ដោយៈ វុត្ថា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កន្លងមកនេះ បានសម្រេចដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រស្តីពី ការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ២០១៩-២០២៣ ។

យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រង បំណុលសាធារណៈឆ្នាំ២០១៩ – ២០២៣ នេះ ត្រូវបានរៀបចំឡើង អនុលោមតាមបរិការណ៍ជាក់ស្តែងរបស់កម្ពុជា និងឧត្តមានុវត្តជាអន្តរជាតិ ដោយទី១ ពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តយុទ្ធសាស្ត្រស្តីពី ការគ្រប់គ្រងបំណុលសាធារណៈ ២០១៥ – ២០១៨ ។
ទី២ វិភាគលើហានិភ័យ បញ្ហាប្រឈម និងកាលានុវត្តភាព នៃការគ្រប់គ្រងបំណុលសាធារណៈកម្ពុជា ហើយនឹង ដាក់ចេញនូវវិធានការជាយុទ្ធសាស្ត្រមួយចំនួន ដើម្បីឆ្លើយតបទៅនឹង បរិការណ៍ថ្មីនៃសេដ្ឋកិច្ច ដែលកាន់តែរីកលូតលាស់ និងមានភាពស្មុគស្មាញជាងមុន សំដៅរួមចំណែកក្នុងការបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែង ដែលជាមូលដ្ឋានគ្រឹះ ក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេចបង្គោលចរឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។
“យុទ្ធសាស្ត្រស្តីពី ការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ២០១៩-២០២៣” ផ្តោតលើការអនុវត្តយុទ្ធសាស្ត្រ ដែលជាគោលការណ៍គន្លឹះ នៃការគ្រប់គ្រងបំណុលសាធារណៈរួមមាន ១) ខ្ចីឥណទានក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន។ ២) ខ្លីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់។ ៣) ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាព នៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។
៤) ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្ដិសិទ្ធិភាពខ្ពស់បំផុត។
សម្រាប់គោលការណ៍គន្លឹះទី៥មួយទៀត គឺដើម្បីបន្តពង្រឹងប្រសិទ្ធភាព ទាំងការគ្រប់គ្រងបំណុលសាធារណៈ និងទាំងការគ្រប់គ្រងការវិនិយោគសាធារណៈ គឺ«ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទាន គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍ នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ចសង្គម បរិស្ថាន និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕






