ដោយ ៖ រ៉ាណេត
កំពង់ឆ្នាំង ៖ ស្ថិតនៅក្នុងផែនការនៃការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ ក៏ដូចជាលើកម្ពស់កម្រិតជីវភាពប្រជាជននៅទូទាំងខេត្ត ក្រោមការគាំទ្រថវិកាពីសំណាក់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ឆ្នាំងធ្វើការស្ថាបនា និងអភិវឌ្ឍផែដឹកទំនិញដ៏ធំប្រចាំខេត្ត និងដាក់ឱ្យដំណើរការជាផ្លូវការដែលកាន់តែបង្កភាពងាយស្រួលក្នុងការលើកដាក់ទំនិញ និងមានសណ្តាប់ធ្នាប់។
អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា កំពង់ផែថ្មីដែលប្រកាសដាក់ឱ្យដំណើរការមួយនេះ ត្រូវបានគាំទ្រថវិកាដោយរាជរដ្ឋាភិបាលផ្តល់តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានចាប់ដំណើរការសាងសង់ កាលពីខែមករា ឆ្នាំ២០១៧ ដែលមានទំហំធំ ៦.៥២៣ម៉ែត្រក្រឡា មានលក្ខណៈល្អប្រសើរជាងមុនងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាកសិករឱ្យកាន់តែឆាប់រហ័សថែមទៀត។
លោកបញ្ជាក់ថា ការសាងសង់កំពង់ថ្មីនេះនឹងធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាកសិករ និងប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ថ្មីរបស់ខេត្តផងដែរ។ កំពង់ផែថ្មីនេះ ស្ថិតនៅក្នុងគម្រោងផែនការអភិវឌ្ឍន៍ច្រាំងទន្លេរបស់ខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
លោកបានបញ្ជាក់ទៀតថា កន្លងមកខេត្តកំពង់ឆ្នាំងមានកំពង់ផែតូចចង្អៀត ដែលបង្ករកាលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ពិសេស គឺដឹកទំនិញកសិផល និងការឆ្លងរថយន្ត ម៉ូតូ ប៉ុន្តែដោយសារខេត្តមានការអភិវឌ្ឍជាបន្តបន្ទាប់នោះ បានធ្វើការរៀបចំនូវផែថ្មីនេះដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្តបន្តថា កត្តាសន្តិភាពពិតជាមានតម្លៃដ៏មហាសាលសម្រាប់ការអភិវឌ្ឍ បើគ្មានសន្តិភាពទេនោះ ក៏គ្មានការអភិវឌ្ឍដែរ។ នៅក្រោយថ្ងៃ៧ មករា ខេត្តកំពង់ឆ្នាំងចាប់ផ្តើមមានការអភិវឌ្ឍជាបន្តបន្ទាប់ និងមានអ្វីៗដូចសព្វថ្ងៃនេះ។ ដូចនេះប្រជាជនគ្រប់រូបត្រូវតែថែរក្សាការពារនូវអ្វីដែលមាននាពេលនេះ គឺត្រូវការពារឱ្យបាននូវសុខសន្តិភាព ដែលមាននាពេលបច្ចុប្បន្ននេះឱ្យបានគង់វង្សជារៀងរហូត ដើម្បីការអភិវឌ្ឍសម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត៕






