ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្លង់គោលរាជធានីភ្នំពេញ ដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តជាផ្លូវការកាលពីប៉ុន្មានឆ្នាំមុន បានបែកចែករាជធានីចំណាស់នេះជា១៤ តំបន់ខុសៗគ្នា តាមលក្ខណៈប្រជាសាស្រ្ត សេដ្ឋកិច្ច និងកំណើននគរូបនីយកម្ម។
យោងតាមសេចក្តីព្រាងប្លង់គោលរាជធានីភ្នំពេញ ដែល propertyarea.asia សូមលើកយកមកបង្ហាញជាថ្មីបានបង្ហាញថា រដ្ឋាភិបាលបានកំណត់លក្ខណៈវិនិច្ឆ័យលើ១៤ចំណុច ដូចជា ទី១ ទម្រង់សេដ្ឋកិច្ចរាជធានីភ្នំពេញ ទី២ការដឹកជញ្ជូន ទី៣ ទីផ្សារអចលនវត្ថុ ទី៤ ទីផ្សារអចលនទ្រព្យ ទី៥ សង្កាត់មិនរៀបរយ ទី៦ ការកកើតនិងការរីកចំរើនរបស់ទីក្រុងពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៩៩៣ ទី៧ លក្ខណៈសម្បត្តិរូបសាស្រ្តនិងតួនាទីលំហក្រុង ទី៨ សន្ទុះនិងបុគ្គលិកលក្ខណៈភ្នំពេ ញ ទី៩ ទេសភាព និងសមាសភាគទីក្រុង ទី១០ កសិកម្មនិងនគរូបនីយកម្ម ទី១១ ហេដ្ឋារចនាសម្ព័ន្ឋទីក្រុង ទី១២ មធ្យោបាយនិងសេវាសាធារណៈ ទី១៣ និន្នាការនិងទស្សនវិស័យនៃនគរូបនីយកម្មភ្នំពេញ និងទី១៤ ទស្សនវិស័យសេដ្ឋកិច្ចសង្គមនិងលំហ។
-->
ប្លង់គោលរាជធានីភ្នំពេញ ត្រូវបានអនុម័តកាលពីឆ្នាំ២០១៥ តាមរយៈអនុក្រិតស្តីពី “ការដាក់ឲ្យអនុវត្តប្លង់គោល ប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥”។ យោងតាមមាត្រា២ នៃអនុក្រិតលេខ៧៧ អនបប្រក ចុះថ្ងៃទី៧ មិថុនាឆ្នាំ២០១២ បានកំណត់ថា ប្លង់គោលប្រើប្រាស់ដីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌជាផែនការកំណត់ចក្ខុវិស័យនិងយុទ្ឋសាស្រ្តរួម សម្រាប់ការអភិវឌ្ឈផ្នែករូបវ័ន្តហេដ្ឋារចនាសម្ព័ន្ឋ និងគមនាគមន៍សំខាន់ៗ និងធ្វើសមាហរណកម្មថ្នាក់រាជធានី ថ្នាក់ស្រុក ថ្នាក់ខ័ណ្ឌទៅនឹងតំបន់និងថ្នាក់ជាតិ។

អតីតអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្សបានថ្លែងថា “គោលដៅប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ជាឯកសារយុទ្ឋសាស្រ្តបំរើឲ្យមហិច្ឆតារបស់រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញមានគោលដៅ និងទស្សនវិស័យដល់ឆ្នាំ២០៣៥ ក្នុងការគ្រប់គ្រង និងតំរង់ទិសការអភិវឌ្ឈសេដ្ឋកិច្ច ក្នុងព្រំប្រទល់រដ្ឋបាលរាជធានី និងតំបន់ប្រជុំជនពាក់ព័ន្ឋទាំងទ្បាយនៅជាប់ជុំវិញ ឆ្លើយតបបាននឹងកំនើននៃការវិនិយោគឯកជន និងចំនួនប្រជាជនក្នុងរាជធានី តាមរយៈការតំរង់ទិស និងជំរុញការវិនិយោគសាធារណៈស្របតាមរបបសេដ្ឋកិច្ចទីផ្សារសេរី និងអភិវឌ្ឈន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ”។
ប្រជាជនសរុបនៅរាជធានីភ្នំពេញ មានចំនួន១.៦៨៨.០៤៤នាក់ (តាមការធ្វើអង្កេតប្រជាសាស្រ្តកម្ពុជាឆ្នាំ២០១៣នៃក្រសួងផែនការ)ហើយអាចកើនដល់៣លាននាក់នៅឆ្នាំ២០២០។ កំនើននគរូបនីយកម្ម និងកំណើនសាងសង់សំណង់ធំថ្មីៗ លើសពី៥ជាន់មានប្រមាណ៦២៨អាគារ និងសំណង់បុរីចំនួន១១០ទីតាំង ពង្រាយនៅទាំងខ័ណ្ឌក្នុងក្រុង និងជាយក្រុងនិងបានជំរុញការរីកទីក្រុងទៅតំបន់ខាងក្រៅ ចេញពីខ័ណ្ឌកណ្តាលក្រុងស្ទើរតែហួសពីតំបន់រដ្ឋបាលរបស់ខ្លួន។
លោកម៉េង ប៊ុណ្ណារិទ្ឋមន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងថា ក្នុងប្លង់គោលនេះបានរៀបចំរាជធានីភ្នំពេញប្រមាណ១៥តំបន់ខុសៗគ្នា ដូចជាតំបន់ពាណិជ្ជកម្ម តំបន់លំនៅដ្ឋាន តំបន់ឧស្សាហកម្ម តំបន់កសិកម្មតំបន់ដែលត្រូវអភិរ័ក្សជាដើម ប៉ុន្តែនៅពេលប្លង់គោលនេះត្រូវសិក្សាលំអិត តំបន់និមួយៗអាចនឹងមានច្រើនជាងនេះ អាស្រ័យលើស្ថានភាពជាក់ស្តែង។
នៅពេលសាកសួរថាតើទីក្រុងភ្នំពេញ នឹងត្រូវពង្រីកបន្ថែមទៀតឬយ៉ាងណាលោកម៉េង ប៊ុណ្ណារិទ្ឋបានថ្លែងថា “នៅពេលនយោបាយកម្ពុជានៅតែមានស្ថិរភាព សេដ្ឋកិច្ចកម្ពុជាបន្តកើនទ្បើង និងមានកំណើននៃការអភិវឌ្ឈ ការពង្រីកក្រុងអាចត្រូវ ពិនិត្យតាមស្ថានភាពជាក់ស្តែងរៀងរាល់៥ឆ្នាំម្តង”។លោកបន្ថែមថា“ប្លង់របស់យើងអាចមានការលំអៀង ដូច្នេះការពង្រីកទីក្រុងនឹងត្រូវសិក្សាទ្បើងវិញ តាមស្ថានភាពជាក់ស្តែងនៃការរីកចំរើននគរូបនីយកម្ម និងកំណើនប្រជាសាស្រ្ត”។
លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងថា នេះជាដំណឹងដ៏ល្អ ដែលយើងបានរង់ចាំរាប់ឆ្នាំមកហើយ។ គ្រប់ទីក្រុងធំៗ នៅតាមបណ្តាប្រទេសនៅលើពិភពលោកសុទ្ឋតែមានប្លង់គោល នៅទ្បើយតែកម្ពុជាមិនទាន់មាន។ ដូច្នេះការមានប្លង់គោលជាការប្រសើរណាស់ ព្រោះទី១ អាចបង្ហាញពីរចនាសម្ព័ន្ឋទីក្រុងច្បាស់លាស់ថា ត្រូវសាងសង់អ្វី និងជាការងាយស្រួលដែលយើងបង្ហាញពីប្លង់គោលទីក្រុងរបស់យើងទៅអ្នកវិនិយោគ។
ទី២ អាចដឹងពីតំបន់ណាត្រូវធ្វើអ្វី និងកសាងអាគារកំពស់ប៉ុណ្ណា ទី៣ អាចកាត់បន្ថយការសាងសង់សំណង់អាណាធិបតេយ្យ និងទី៤ អាចកាត់បន្ថយផលរំខាននានាលើការសាងសង់លំនៅដ្ឋាន និងទ្រព្យសម្បត្តិសាធារណៈ៕