បច្ចុប្បន្នភាពៈព្រលានយន្តហោះអន្តរជាតិខេត្តមណ្ឌលគិរីនឹងចាប់ផ្តើម សាងសង់ចុងឆ្នាំនេះ

0

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលបានថ្លែងថា ព្រលានយន្តហោះខេត្តមណ្ឌលគិរី នឹងអាចចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ ប្រសិនជាការចចាររវាងក្រុមហ៊ុន និងរដ្ឋាភិបាលបានបញ្ចប់តាមផែនការ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំាំពាក្យស្ថាប័នខាងលើ លោកស៊ិន ចាន់សិរីវត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី ៤ មករានេះថា ក្រុមហ៊ុនPowerchina International Group នឹងចាប់ផ្តើមសិក្សាលំអិតលើផែនការ សាងសង់ព្រលានយន្តហោះនេះ មុនដាក់ជូនរដ្ឋាភិបាល ដើម្បីពិភាក្សាគ្នាលើការបែងចែកភាគលាភលើការវិនិ​យោគគំរោងមួយនេះ។

លោកបន្តថា “ប្រសិនជាមានការចចាបញ្ចប់តាមផែនការ ព្រលានយន្តហោះនេះនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ ដែលព្រលាននេះមានសមត្ថភាពទទួលការចុះវចតយន្តហោះកម្រិតតំបន់អាស៊ាន”។លោកបន្តថា “ព្រលានយន្តហោះនេះ នឹងអាចទទួលការចុះចតប្រភេទយន្តហោះBoing 737, 320, 321 ដែលអាចផ្ទុកអ្នកដំណើរចន្លោះពី១៦០ទៅ១៨០នាក់”។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា អ្វីសំខាន់ថាតើមានអ្នកធ្វើដំណើរច្រើនឬអត់ ហើយយើងមានអ្វីសំរាប់ទទួលអ្នកដំណើរ អ្នកទេសចរណ៍និងវិនិយោគិនអន្តរជាតិឬ​នៅ? ហេតុនេះទាមទារឲ្យមានការវិនិយោគច្រើនថែមទៀ តនៅខេត្តមណ្ឌលគិរី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទេស​ចរណ៍កម្ពុជាបានមានប្រសាសន៍ថា មណ្ឌលគិរីជាខេត្តមានសក្តានុពលពហុវិស័យ និងស្ថិតក្នុងផែនការមេអភិវឌ្ឍន៍របស់អន្តរក្រសួង ដែលមានគោលដៅអភិវឌ្ឍន៍ខេត្តនេះ ជាតំបន់សេដ្ឋកិច្ចពហុបំណង លើវិស័យ​ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម។

លោកស្រីបន្តថា “ការសាងសង់ព្រលានយន្តហោះនេះជាកាតល្អ ព្រោះពេលភ្ញៀវទេសចរណ៍ទៅដល់ទីណាច្រើន នឹងមានវិនិយោគិនទៅដល់ទីនោះហើយ ប៉ុន្តែខេត្តនេះត្រូវពង្រឹងសេវាកម្មបដិសណ្ឋារកិច្ចបន្ថែមទៀត ខណៈបច្ចុប្បន្ននៅមានកម្រិតនៅឡើយ”។​លោកស្រីបន្តថា “បើអនុវត្តន៍បានតាមផែនការមេអន្តរក្រសួង ខេត្តមណ្ឌលគិរីនឹងមានសេវាកម្មសម្បូរបែប និងមានការរីកចម្រើនលឿន និងកាន់តែមានភាពទាក់ទាញថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here