ដោយ ៖ វុត្ថា
ពោធិ៍សាត់ ៖ តំបន់ដ៏ស្រស់ស្អាតនៃសម្រស់ធម្មជាតិមួយចំនួនដែលស្ថិតនៅស្របតាមផ្លូវជាតលេខ១០ ឬផ្លូវវិថីបុប្ផាលាក់ខ្លួន ដែលកំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្រោមការអភិវឌ្ឍរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងត្រៀវបានរដ្ឋបាលខេត្តយកចិត្តទុកដាក់ និងស្វែងរកដៃគូសហការវិនិយោគពីវិស័យឯកជនដើម្បីក្លាយជាទីរមណីយដ្ឋានអេកូទេសចរណ៍ដ៏មានភាពទាក់ទាញប្រចាំខេត្តពោធិ៍សាត់។
អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន កាលពីពេលថ្មីៗនេះបានដឹកនាំកម្លាំងចម្រុះចុះពិនិត្យទីតាំងភូមិសាស្ត្រនៅក្នុងតំបន់ពាក់ព័ន្ធមួយចំនួនគ្រោងរៀបចំសហគមន៍ទេសចរណ៍ធម្មជាតិសំខាន់ៗនៅក្នុងឃុំអូរសោម ស្រុកវាលវែង ដែលទីតាំងទាំងអស់នោះអាចលើកកម្ពស់កំណើនជីវភាពប្រជាសហគមន៍ក៏ដូចជាកាត់បន្ថយការធ្វើចំណាកស្រុក និងបញ្ឈប់ការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ឬលក់ឱ្យជនចំណាកស្រុកទាំងឡាយទាំងពួងបាន។
លោកបានបញញជាក់ថា “ប្រសិនជាយើងបង្កើតឱ្យមានតំបន់ទេសចរណ៍ គឺយើងអាចបំផុសឱ្យប្រជាសហគមន៍ចូលរួមការពារព្រៃឈើមិនឱ្យមានការកាប់បំផ្លាញធ្វើជាកម្មសិទ្ធិ និងធ្វើឱ្យតំបន់នោះមានរុក្ខជាតិស្រស់បំព្រង ជាហេតុធ្វើឱ្យមានការទាក់ទាញដល់ភ្ញៀវជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្តតំបន់ទេសចរណ៍បែបអេកូទេសចរណ៍កាន់តែច្រើនឡើងបន្ថែមទៀត” ។
លោកបានបន្ថែមថា “បច្ចុប្បន្ននេះផ្លូវជាតិលេខ១០ ដែលជាចំណងដៃដ៏អមតៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងផ្តល់ផ្លែផ្កាជូនប្រជាពលរដ្ឋក្នុងឃុំអូរសោម តាមរយៈផ្លូវដែលតភ្ជាប់ពីចំណុចអក្សរ T ក្នុងស្រុកសំឡូតឆ្លងកាត់ឃុំក្រពើពីរ ឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ឆ្ពោះទៅដល់ខេត្តកោះកុង” ។
លោកអភិបាលបានបញ្ជាក់ថា “ប្រសិនជាបងប្អូនយើងមិនចូលរួមការពារថែរក្សាព្រៃធម្មជាតិ ដែលជាមរតកដូនតានៅតំបន់អេកូទេសចរណ៍សំខាន់ៗមួយចំនួនទេនោះ បងប្អូនមានតែខាតបង់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងររហូតដល់កូនចៅយើងជំនាន់ក្រោយៗទៀត។ វាប្រាកដណាស់ថា តំបន់អូរសោមគឺពិតជាមានសក្តានុពលខ្ពស់ ព្រោះថាទីតាំងនេះមានអាកាសធាតុត្រជាក់ មានជ្រលងភ្នំបុព្វតា មានព្រៃឈើ និងមានទឹកធ្លាក់ ក៏ដូចជាមានផ្ទៃសមុទ្រទឹកសាប ដែលអាចទាញយកថាមពលអគ្គិសនីបាន ហើយបើប្រៀបធៀបនឹងផ្ទៃប្រទេសទាំងមូលប្រហែលជាមិនអាចប្រៀបស្មើនោះទេ។ ដូច្នេះហើយ ក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរម្នាក់ សូមចូលរួមថែរក្សាព្រៃធម្មជាតិ ក៏ដូចជាចូលរួមសហការអភិរក្ស បង្ការ និងទប់ស្តាត់ ការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ឬលក់ឱ្យជនចំណាកស្រុកទាំងឡាយទាំងពួង ដើម្បីបានផ្តល់ជាអត្ថប្រយោជន៍ជូនប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្នុងឃុំអូរសោមនេះផ្ទាល់តែម្តង” ។
ដោយឡែកសម្រាប់ទីតាំង និងតំបន់មួយចំនួនដែលគ្រោងនឹងអភិវឌ្ឍជាទីរមណីយដ្ឋានអេកូទេសចរណ៍ដ៏ទាក់ទាញប្រចាំស្រុកវាលវែង គឺមានទីតាំងទឹកធ្លាក់ធម្មជាតិឆាយរកា ចំណុចបឹងស្លា វាលតារាងយន្តហោះជាប់នឹងបឹងក្រពើភ្នំ ក្បាលអូរសោម និងតំបន់មួយចំនួនជាប់នឹងផ្ទៃទឹកបាតអាងវ៉ារីអគ្គិសនី៕