ដោយៈវុត្ថា
ភ្នំពេញៈ វិស័យសំណង់នៅក្នុងឆ្នាំ ២០២០នេះ បានធ្វើឱ្យប៉ះពាល់ដល់កម្មករ ដែលធ្វើការនៅក្នុងវិស័យនេះ ចន្លោះពី៣០ ទៅ៣៥ភាគរយបាត់បង់ការងារ ដោយសារការដ្ឋានសំណង់មួយចំនួន បានផ្អាកសកម្មភាពបណ្តោះអាសន្ន ដែលបង្កឡើយដោយវិបត្តិជំងឺកូវីដ១៩ ។
លោកសុខ គិន នាយកប្រតិបត្តិសហជីពកម្មករសំណង់កម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia កាលពីថ្ងៃទី ២៤ ខែធ្នូម្សិលមិញនេះថា ក្នុងចំណោមកម្មករដែលធ្វើការក្នុងវិស័យសំណង់ ប្រមាណ២០ម៉ឺននាក់នៅទូទាំងប្រទេស មានកម្មករ៣០ភាគរយនៃចំនួននេះ បានប៉ះពាល់ដល់ជីវភាពភាព ដោយសារការដ្ឋានសំណង់មួយចំនួនបានផ្អាក និងព្យួរការងារ។
លោកថ្លែងថា “ បើនិយាយជារួមចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺកូវីដ១៩ កម្មករ ដែលធ្វើការក្នុងវិស័យនេះ ក៏ទទួលរងនូវផលប៉ះពាល់ ដូចទៅនឹងវិស័យផ្សេងទៀតដែរ ប៉ុន្តែ មិនបានទទួលការឧបត្ថម្ភពីរារដ្ឋាភិបាលនោះទេ នៅពេលដែលមានការផ្អាកការដ្ឋានសាងសង់” ។ លោកបន្តថា “កម្មករនៅក្នុងវិស័យកាត់ដេរ និងទេសចរណ៍ បានទទួលការឧបត្ថម្ភពីរាជរដ្ឋាភិបាល និងពីម្ចាស់រោងចក្រ និងសហគ្រាស (កម្មករទទួលបានប្រាក់ឧបត្ថម្ភពីយោជនប្រមាណ៣០ និងពីរដ្ឋាភិបាល៤០ដុល្លារ សរុបចំនួន៧០ដុល្លារក្នុងមួយខែ ដែលអាចផ្គត់ផ្គង់ដល់ក្រុមគ្រួសារ ប៉ុន្តែកម្មករក្នុងវិស័យសំណង់អត់ទទួលបានទេ” ។
លោកបន្ថែមថា កន្លងមកនេះ លោកក៏បានជជែកជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែរពីបញ្ហានេះ ប៉ុន្តែក្រសួងប្រាប់ថា រដ្ឋាភិបាលត្រូវដោះស្រាយអ្វីជាបញ្ហាប្រឈមខ្លាំងជាមុនសិន ព្រោះវិស័យសំណង់ ហាក់មិនមានស្ថានភាពធ្ងន់ធ្ងរខ្លាំងនោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា វិស័យសំណងនៅក្នុងប្រទេសកម្ពុជា នៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ៩ នេះមិនទទួលរងនូវផលប៉ះពាល់នោះទេ ហើយវិស័យនេះបានជួយដល់រដ្ឋាភិបាល តាមរយៈការផ្តល់ការងារជូនពលរដ្ឋ និងទទួលបានចំណូលផ្គត់ផ្គង់គ្រួសារបានមួយកម្រិតធំផងដែរ។
សម្តេចតេជោ ក៏បានកោតសរសើរដល់ក្រុមហ៊ុនសំណង់ធំៗ ទាំងអស់នៅទូទាំងប្រទេស ដែលមិនផ្អាកសកម្មភាពសាងសង់របស់ខ្លួន ដែលជាសញ្ញាវិជ្ជមានមួយជួយដល់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ និងកំពុងរាតត្បាតនៅក្នុងពិភពលោក។
យោងតាមរបាយកាណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងកន្លងមកនេះថា កម្មករ និងកម្មការិនីដែលធ្វើការក្នុងវិស័យសំណង់ មានចំនួនជាង ២០ម៉ឺននាក់នៅទូទាំងប្រទេស ។ វិស័យនេះ បានជួយជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ ឱ្យសម្រេចបានក្នុងរង្វង់៧ភាករយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕