តើផ្សារហ៊ុនធំជាងគេចំនួន៥លើពិភពលោកស្ថិតនៅក្នុងប្រទេសណាខ្លះ និងមានប្រតិបត្តិការយ៉ាងដូចម្ដេច ?

0

ដោយ ៖ សុខុម

មុននឹងឈានទៅដល់ការស្គាល់ប្រទេសទាំង ៥ ដែលជាប់ឈ្មោះជាទីផ្សារភាគហ៊ុនធំៗបំផុតក្នុងពិភពលោក សូមមកស្វែងយល់អំពីពាក្យថា “ភាគហ៊ុន” ទាំងអស់គ្នាបន្តិចសិន។

យើងប្រហែលជាបានឮពាក្យនេះជាញឹកញាប់រួចមកហើយ ជាពិសេសតាមរយៈការចុះផ្សាយរបស់សារព័ត៌មានជាតិ និងអន្តរជាតិ។ ប៉ុន្តែប្រហែលជាមានមនុស្សច្រើនរាប់មិនអស់ដែលយល់មិនច្បាស់ថាវាជាអ្វីឱ្យប្រាកដ។ ដូចនេះ តើអ្វីទៅជាភាគហ៊ុន?

ភាគហ៊ុនគឺជាប្រភេទមូលបត្រកម្មសិទ្ធិ ដែលតំណាងឱ្យភាពជាម្ចាស់មួយផ្នែកនៅក្នុងក្រុមហ៊ុនសាជីវកម្មមួយ និងសិទ្ធិក្នុងការទាមទារចំណែកនៃទ្រព្យសម្បត្តិ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន ដោយផ្អែកទៅលើសមាមាត្រភាគហ៊ុនដែលវិនិយោគិនម្នាក់មាន។

ឧទាហរណ៍៖ លោក SV មានភាគហ៊ុនរបស់ក្រុមហ៊ុនមួយចំនួន ១.០០០ ភាគហ៊ុន។ បន្ទាប់មកក្រុមហ៊ុនប្រកាសចែកភាគលាភជាសាច់ប្រាក់ចំនួន ១០ ដុល្លារក្នុងមួយភាគហ៊ុន។ ដូច្នេះភាគលាភជាសាច់ប្រាក់សរុបដែលលោក SV នឹងទទួលបានមានចំនួន ១០.០០០ ដុល្លារ។

តើប្រទេសណាខ្លះដែលជាប់ឈ្មោះជាទីផ្សារភាគហ៊ុនធំៗបំផុតទាំង ៥ ក្នុងពិភពលោក?

យោងតាមការចុះផ្សាយរបស់គេហទំព័រ statista.com កាលពីពេលថ្មីៗនេះឱ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២០ សហរដ្ឋអាមេរិក បានជាប់ចំណាត់ថ្នាក់ជាផ្សារភាគហ៊ុនធំបំផុតទី១ ក្នុងពិភពលោកដោយកាន់កាប់ចំណែកទីផ្សារភាគហ៊ុនរហូតដល់ទៅ ៥៤% ចំណែកឯចំណាត់ថ្នាក់លេខ២ បានទៅលើប្រទេសជប៉ុន ដែលកាន់កាប់ចំណែកទីផ្សារភាគហ៊ុន ៧,៧% ចំណាត់ថ្នាក់លេខ៣ បានទៅលើប្រទេសអង់គ្លេស ដែលកាន់កាប់ចំណែកទីផ្សារភាគហ៊ុន ៥,១% ចំណាត់ថ្នាក់លេខ៤ បានទៅលើប្រទេសចិន ដែលកាន់កាប់ចំណែកទីផ្សារភាគហ៊ុន ៤% ហើយចំណាត់ថ្នាក់លេខ៥ បានទៅលើប្រទេសបារាំង ដែលកាន់កាប់ចំណែកទីផ្សារភាគហ៊ុន ៣,២%។

ទន្ទឹមនេះដែរ យោងតាមគេហទំព័រ nasdaq.com ចុះផ្សាយកាលពីពេលថ្មីៗឱ្យដឹងថា ផ្សារភាគហ៊ុនពិភពលោកទាំងមូលនាពេលបច្ចុប្បន្នមានតម្លៃសរុបរហូតដល់ទៅ ៧៨ ទ្រីលានដុល្លារ ដោយក្នុងនោះ ផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក ទាំងមូលមានតម្លៃសរុប ៣៤ ទ្រីលានដុល្លារ។ ហើយកុំបាច់ថាឡើយបូកសរុបផ្សារភាគហ៊ុនទាំងមូលរបស់សហរដ្ឋអាមេរិក សូម្បីផ្សារភាគហ៊ុនតែមួយរបស់ខ្លួនគឺ New York Stock Exchange (NYSE) ក៏ជាប់ចំណាត់ថ្នាក់លេខ១ ជាផ្សារភាគហ៊ុនធំបំផុតក្នុងពិភពលោករួចទៅហើយ ជាមួយនឹងមូលធនទីផ្សារ (Market capitalization) រហូតដល់ទៅ ៣០,១ ទ្រីលានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here