អាជ្ញាធរអចលនទ្រព្យឧស្សាហកម្មថៃអះអាងថាសកម្មភាពទិញដីធ្លាក់ចុះ ប៉ុន្តែទំហំទុនវិនិយោគហក់ឡើងខ្ពស់

0

ដោយៈសុខុម

បាងកក:  អាជ្ញាធរអចលនទ្រព្យឧស្សាហកម្មថៃ (Industrial Estate Authority of Thailand) ហៅកាត់ IEAT ឱ្យដឹងថា ផលប៉ះពាល់ដែលបង្កឡើងដោយការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានធ្វើឱ្យដីធ្លីធ្លាក់ថ្លៃតិចតួចក្នុងឆ្នាំសារពើពន្ធឆ្នាំ២០២០ ប៉ុន្តែទំហំវិនិយោ​គបានកើនឡើងខ្លាំងរហូតដល់ទៅ៦៨៣%។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី២១ ធ្នូកន្លងមក។

 

ការរាយការណ៍ពីសារព័ត៌មានដដែលនេះបានឲ្យដឹងថា ពីខែតុលាឆ្នាំ២០១៩ ដល់ខែកញ្ញា ឆ្នាំ២០២០ ការលក់ដីឧស្សាហកម្មសរុបបានធ្លាក់ចុះ១,៥២% ឆ្នាំធៀបនឹងឆ្នាំមកនៅត្រឹម ២.១៥០ រ៉ៃ (៣៤៤ ហិកតា) ដោយច្រករបៀងសេដ្ឋកិច្ចភូមិភាគបូព៌ា (Eastern Economic Corridor (EEC)) បានធ្លាក់ចុះ៧,២% ឆ្នាំធៀបនឹងឆ្នាំមកនៅត្រឹម ១.៨៤១ រ៉ៃ (២៩៤,៥ ហិកតា)។ ក្នុងសារពើពន្ធឆ្នាំ២០១៩ ដីលក់បានសរុបមានចំនួន ២.១៨៤ រ៉ៃ (៤៤៩,៥ ហិកតា) ដោយការលក់នៅ EEC ទទួលបាន១.៩៨៤ រ៉ៃ (៣១៧,៥ ហិកតា)។

 

លោកស្រី Somchint Pilouk ប្រធានIEAT បានបន្ទោសការធ្លាក់ចុះនេះទៅលើការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដែលជះផលប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មនានា ក៏ដូចជាវិធានការបិទប្រទេស ដែលធ្វើឱ្យជនបរទេសមិនអាចធ្វើដំណើរមកកាន់ប្រទេសថៃបាន។

លោកស្រីថ្លែងថា “យើងរំពឹងថាពិភពលោក នឹងដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងឆាប់ៗនេះ ដើម្បីបញ្ឈប់ការឆ្លងរាតត្បាតដោយសង្ឃឹមថា នឹងជួយជំរុញសេដ្ឋកិច្ចសកលឱ្យងើបឡើងនៅឆ្នាំក្រោយ”។

IEAT បានគូសបញ្ជាក់ថា ទោះបីជាការលក់ដីធ្លាក់ចុះយ៉ាងណាក្ដី ក៏ទំហំវិនិយោគដែលកើនឡើងខ្ពស់ បានផ្ដល់ការងារបន្ថែមជាច្រើនកន្លែង។

លោកស្រី Somchint Pilouk បានបន្ថែមថា ទំហំវិនិយោគបានកើនឡើង៦៨៣% រហូតដល់ទៅ២៣៩ពាន់លានបាត(៨ពាន់លានដុល្លារ)ក្នុងឆ្នាំសារពើពន្ធ២០២០ ដោ​យ​សារក្រុមវិនិយោគិន ដែលមានស្រាប់បានបង្កើនទំហំវិនិយោគរបស់ខ្លួន។

ការបង្កើនទំហំវិនិយោគនេះ បានផ្ដល់ការងារបន្ថែមរហូតដល់៣២.៧៥៣ កន្លែង ដែលកើនឡើងពីការងារ៥.៥១២ កន្លែង ឬកើនឡើង៤៩៤%៕

LEAVE A REPLY

Please enter your comment!
Please enter your name here