​សាងសង់ មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា(ទំនងជា​គំរោង Naga3)។ នេះ​បើ​យោងតាម​គេហទំព័រ TheEdgeMarkets ចុះផ្សាយ​កាលពី​ថ្ងៃទី១៥ ធ្នូ​កន្លងមកនេះ។

ទោះជា​យ៉ាងណា​ក្រុមហ៊ុន​នេះ មិនបាន​បញ្ជាក់ថា គំរោង​មជ្ឈមណ្ឌល​កំសាន្ត​ដ៏​ធំ​នៅ​រាជធានី​ភ្នំពេញ ជាស​កម្ម​សិ​ទ្ឋ​របស់​ក្រុមហ៊ុន​ណា​នោះទេ។

ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់ថា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​ខ្លួន បាន​កាន់កាប់​ទាំងស្រុង Econpile (M) Sdn Bhd ទទួលបាន​កិច្ចសន្យា​នេះ​កាលពី​ថ្ងៃទី១៤ ធ្នូ ពី​ក្រុមហ៊ុន​ចិន MCC International Inc Ltd។

យោងតាម​កិច្ចសន្យា គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល៣០ខែ គិត​ចាប់ពី​កាលបរិច្ឆេទ​ចាប់ផ្ដើម ហើយ​គេ​រំពឹងថា​វា​នឹង​រួមចំណែក​ជា​វិជ្ជមាន ដល់​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន សម្រាប់​ការបញ្ចប់​ឆ្នាំសារពើពន្ធ​នៅ​ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២១ (ឆ្នាំសារពើពន្ធ ២០២១) តទៅ។

ក្រុមហ៊ុន​នេះ​បាន​បន្ថែមថា “គ្មាន​ហានិភ័យ​អ្វី​ធំដុំ​នោះទេ ក្រៅពី​ហានិភ័យ​ប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង គម្រោង​អំឡុង​រយៈពេល​នៃ​កិច្ចសន្យា។ គណៈ​គ្រប់គ្រង​នឹងដាក់​ចេញ​វិធានការ​គ្រប់គ្រង និង​នីតិវិធី​ប្រតិបត្តិការ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ ឬ​ហានិភ័យ​ដែល​អាច​កើតមាន​ព្រឹត្តិការណ៍​បែបនេះ” ។

យោងតាម​គេហទំព័រ​ដដែល​ឱ្យដឹងថា ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Econpile បាន​ហក់​ឡើង ០,៩១% នៅក្នុង​ការជួញដូរ​ពេលព្រឹក ធ្វើឱ្យ​វា​កើន​តម្លៃ​រហូតដល់ ៧៤២,៣១ លាន​រីង​ហ្គី​ត ហើយ​ជា​លទ្ធផល៦លាន​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​ត្រូវបាន​ជួញដូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here