ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងរយៈពេល១២ខែ ឆ្នាំ២០២០កន្លងទៅនេះ សម្រាប់តែការនាំចេញផលិតផលយុទ្ធសាស្ត្ររបស់កម្ពុជា រួមមានស្រូវ និងអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន៦០ប្រទេស ទទួលបានចំណូលសរុបជាង១២០០លានដុល្លារ។
តាមរយៈទិន្នន័យរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះថា នៅក្នុងឆ្នាំ២០២០ កន្លងទៅនេះ កម្ពុជាទទួលបានចំណូលជាង១២០០លានដុល្លារ អាមេរិកពីការនាំចេញស្រូវជិត៣លានតោន និងអង្ករជិត៧០ម៉ឺនតោន។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសរុបចំនួន៦៩០ ៨២៩តោនមានកំណើនប្រមាណ១១.៤០ភាគរយធៀបទៅនឹងឆ្នាំ២០១៩ បើគិតតម្លៃសរុបនៃការនាំចេញអង្ករមានចំនួន៥៣៨ ៨៤៦ ៦២០ដុល្លារ។ ដោយឡែកបរិមាណនៃការនាំចេញស្រូវសរុបចំនួន២ ៨៩៣ ៩៥១តោន គិតតម្លៃសរុបនៃការនាំស្រូវចេញចំនួន៧២៣ ៤៨៧ ៧៥០លានដុល្លារ។
នៅឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះចំនួន៣ ៤០៤ ១៣១ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលចំនួន៣ ២៦៨ ៩៦៨ហិកតា ដែលទួលបានទិន្នផលមធ្យមចំនួន ៣ ៣៤៥តោន/ហិកតា។ បរិមាណនៃការប្រមូលផលស្រូវសរុបចំនួន១០ ៩៣៥ ៦១៨តោនអតិរេកស្បៀងសរុប(គិតជាស្រូវ) ចំនួន៥ ៩២២ ១៣៨ តោន (ស្រូវលើសតម្រូវការ) បើគិតជាអង្ករចំនួន៣ ៧៩០ ១៦៨តោន។
អង្កររបស់កម្ពុជាត្រូវបាននាំចេញទៅគោលដៅចំនួន៦០ប្រទេស ក្នុងនោះប្រទេសចិនចំនួន២៨៩ ៤៣៩ តោនស្មើនឹង៤១.៩០ភាគរយនៃការនាំចេញអង្ករសរុប សហភាពអ៊ឺរ៉ុប(២៤ប្រទេស)ចំនួន២០៣ ៧៩១តោនស្មើនឹង២៩.៥០ភាគរយនៃការនាំចេញអង្ករសរុប បណ្តាប្រទេសអាស៊ាន(៦ប្រទេស)ចំនួន៨៦ ៨៩៩ តោនស្មើនឹង១២.៥៨ភាគរយនៃការនាំចេញអង្ករសរុប និងគោលដៅផ្សេងទៀត(២៩ប្រទេស)ចំនួន១១០ ៧០០តោនស្មើនឹង១៦.០២ភាគរយនៃការនាំចេញអង្ករសរុប ខណៈដែលក្រុមហ៊ុននាំចេញអង្ករមានចំនួន៧៦ក្រុមហ៊ុន៕






