រដ្ឋមន្រ្តីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ត្រូវដាក់ស្នើសុំការអនុម័តពីសភាជាមុនសិន

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិបានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា-ចិន និងកម្ពុជា-កូរ៉េខាងត្បូង នឹងបញ្ចប់ជាផ្លូវការនៅឆ្នាំ២០២១នេះហើយ ខណៈដែលពេលនេះកំពុងស្ថិតក្នុងការសម្រេចពីថ្នាក់លើ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៦ ខែមករាកន្លងមកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន (FTA) បច្ចុប្បន្នយើងបានទទួលលិខិតនូវការចុះហត្ថលេខារួចហើយ គ្រាន់តែមិនមែនច្បាប់ដោយផ្ញើមកហើយតាមសារអេឡិចត្រូនិច ដើម្បីឱ្យយើងរៀបចំជំរុញលិខិតបទដ្ឋានសុំសេចក្តីអនុម័តពីស្ថាប័ននីតិបញ្ញត្តិ រដ្ឋសភា និងព្រឹទ្ធសភា។

លោកបន្តថា “នៅពេលណាដែលយើងរៀបចំរួច សភានឹងអញ្ញើញដើម្បីឡើងការ​ពារ និងសាកសួរបន្ថែមអំពីលក្ខខណ្ឌទីផ្សារសេរី មុននឹងសម្រេចអនុម័ត និងដាក់ឱ្យអនុវត្តន៍ផ្លូវការបាន”។

ដោយឡែក FTA កម្ពុជា-កូរ៉េខាងត្បូង លោករដ្ឋមន្រ្តីប៉ាន សូរស័ក្តិ បានបញ្ជាក់ថា នឹងចប់សព្វគ្រប់ក្នុងរយៈពេលដ៏ខ្លីខាងមុខដូចគ្នាដែរ ខណៈដែលពេលនេះក្រុមការងារពាក់ព័ន្ធបានត្រៀមការងារជាច្រើន ដើម្បីពិនិត្យមើល និងយកទៅពិភាក្សាបន្ថែមជាមួយគណៈកម្មាធិការជាតិគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាជាផ្លូវការនាខែតុលា ឆ្នាំ២០២០កន្លងទៅ។ បន្ទាប់ពីចុះហត្ថលេខារួច រដ្ឋាភិបាលកម្ពុជារំពឹងថាការនាំចេញទៅកាន់ប្រទេសចិននឹងកើនឡើង ដោយក្នុងចំណោមមុខទំនិញជាង៣៤០មុខ គឺផលិតផលកសិកម្ម៩៥ភាគរយ ពីកម្ពុជាត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិន ដែលភាគច្រើនជាទំនិញកសិកម្ម និងប្រភេទទំនិញនៅក្នុងឧស្សាហកម្មកែច្នៃ។

ដោយឡែក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ជាលទ្ធផលការចរចាផ្ដោតទៅលើការបើកច្រកទីផ្សារ និងអត្ថបទកិច្ចព្រមព្រៀងទាំងមូល ដែលគ្របដណ្ដប់លើជំពូកស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មផ្នែកទំនិញ វិធានប្រភពដើមទំនិញ វិធានជាក់លាក់សម្រាប់ផលិតផល បែបបទគយ និងកិច្ចសម្រួលពាណិជ្ជកម្ម និងបញ្ហាច្បាប់ និងស្ថាប័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here