ទំហំពាណិជ្ជកម្មកម្ពុជា-ថៃដាំក្បាលចុះប្រមាណ២២ភាគរយ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា -ថៃនៅក្នុងរយៈពេល១១ខែឆ្នាំ២០២០កន្លងទៅនេះ សម្រេចបានប្រមាណ៦,៦ពាន់លានដុល្លារ ធ្លាក់ចុះ២២ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះបានបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ថៃមានទំហំ៦,៦ពាន់លានដុល្លារ ក្នុងនោះកម្ពុជាបានធ្វើការនាំទំនិញចេញទៅប្រទេសថៃ មានទំហំទឹកប្រាក់សរុប១០៧១លានដុល្លារ ថយចុះ៥១ភាគរយធៀបនឹងរយៈពេល១១ខែកាលពីឆ្នាំ២០១៩។

ដោយឡែកសម្រាប់ទំនិញ ដែលត្រូវបាននាំចូលពីប្រទេសថៃ មកកាន់កម្ពុជាមានទំហំ៥៥៨០លានដុល្លារ ធ្លាក់ចុះ១២ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលការធ្លាក់ចុះនូវទំហំពាណិជ្ជកម្មទាំងនេះ បណ្តាលមកពីការទទួលរងនូវផលប៉ះពាល់ដោយការរីករាលដាលជំងឺកូវីដ១៩ ខណៈដែលទំហំពាណិជ្ជកម្មពេញមួយឆ្នាំ២០១៩មានចំនួន៩,៤១ពាន់លានដុល្លារ កើន១២ភាគរយបើធៀបទៅនឹងឆ្នាំ២០១៨ ដែលមានត្រឹម៨,៣៨ពាន់លានដុល្លារ។

ផលិតផល និងទំនិញ ដែលកម្ពុជាធ្វើការនាំចូលមកពីប្រទេសថៃភាគច្រើនជាប្រភេទទំនិញ មានតម្រូវការចាំបាច់ ដូចជា ចំណីអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ស្បែកជើង ផលិតផលគ្រឿងសំអាង គ្រឿងចក្រកសិកម្ម គ្រឿងអគ្គិសនី និងគ្រឿងសំណង់ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here