ដោយ ៖ សុខុម
បាងកក: ធនាគារកណ្ដាលថៃ (Bank of Thailand) បានព្រមានថា ចក្ខុវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ អាចនឹងរងផលប៉ះពាល់ខ្លាំង ដោយសារការកើនឡើងយ៉ាងគំហុកនូវករណីឆ្លងកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែល។

ធនាគារកណ្តាលថៃ បានមើលឃើញថា រដ្ឋាភិបាលថៃ ចាំបាច់ត្រូវចាត់វិធានការឱ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ព្រោះស្ថានការណ៍ឆ្លងវីរុសកូវីដ-១៩ រលកថ្មីនេះមានភាពមិនប្រាកដប្រជាខ្ពស់។
នៅក្នុងកំណត់ហេតុដដែល ធនាគារកណ្តាលថៃបានព្រមានថា “ការព្យាករអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងទទួលរងផលប៉ះពាល់ខ្លាំង ដោយសារករណីឆ្លងវីរុសកូវីដ-១៩ កើនឡើងយ៉ាងគំហុក។ ដូចនេះ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុថៃ បានមើលឃើញថា ចាំបាច់ត្រូវតាមសង្កេតដានស្ថានការណ៍វិវឌ្ឍន៍ឱ្យស្អិត ហើយវាយតម្លៃថា រដ្ឋាភិបាលចាត់វិធានការគ្រប់គ្រាន់ដែរឬទេ”។
ក្នុងកិច្ចប្រជុំកាលពីខែធ្នូ ចុងឆ្នាំ២០២០ ធនាគារកណ្ដាលថៃ បានបន្ទាបការព្យាករអំពីកំណើនផលិតផលក្នុងស្រុកសរុប (GDP)របស់ថៃ សម្រាប់ឆ្នាំ២០២១ ពី ៣,៦% មកនៅត្រឹម៣,២% ខណៈព្យាករថា សេដ្ឋកិច្ចក្នុងឆ្នាំ២០២០ ធ្លាក់ចុះ ៦,៦%។
បន្ទាប់ពីគ្រប់គ្រងការឆ្លងរាលដាលវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍បានភាគច្រើនរយៈពេលជាច្រើនខែមក ស្រាប់តែផ្ទុះការឆ្លងរលកថ្មីក្នុងខែធ្នូ ចុងឆ្នាំ២០២០ ទាក់ទិននឹងពលករចំណាកស្រុក និងបនល្បែងមួយកន្លែង ដែលបានបណ្ដាលឱ្យផ្ទុះការឆ្លងរលកថ្មីនៅក្នុងបណ្ដាខេត្តជាងពាក់កណ្ដាលរបស់ប្រទេសថៃ។
វិធានការរឹតបន្តឹងថ្មីៗដែលត្រូវបានដាក់ចេញ ដើម្បីទប់ការឆ្លងរាតត្បាតដ៏ធ្ងន់ធ្ងរបំផុតនេះ ទំនងជាប៉ះពាល់ដល់ការងើបឡើងនៃសេដ្ឋកិច្ច ដោយអ្នកវិភាគមួយចំនួនបានបន្ទាបការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចថៃ សម្រាប់ឆ្នាំ២០២១ នេះមកនៅត្រឹមក្រោម៣%។
ទន្ទឹមនេះ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុថៃ ក៏បានសម្ដែងការព្រួយបារម្ភដែរថា ការឡើងថ្លៃយ៉ាងឆាប់រហ័សនូវរូបិយប័ណ្ណថៃ ក៏អាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចផុយស្រួយមួយនេះផងដែរ៕






