វឌ្ឍនភាពការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយសម្រេចបានជាង៤០ភាគរយ

0

ដោយ ៖ រ៉ាណេត

កែប៖ ស្ថិតនៅក្នុងផែនការនៃការអភិវឌ្ឍន៍ខេត្ត/ក្រុងកែបឱ្យក្លាយជាគោលដៅទេសចរណ៍ប្រណីតបែបធម្មជាតិកម្រិតខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តកែបបានសហការដៃគូជាមួយវិស័យឯកជនក្នុងការកែប្រែតំបន់កម្សាន្តនានាជាច្រើន ជាក់ស្ដែងដូចជាការគម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយដែលរហូតមកដល់ដើមឆ្នាំ២០២១នេះសម្រេចបានប្រមាណ៤០ភាគរយ ដែលគ្រោងនឹងបញ្ចប់ក្នុងពេលខាងមុខដើម្បីបម្រើសេវាកម្មដល់ទេសចរ។

លោក តាត់ ស៊ុនហួត អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ថា កំពង់ផែទេសចរណ៍កោះទន្សាយ បានបើកដំណើរការសាងសង់ តាំងពីចុងខែធ្នូ ឆ្នាំ២០១៨មកម្លេះ ហើយគ្រោងបញ្ជប់នៅខែ វិច្ឆិកា ឆ្នាំ២០១៩ តែដោយសារបញ្ហាយឺតយ៉ាវលើបច្ចេកទេសបុកគ្រឹះ និងបញ្ហាជំងឹកូវីដ១៩ ទើបពន្យាពេលមកដល់ពេលនេះ។

លោកបញ្ជាក់ថា “ការសាងសង់កំពង់ផែនេះសម្រាប់តែបម្រើឱ្យវិស័យទេសចរណ៍តែមួយមុខប៉ុណ្ណោះ ដោយឡែកការដឹងជញ្ជូនទំនិញផ្សេងៗមិនអាចប្រើប្រាស់កំពង់ផែនេះបានឡើយ ព្រោះផែនេះមានទម្ងន់ផ្ទុកមិនអាចលើសពី១៥តោននោះទេ ដោយមិនមែនជាប្រភេទផែធនធ្ងន់សម្រាប់បម្រើឲ្យការដឹកជញ្ជូននោះឡើយ។ កំពង់ផែនេះ មានលទ្ធភាពអាចទទួលចតនាវាដែលអាចដឹកមនុស្សបានក្រោម៣០០នាក់”។

ការសាងសង់កំពង់ផែទេសចរណ៍កែប កោះទន្សាយ និងអគារលក់សំបុត្រព្រមទាំងកន្លែងរង់ចាំ ដែលដំណើរការសាងសង់បានជាង ៤០ភាគរយនេះស្ថិតនៅលើទីតាំងផែចាស់ ក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានរូបរាងជាក្តាម មានចម្ងាយពីដីគោក ចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង ៦៨ម៉ែត្រ មានផ្ទៃក្រឡាសរុបប្រមាណ៤ ៦៦១,៥០ម៉ែត្រការ៉េ ប្រើប្រាស់ថវិការសាងសង់សរុបជិត ៥០០០លានរៀល។

បច្ចប្បន្នកំពង់ផែមួយនេះ ត្រូវបានរដ្ឋបាលខេត្តកែប ដាក់ជួលឲ្យទៅវិស័យឯកជនជាអ្នកគ្រប់គ្រង ដោយកាលពីថ្ងៃទី២៣ ខែវិច្ចិការ ឆ្នាំ២០២០ កន្លងទៅនេះ រដ្ឋបាលខេត្តកែប តាមរយៈមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកការដេញថ្លៃកំពង់ផែនេះ និងទីតាំងសំខាន់ៗរបស់ខេត្តចំនួន៣ទៀតឱ្យទៅវិស័យឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here