ហ្វីលីពីនអនុម័តកញ្ចប់ថវិកាជាតិ៩៣,៧ពាន់លានដុល្លារសម្រាប់ស្តារសេដ្ឋកិច្ច នៅឆ្នាំក្រោយ

0

ដោយៈសុខុម

ម៉ានីល:  ប្រធានាធិបតីហ្វីលីពីន លោកRodrigo Duterte កាលពីថ្ងៃច័ន្ទ ទី២៨ធ្នូ បានចុះហត្ថលេខាលើកញ្ចប់ថវិកាជាតិចំនួន៤,៥ទ្រីលានប៉េសូ (៩៣,៧ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំក្រោយ ដែលជាកញ្ចប់ថវិកាជាតិធំបំផុត មិនធ្លាប់មានរបស់ប្រទេសនេះ ដើម្បីស្ដារសេដ្ឋកិច្ចឱ្យងើបឡើងវិញ និងដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ជាច្រើនលានដូស។

ការអនុម័តកញ្ចប់ថវិកាជាតិ ដែលច្រើនជាងឆ្នាំ២០២០ ចំនួន១ភាគ១០នេះ ដើ​ម្បី​ស្វះស្វែងស្ដារសេដ្ឋកិច្ច ដែលធ្លាប់ស្ថិតក្នុងចំណោមប្រទេស មានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅអាស៊ីមួយនេះ ឱ្យទទួលបានកំណើនឡើងវិញ និងដើម្បីជួយទប់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

ក្រោយពីចុះហត្ថលេខារួច លោកឌូទើតេបានថ្លែងថា “ឆ្នាំថ្មីដ៏ខ្លីខាងមុខនេះ សេដ្ឋកិច្ចរបស់យើងនឹងងើបឡើងវិញទូទាំងប្រទេស”។

ក្នុងចំណោមថវិកាដ៏ច្រើននេះ វិស័យអប់រំនឹងទទួលបាន៧៥២ពាន់លានប៉េសូ ផ្នែកកិច្ចការសាធារណៈ នឹងទទួលបាន៦៩៦ពាន់លានប៉េសូ ក្រសួងសុខាភិបាលនឹងទទួលបាន២១០ពាន់លានប៉េសូ។ ចំណែកឯក្រសួងការពារជាតិទទួលបាន២០៦ពាន់លានប៉េសូ។

កញ្ចប់ថវិកានេះក៏រួមបញ្ចូលចំនួន៧២,៥ ពាន់លានប៉េសូសម្រាប់ទិញ ស្តុកទុក និងចែកចាយវ៉ាក់សាំងកូវីដ-១៩ ផងដែរ ស្របតាមការសន្យារបស់លោកឌូទើតេថា នឹងចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋហ្វីលីពីនទាំង១០៨ លាននាក់ដោយចាប់ផ្ដើមពីខែឧសភា ឆ្នាំ២០២១។

ដោយមានអ្នកឆ្លងកូវីដ-១៩ ប្រមាណ៤៧០.០០០ ករណី និងស្លាប់ជាង៩.០០០ ករណី ប្រទេសហ្វីលីពីន បានក្លាយជាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ដោយសារកូវីដ-១៩ ខ្ពស់បំផុតទី២នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។

ទោះបីជាមានការរឹតបន្តឹងខ្លាំង នៅក្នុងក្រុងម៉ានីល ចាប់តាំងពីពាក់កណ្ដាលខែមីនាយ៉ាងណាក្ដី ក៏ក្នុងមួយថ្ងៃៗនៅតែការរាយការណ៍ អំពីករណីឆ្លងថ្មីប្រមាណ១.០០០ ករណីជាប្រចាំ។

សេដ្ឋកិច្ចរបស់ហ្វីលីពីន ត្រូវបានកំណត់គោលដៅឱ្យទទួលបានកំណើនពី៦,៥% ទៅ ៧,៥% ក្នុងឆ្នាំ២០២១ និងពី៨% ទៅ១០% ក្នុងឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here