ដោយ ៖ រ៉ាណេត
កំពត ៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិដ៏ធំប្រចាំនៅក្នុងខេត្តកំពត ដែលទើបតែសម្រេចបានប្រមាណ៤៥ភាគរយនៅដើមឆ្នាំ២០២១នេះ រដ្ឋាភិបាលបានកំណត់ និងទុកពេលវេលាឱ្យ៦ខែទៀតត្រូវបញ្ចប់ការសាងសង់ឱ្យរួចជាស្ថាពរទាំងស្រុងជាកំហិត បន្ទាប់ពីមានការពន្យាពេលជាច្រើនលើក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ថា រាជរដ្ឋាភិបាលក៏ដូចជាម្ចាស់ជំនួយមិនសប្បាយចិត្តចំពោះការយឺតយ៉ាវនៃការសាងសង់កំពង់ផែទេសចរណ៍នេះទេ។ ដូច្នេះ ក្រុមហ៊ុនសាងសង់ត្រូវតែបន្ថែមកំលាំង និងដាក់ផែនការឱ្យបានច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាពន្លឿនបញ្ចប់ការសាងសង់ឱ្យបានក្នុងខែមិថុនា ឆ្នាំ២០២១នេះ។
លោកបានបន្តថា “វឌ្ឍនភាពនៃការសាងសង់កំពង់ផែទេសចរណ៍នៅខេត្តកំពតនេះ មានភាពយឺតយ៉ាវ ដូច្នេះក្រុមហ៊ុនត្រូវបន្ថែមមនុស្សធ្វើការទៀត និងដាក់ផែនការរាប់ថយក្រោយ ដើម្បីចប់តាមផែនការសាងសង់នៅត្រឹមខែមិថុនាឆ្នាំ២០២១ខាងមុខនេះឱ្យបានរួចរាល់”។

រាជរដ្ឋាភិបាល បានចាត់ទុកផែទេសចរណ៍អន្តរជាតិថ្មីមួយនេះ ជាមធ្យោបាយថ្មីដែលនឹងចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសក្នុងតំបន់ ជាពិសេសមកពីប្រទេសវៀតណាម និងប្រទេសថៃ តាមរយៈការភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹក តាមកប៉ាល់លឿន ឬកប៉ាល់ទេសចរណ៍ខ្នាតធំជាដើម ដោយនៅក្នុងផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០១៩-២០២៣ ខេត្តកំពតគ្រោងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងតិច ២,៥លាននាក់ គិតត្រឹមឆ្នាំ២០២៣។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ស្ថិតនៅភូមិជុំគ្រាល ឃុំជុំគ្រាល ស្រុកទឹកឈូ ខេត្តកំពត សាងសង់នៅលើផ្ទៃដីទំហំ៤ហិកតា ក្នុងជម្រៅទឹក៤,៥ម៉ែត្រ ដោយនៅក្នុងរចនាសម្ព័ន្ធ រួមមានអគារអ្នកដំណើរចំនួន១ដែលមានកម្ពស់២ជាន់ ផែចតកាណូត កំពង់សាឡង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ ទីចំណតរថយន្ត និងទោចក្រយានយន្ត អគារស្នាក់នៅ អគារសន្តិសុខ សួនច្បារ និងសំណង់ផ្សេងៗមួយចំនួនទៀត ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណជាង៨,៤៨លានដុល្លារ៕






