កម្ពុជាភ្ជាប់ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន លើការអភិវឌ្ឍខ្សែសង្វាក់តម្លៃនៃផលិតផលកសិ-ពាណិជ្ជកម្ម

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម បានធ្វើការភ្ជាប់ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រពាណិជ្ជកម្មរួមគ្នាជាមួយជប៉ុន ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មប្រទេសទាំង២ ដោយការចុះអនុស្សារណយោគយល់រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនយ៉ាម៉ាតុ ហ្រ្គីន (YAMATO GREEN) របស់ជប៉ុន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានមានប្រសាសន៍នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះថា ការវិនិយោគរបស់ក្រុមហ៊ុន Yamato Green លើវិស័យកសិ-ពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ព្រោះកសិ-ពាណិជ្ជកម្មជាវិស័យមួយដែលមានសក្ដានុពលខ្ពស់នៅកម្ពុជា និងមិនទាន់មានការអភិវឌ្ឍ ឬវិនិយោគច្រើននៅឡើយ។ ការចុះអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ ជាការធ្វើការរួមគ្នារវាងវិស័យសាធារណៈ និងឯកជន និងបានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យកសិ-ពាណិជ្ជកម្ម ដែលស្របទៅនឹងចតុកោណទី៤ មុំទី១ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងការលើកស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ នឹងបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងខ្សែច្រវាក់តម្លៃ និងពង្រឹងផលិតភាព និងគុណភាពដើម្បីឆ្លើយតបទៅទីផ្សារ។ ក្នុងនាមភាពជាដៃគូអភិវឌ្ឍន៍ឧស្សាហកម្ម និងកសិ-ពាណិជ្ជកម្ម ក្រុមហ៊ុន Yamato Green នឹងក្លាយជាដៃគូសមស្របមួយសម្រាប់អភិវឌ្ឍន៍ផលិតកម្ម កសិ-ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព និងការផ្តល់បច្ចេកទេសកែច្នៃ ការវេចខ្ចប់ ព្រមទាំងនីតិវិធីផ្សេងៗ ដើម្បីបង្កើនឱកាសក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញប្រកបដោយប្រសិទ្ធភាព។

លោកបានបញ្ជាក់ថា “ដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទងទៅនឹងផលិតកម្មតាមគំរូអាជីវកម្មប្រកបដោយនិរន្តរភាពនៅក្នុងយុគសម័យឌីជីថល ការចូលរួមរបស់ក្រុមហ៊ុន Yamato Green ក្នុងការអភិវឌ្ឍម៉ូដែលផលិតកម្មមួយ ដែលមានបច្ចេកវិទ្យាជឿនលឿន នឹងជំរុញផលិតកម្មក្នុងស្រុកនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យម និងក្រុមកសិករផលិតនឹងមានលទ្ធភាពក្នុងការបង្កើតខ្សែច្រវាក់តម្លៃផ្គត់ផ្គង់ ដែលប្រកបដោយបរិយាប័ន្ន និងទទួលបានឧត្តមភាពប្រកួតប្រជែងសម្រាប់ជ្រៀតចូលទីផ្សារ និងធ្វើពិពិធកម្មទីផ្សារឱ្យមានវិសាលភាពទូលំទូលាយ”។

ក្រុមហ៊ុន Yamato Green នឹងនាំផលិតផលកសិ-ពាណិជ្ជកម្មពីក្រុមកសិករផលិតខ្នាតតូចទៅទីផ្សារធំៗ បង្កើនការវិនិយោគ និងផ្តល់បច្ចេកទេសអភិវឌ្ឍន៍គ្រប់ដំណាក់កាលនៃវដ្តផលិតកម្មកសិ-ពាណិជ្ជកម្ម ដែលគិតចាប់ពីការដាំដុះ ការកែច្នៃ ការវេចខ្ចប់ រហូតដល់ការចែកចាយ។ លើសពីនេះ ក្រុមហ៊ុន Yamato Green គួរផ្តល់ជំនួយការលើបច្ចេកទេសក្នុងការពង្រឹងការអនុវត្តច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ក្រុមហ៊ុនមួយនេះ គឺជាបុត្រសម្ព័ន្ធក្រុមហ៊ុនជំនួញជប៉ុនធំៗ រួមមានធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ផ្សារទំនើប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុនជាដៃគូចំនួន ១៦ក្រុមហ៊ុន។ ក្រុមហ៊ុនបានរៀបចំបង្កើតជាគំរូខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីធានាឱ្យបានទាំងបរិមាណ និងគុណភាពផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងប្រទេស និងនាំចេញឱ្យមានចីរភាព តាមរយៈការធ្វើអាជីវកម្ម Franchise នៃគំរូផលិតដែលស្របតាមខ្នាត និងស្តង់ដារកំណត់តែមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here