ចំណេះដឹង! តើ​អ្វី​ជា​យុទ្ធសាស្ត្រ​ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈឆ្នាំ២០១៩-២០២៣?

0

ដោយៈ វុត្ថា

ភ្នំពេញៈ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កន្លងមកនេះ បានសម្រេច​ដាក់ឱ្យអនុវត្ត​នូវ​យុទ្ធ​សាស្ត្រ​ស្តីពី ការគ្រប់គ្រង​បំណុល​សាធារណៈ​ឆ្នាំ២០១៩-២០២៣ ។

យុទ្ធសាស្ត្រ​ស្តីពី​ការគ្រប់គ្រង បំណុល​សាធារណៈ​ឆ្នាំ២០១៩ – ២០២៣ នេះ ត្រូវបាន​រៀបចំឡើង អនុលោម​តាម​បរិការណ៍​ជាក់ស្តែង​របស់​កម្ពុជា និង​ឧ​ត្ត​មា​នុ​វត្ត​ជា​អន្តរជាតិ ដោយ​ទី១ ពិនិត្យ​លើ​វឌ្ឍនភាព នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ស្តីពី ការគ្រប់គ្រង​បំណុល​សាធារណៈ ២០១៥ – ២០១៨ ។

ទី២ វិភាគ​លើ​ហានិភ័យ បញ្ហា​ប្រឈម និង​កាលានុវត្តភាព នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ​កម្ពុជា ហើយនឹង ដាក់ចេញ​នូវ​វិធានការ​ជា​យុទ្ធសាស្ត្រ​មួយចំនួន ដើម្បី​ឆ្លើយតប​ទៅនឹង បរិការណ៍​ថ្មី​នៃ​សេដ្ឋកិច្ច ដែល​កាន់តែ​រីកលូតលាស់ និង​មាន​ភាពស្មុគស្មាញ​ជាង​មុន សំដៅ​រួមចំណែក​ក្នុងការ​បង្កើនល្បឿន​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង ដែលជា​មូលដ្ឋានគ្រឹះ ក្នុងការ​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ឆ្ពោះទៅ​សម្រេច​បង្គោល​ចរ​ឆ្នាំ២០៣០ និង​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០៥០ ។

“យុទ្ធសាស្ត្រ​ស្តីពី ការគ្រប់គ្រង​បំណុល​សាធារណៈ​ឆ្នាំ២០១៩-២០២៣” ផ្តោតលើ​ការអនុវត្ត​យុទ្ធសាស្ត្រ ដែលជា​គោលការណ៍​គន្លឹះ នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ​រួមមាន ១) ខ្ចី​ឥណទាន​ក្នុង​ទំហំ​សមស្រប ដែល​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន។ ២) ខ្លី​តែ​ឥណទាន​ដែលមាន​កម្រិត​សម្បទាន ឬ​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់។ ៣) ខ្ចី​សម្រាប់តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរភាព នៃ​កំណើនសេដ្ឋកិច្ច និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម។

៤) ប្រើប្រាស់​ឥណទាន ប្រកបដោយ​តម្លាភាព គណនេយ្យភាព, ប្រសិទ្ធភាព, និង​ស័ក្ដិសិទ្ធិ​ភាព​ខ្ពស់បំផុត។

សម្រាប់​គោលការណ៍​គន្លឹះ​ទី៥មួយទៀត គឺ​ដើម្បី​បន្ត​ពង្រឹង​ប្រសិទ្ធភាព ទាំង​ការគ្រប់គ្រង​បំណុល​សាធារណៈ និង​ទាំង​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ គឺ«ប្រើប្រាស់​ឥណទាន​សម្រាប់​ហិរញ្ញប្បទាន គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដែល​ត្រូវមាន​ស្តង់ដា និង​គុណភាព​ខ្ពស់ ស្របតាម​គោលការណ៍ នៃ​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ ព្រមទាំង​ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ​ការអភិវឌ្ឍ​ជាតិ​នៅក្នុង​ដំណាក់កាល​ថ្មី ពិសេស​ធានាបាន​នូវ​ចីរភាព​សេដ្ឋកិច្ចសង្គម បរិស្ថាន និង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here