តើការវិនិយោគអចលនវត្ថុរំពឹងថ្ងៃអនាគត មានកម្រិតជោគជ័យ និងទទួលបានចំណេញខ្ពស់បែបណា?

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ សម្រាប់តែទីផ្សារ និងការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាត្រូវបានគេមើលឃើញថា មានការបែងចែកជាច្រើនប្រភេទ ហើយក្នុងនោះក៏មានការវិនិយោគក្នុងរយៈពេលខ្លី និងការវិនិយោគរយៈវែង ជាមួយនឹងក្ដីរំពឹងទទួលបានប្រាក់ចំណេញត្រឡប់មកវិញ។

ការធ្វើវិនិយោគនៅក្នុងវិស័យអចលនទ្រព្យត្រូវបានធ្វើឡើងច្រើនរូបភាព ដូចជាការទិញអចលវត្ថុ(ដី)សម្រាប់គម្រោងអភិវឌ្ឍន៍ ការទិញអចលនទុកវិនិយោគបន្តយកចំណេញក្នុងរយៈពេលខ្លី និងការទិញទុកវិនិយោគ ក្នុងរយៈពេលយូរជាមួយនឹងក្ដីរំពឹងថានឹងអាចទទួលបានផលចំណេញត្រឡប់មកវិញយ៉ាងប្រាកដ។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Cambodia លោកស្រីGrace Rachny Fong បានមានប្រសាសន៍ប្រាប់នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះថា គ្រប់ការវិនិយោគទាំងអស់ នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា គឺសុទ្ធតែស្ថិតនៅក្នុងគោលបំណងចម្បងតែមួយគត់ គឺការទទួលបានផលចំណេញត្រឡប់មកវិញ។

លោកស្រីបន្តឱ្យដឹងថា ការវិនិយោគត្រូវបានគេធ្វើឡើងជាច្រើន បែបច្រើនទម្រង់​។ មានអ្នកខ្លះទិញចូល ហើយលក់ចេញវិញ ក្នុងរយៈពេលខ្លីទោះចំណេញតិចក៏យក អ្នកខ្លះទិញទុកអភិវឌ្ឍន៍”។ លោកស្រីបន្តថា “អ្នកខ្លះទៀតទិញទុករហូតមានតម្លៃខ្ពស់ ដែលអាចចំណេញបានច្រើន ទោះត្រូវចំណាយពេលយូរឆ្នាំក៏ដោយ ប៉ុន្តែសម្រាប់ការវិនិយោគដោយក្ដីរំពឹងថ្ងៃអនាគតគឺអាចមានឱកាសជោគជ័យ និងចំណេញបានខ្ពស់ជាងគេ ហើយការវិនិយោគបែបនេះ អាចធ្វើបានតែចំពោះអ្នកមានធនធាន និងមានចរន្តសាច់ប្រាក់គ្រប់គ្រាន់តែប៉ុណ្ណោះ។

លោកស្រីGrace Rachny Fong បានមានប្រសាសន៍បញ្ជាក់ថា “ខ្ញុំលើកឧទា​ហរណ៍ជាក់ស្ដែង ដូចជា ដីនៅតំបន់ទួលគោក កាលពីប៉ុន្មានឆ្នាំមុនតម្លៃដីស្ថិតនៅក្រោម២០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ”។លោកស្រីបន្តថា “បច្ចុប្បន្នទោះជាស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងវិបត្តិសេដ្ឋកិច្ច តម្លៃដីនៅតំបន់ដដែលបានឡើងរហូតដល់ចន្លោះពី៣៥០០-៣៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃនេះនឹងបន្តឡើងដល់ក្នុងរង្វង់៦០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េនៅត្រឹមរយៈពេលប្រមាណ៥ឆ្នាំខាងមុខនេះ”។

លោកស្រីបន្តថា “ការវិនិយោគក្នុងរយៈពេលវែង និងក្ដីរំពឹងចំណេញនៅថ្ងៃអនាគត់ មានអត្រាជោគជ័យខ្ពស់ និងមិនសូវមានហានិភ័យនោះទេ ព្រោះជាទូទៅតម្លៃដីពីមួយឆ្នាំទៅមួយឆ្នាំតែងមានការកើនឡើង ប៉ុន្តែមិនមានការធ្លាក់ចុះវិញនោះទេ”។

ស្រដៀងគ្នាទៅនឹងការលើកឡើងខាងលើនេះ អ្នកស្រីកែវ សុចិន្តា នាយិកាក្រុមហ៊ុន Reachny Property Co,.Ltd ដែលជាក្រុមហ៊ុនភ្នាក់ងារជំនាញ ក្នុងការលក់ខុនដូបានមានប្រសាន៍ថា គ្រប់ប្រភេទអចលនវត្ថុទាំងអស់ តែងតែមានការកើនឡើងនូវតម្លៃជាបន្តបន្ទាប់ មិនថាចំពោះតែដីធ្លី លំនៅដ្ឋាន ឬខុនដូនោះទេ។

អ្នកស្រីបានបន្តថា“សម្រាប់ទីផ្សារខុនដូននៅពេលនេះ គឺបានផ្តល់ឱកាសចំណេញសម្រាប់អតិថិជន មិនថាចំពោះអ្នកទិញសម្រាប់រស់នៅជាក់ស្ដែង ឬអ្នកទិញទុកសម្រាប់វិនិយោគយកចំណេញនៅថ្ងៃអនាគតនោះទេ”។

លោកស្រីបន្តថា “ជាក់ស្ដែងតម្លៃទីផ្សារខុនដូបច្ចុប្បន្នគឺនៅទាប ដូច្នេះវាជាឱកាសចំណេញសម្រាប់អ្នក ដែលចង់ទិញទុកវិនិយោគនៅថ្ងៃអនាគត។ ពេលនេះតម្លៃខុនដូកម្រិតមធ្យមភាគច្រើន ត្រូវបានគេដាក់លក់នៅលើទីផ្សារ ក្នុងរង្វង់ជាង១៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបើបន្តរហូតដល់១ឬ២ឆ្នាំទៅមុខទៀត តម្លៃនឹងកើនឡើងខ្ពស់ជាងនេះជាក់ជាមិនខាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here