គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតសម្រេចបាន៤៥ភាគរយ

0

ដោយៈ រ៉ាណេត

កំពតៈ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ ប្រចាំនៅក្នុងខេត្តកំពតរហូតមកដល់ដើមឆ្នាំ២០២១នេះ សម្រេចបានប្រមាណ៤៥ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ទាំងស្រុង នៅត្រឹមខែមិថុនា ឆ្នាំ២០២១ខាងនេះ ដើម្បីដាក់ដណើរការនិងទទួលស្វាគមន៍ទេសចរជាតិ អន្តរជាតិនានា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីបញ្ចប់ការចុះត្រួតពិនិត្យវឌ្ឍនភាព និងគុណភាពផ្លូវជាតិលេខ៣ បានបន្តចុះទស្សនកិច្ច គម្រោងអភិវឌ្ឍសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិប្រចាំខេត្តកំពត ដែលជាលទ្ធផលសម្រេចបានប្រមាណ៤៥ភាគរយ នៃគម្រោងសរុប។

គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ លើកដំបូងប្រចាំនៅក្នុងខេត្តកំពតនេះ ទទួលបានការគាំទ្រហិរញ្ញប្បទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានតម្លៃជិត១០លានដុល្លារអាមេរិក។ គម្រោងនេះមានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ដែលក្រោយពីបញ្ចប់ការសាងសង់ជាស្ថាពរ នឹងក្លាយជាច្រកទ្វារដ៏សំខាន់សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំរុះជាតិសាសន៍ ធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេសទេសចរមកពីប្រទេសថៃ និងប្រទេសវៀតណាមចូលមកកាន់កម្ពុជា។

នៅក្នុងផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០១៩-២០២៣ ខេត្តកំពតគ្រោងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងតិច២,៥លាននាក់ គិតត្រឹមឆ្នាំ២០២៣។

លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតធ្លាប់បានប្រាប់ថា នៅពេលដែលទីតាំងកំពង់ផែបានបញ្ចប់ និងដាក់ឱ្យដំណើរការសេវាកម្ម វានឹងចូលរួមចំណែ​កលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្ត ជាពិសេសតាមរយៈកញ្ចប់ទេសចរណ៍ ដែលភ្ជាប់ខេត្តកំពត ជាមួយគោលដៅនៅប្រទេសវៀតណាម និងថៃ ដោយរំពឹងថានឹងផ្តល់សេវាទេសចរណ៍អន្តរជាតិ និងក្នុងស្រុកចំនួន៣,៦០0,០០០នាក់ក្នុងមួយឆ្នាំ។

កំពង់ផែទេសចរណ៍អន្តរជាតិមួយនេះ មានបណ្តោយ៣០០ម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកនាវា ដឹកអ្នកដំណើរបានពី៣០០-៤០០នាក់។ កំពង់ផែនេះក៏ផ្នែកមួយក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកំពត ហើយបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here