កម្ពុជា នាំចេញផលិតផលកសិ-ឧស្សាហកម្មទៅកាន់ទីផ្សារអន្តរជាតិបានទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ សម្រាប់តែនាំចេញផលិតផលកសិ-ឧស្សាហកម្មទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងរហូតដល់ជិត២ពាន់លានដុល្លារ ខណៈដែលរាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្ត្របន្ថែមក្នុងការធ្វើពិពិធកម្មវិស័យមួយនេះឱ្យបានកាន់តែទូលាយ។

តាមរយៈរបាយការណ៍បឋមស្តីពីវឌ្ឍនភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហកម្មធំៗនៅឆ្នាំ២០២០ ដែលទើបធ្វើការផ្សព្វផ្សាយបានបង្ហាញពីទិសដៅនៃការនាំចេញ ដោយបានលើកឡើងថាមានក្រុមហ៊ុននាំចេញចំនួន៤៧។ ទន្ទឹមនឹងនេះ ក៏បានចង្អុលបង្ហាញថាមាន ៤៨ ផ្សេងទៀត (ក្រុមហ៊ុន៣៣ សហគមន៍៣ និងម្ចាស់កសិដ្ឋាន១២) បានដាក់ពាក្យស្នើសុំនាំចេញផ្លែស្វាយទៅកាន់ទីផ្សារអន្តរជាតិ ខណៈដែលទំហំនៃការនាំចេញបានកើនរហូតដល់ជិត២ពាន់លានដុល្លារ។

នៅក្នុងរបាយការណ៍ដដែលបានបង្ហាញថា ផលិតផលកសិ-ឧស្សាហកម្មកម្ពុជាដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗមានចំនួន៦ប្រភេទ ដែលក្នុងនោះរួមមានដូចជាផលិតផលនៃដំណាំស្វាយស្រស់ ដំឡូងមី គ្រាប់ស្វាយចន្ទី ដំណាំមៀនប៉ៃលិន(តាង៉ែន) ដំណាំម្រេច និងដំណាំចេកអំបូងលឿង។

សម្រាប់ការនាំចេញផលិតផលកសិ-ឧស្សាហកម្មទាំងអស់រួមមាន ដំណាំដំឡុងមី បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៧,០៧៥ ,៤៩៤តោន ដោយតម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ១,០២៦,២៣២,០០០ដុល្លារ។ ដំណាំស្វាយចន្ទីមានចំនួន ២១៨,៨៨៤.២៩តោន តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ២៨៨,១១១,៧០០ដុល្លារ ដែលក្នុងនោះសិប្បកម្មកែច្នៃមានចំនួន ៦ និងក្រុមហ៊ុននាំចេញមានចំនួន២៦។

ដោយឡែក ដំណាំស្វាយ បរិមាណនាំចេញស្វាយស្រស់ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៩៤៥,២៧៤ តោន តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ៤៧៣,២០៧,៧០០ដុល្លារ ដោយក្នុងនោះមានក្រុមហ៊ុននាំចេញមានចំនួន ៤៧ក្រុមហ៊ុន និងអ្នកដាក់ពាក្យស្នើសុំចុះបញ្ជី សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ មានចំនួន ៤៨ (ក្រុមហ៊ុន ៣៣ សហគមន៍ ៣ និងម្ចាស់ចម្ការ ១២)។

ដំណាំចេកអំបូងលឿង បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៣១៣,៤១០.៩៤តោន តម្លៃប៉ាន់ស្មានសរុបមានចំនួន ប្រមាណជា ៤៥១,១២៥,៧០០ដុល្លារ ដោយក្រុមហ៊ុនដែលបានចុះបញ្ជីសម្រាប់នាំចេញមានចំនួន ១៥ ក្នុងនោះ ក្រុមហ៊ុនចំនួន ១១ បាន និងកំពុងប្រិតិបត្កិការនាំចេញ។

ដំណាំមៀនប៉ៃលិន បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ១៧៤.៥២តោន តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ៥៧,៧៦៣,១០០ដុល្លារ ដែលមានក្រុមហ៊ុននាំចេញមានចំនួន២ និងសហគមន៍កសិកម្មផលិតមៀនប៉ៃលិន មានចំនួន ១៥។ ដោយឡែកសម្រាប់ដំណាំម្រេច បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៥,០០៥.៦៥តោន តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ២៥,៤៩០,២០០ដុល្លារ ដោយក្រុមហ៊ុននាំចេញមានចំនួន ៣០ក្រុមហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here