ដោយស៊ីវ ម៉េង
ភ្នំពេញ៖ ជាមួយនឹងកំនើននៃការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ ផ្លូវជាតិលេខ១ បាននិងកំពុងទាក់ទាញការវិនិយោគបុរីកាន់តែច្រើន ដែលបច្ចុប្បន្នសំណង់បុរី លំនៅដ្ឋានធំៗមិនក្រោម១០នោះទេ បាននិងកំពុងវិនិយោគនៅតំបន់នេះ។
លោកអាន រ៉ាឌី អគ្គនាយកក្រុមហ៊ុនបុរីមង្គលភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះថា បុរីមង្គលភ្នំពេញ បាននិងកំពុងវិនិយោគសាងសង់គំរោងទី៥ នៅតាមបណ្តោយផ្លូវជាតិលេខ១ ហើយការសម្រេចចិត្តមកវិនិយោគនៅតំបន់នេះ ដោយសារតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិដ៏សំខាន់នេះ មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ មានសាលារៀន មន្ទីរពេទ្យ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ។
លោកបន្តថា “តំបន់នេះបានផ្តល់បរិយាកាសរស់នៅយ៉ាងល្អប្រសើរ ដោយមានទន្លេនៅអមសងខាង មានសេវាកម្មរថយន្តសាធារណៈរបស់រដ្ឋ ដែលផ្តល់ឲ្យអ្នករស់នៅតំបន់នេះមានភាពងាយស្រួលនិងផាសុខភាព” ។
អគ្គនាយកក្រុមហ៊ុន KFA លោកឧកញ៉ានួន រិទ្ធី បានមានប្រសាសន៍ថា បន្ទាប់ពីការពង្រីកផ្លូវជាតិលេខ១ បានបញ្ចប់ សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគសេវាកម្មនានានៅតាមបណ្តោយផ្លូវនេះកើនឡើង ដោយសារកត្តាភូមិសាស្ត្រ កៀកនឹងកណ្តាលក្រុងភ្នំពេញ កំនើនប្រជាសាស្ត្រនៅតំបន់នេះកើនឡើង សេវាសាធារណៈកាន់តែប្រសើរ លក្ខខ័ណ្ឌអាកាសធាតុល្អ ដោយសារមានទន្លេអមសងខាង និងសណ្ឋានដីល្អប្រសើរផងដែរ។
លោកបន្តថា “ដោយសារជាតំបន់មានសក្តានុពល ងាយស្រូលរស់នៅ កៀកនឹងរាជធានីភ្នំពេញ និងផ្លូវជាតិសំខាន់ៗដូចជាផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវក្រវ៉ាត់ក្រុងទី៤ និងការពង្រីកកំពស់ផែភ្នំពេញ នឹងធ្វើឲ្យតំបន់ស្ថិតនៅតាមដងផ្លូវជាតិលេខ១ នឹងមានការរីកចម្រើនលឿនបន្ថែមទៀតនាពេលអនាគត” ៕