រដ្ឋាភិបាលចាប់ផ្តើមបើកកិច្ចប្រជុំដើម្បីចរចាទិញវ៉ាក់សាំងកូវីដ-១៩

0

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ ក្រុមការងារអន្តរក្រសួង និងមន្ត្រីជំនាញមកពីស្ថាប័នពាក់ព័ន្ធបានកើបកិច្ចប្រជុំពិភាក្សាលើកទី១លើក្រុមការងារ ទទួលបន្ទុកការចរចា និងការពិគ្រោះយោបល់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងការពិគ្រោះយោបល់អំពីយុទ្ធសាស្រ្ត និងផែនការធ្វើលទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដើម្បីផ្តល់ជូនប្រជាជនកម្ពុជាឱ្យបានលឿននិងឆាប់រហ័សសមល្មមនឹងតម្រូវការកម្ពុជា ដោយធានាបាននូវសុវត្ថិភាព, គុណភាព និងប្រសិទ្ធភាព។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាប្រធានក្រុមការងារទទួលបន្ទុកការចរចានិងការពិគ្រោះយោបល់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បានដឹកនាំកិច្ចប្រជុំលើកទី១នេះបានថ្លែងអោយដឹងថាយោងតាមសេចក្តីសម្រេចលេខ ១០៩ សសរ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល។

លោកបានបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងមានភារកិច្ចចរចា និងពិគ្រោះយោបល់ជាមួយនឹងដៃគូអភិវឌ្ឍ ទាំងទ្វេភាគីនិងពហុភាគី ក្នុងការទិញវ៉ាក់សាំងក្នុងទំហំសមល្មមទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជាក្រោមទម្រង់ជំនួយឥតសំណង ឬក្រោមឥណទានសម្បទាន ឬក្រោមថវិកាសប្បុរសជន ឬថវិកាជាតិក្នុងតម្លៃសមរម្យ ព្រមទាំងកំណត់មុខសញ្ញាក្រុមហ៊ុនផលិតវ៉ាក់សាំង ដែលមានភាពសមស្របបំផុតទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងត្រូវបានទទួលស្គាល់លើសុវត្ថិភាព, ប្រសិទ្ធភាព និងគុណភាពជាផ្លូវការពីអង្គការសុខភាពពិភពលោក (WHO)។

ទន្ទឹមនឹងនេះ ក្រុមការងារក៏ត្រូវគិតគូរទៅលើទិដ្ឋភាពភូមិសាស្រ្តនយោបាយអន្តរជាតិ និងឈរលើផលប្រយោជន៍ជាតិជាធំ ក្នុងភាពជាម្ចាស់ប្រទេសនិងធានាឱ្យបាននូវការដឹកជញ្ជូនវ៉ាក់សាំងនេះមកកាន់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពផងដែរ។

លោកមានប្រសាសន៍ថា ទោះបីការអភិវឌ្ឍន៍វ៉ាក់សាំងមកទល់នឹងពេលនេះ កាន់តែរីកចម្រើនទៅមុខ ហើយមានប្រទេសខ្លះបានចាប់ផ្តើមការចាក់វ៉ាក់សាំងជាបណ្តើរៗក្តីតែចំណោទអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងទាំងនោះ នៅតែមិនទាន់មានភាពច្បាស់លាស់ទាំងស្រុងនៅឡើយ ព្រោះពិភពលោកនៅមិនទាន់អាចផ្តើមការចាក់វ៉ាក់សាំងជាទូទៅនៅឡើយទេ ហើយអង្គការសុខភាពពិភពលោក (WHO) ទើបតែផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Pfizer / BioNTech សម្រាប់តែករណីបន្ទាន់ (emergency use) ប៉ុណ្ណោះ។

លោកមានប្រសាសន៍ថាពិតណាស់ថា ទោះបីវ៉ាក់សាំងមិនមែនជាដំណោះស្រាយតែមួយគត់សម្រាប់លុបបំបាត់ជំងឺកូវីដ-១៩ក្តី, តែវត្តមាននៃវ៉ាក់សាំងក៏មានភាពចាំបាច់ណាស់ សម្រាប់ការយកឈ្នះលើជំងឺកូវីដ-១៩ ទាំងស្រុងដែរ។

មន្រ្តីនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអោយដឹងបន្ថែមថាសម្រាប់ខ្លឹមសារសំនាន់នៃកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃនេះគឺបានពិភាក្សានិងពិគ្រោះយោបល់អំពីយុទ្ធសាស្រ្តនិងផែនការធ្វើលទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដើម្បីផ្តល់ជូនប្រជាជនកម្ពុជាឱ្យបានលឿន និងឆាប់រហ័ស សមល្មមនឹងតម្រូវការកម្ពុជា ដោយធានាបាននូវសុវត្ថិភាព, គុណភាព និងប្រសិទ្ធភាពព្រមទាំងឱ្យមានភាពឆ្លើយឆ្លងគ្នាទៅនឹងផែនការចាក់វ៉ាក់សាំងផងដែរ ព្រោះវ៉ាក់សាំងដែលទិញមកហើយ មិនអាចទុកយូរពេកបាននោះទេ។អង្គប្រជុំក៏បានពិភាក្សាផងដែរ ពាក់ព័ន្ធនឹងការកំណត់គោលការណ៍ទិញ និងបែងចែក ព្រមទាំងបរិមាណវ៉ាក់សាំង ទាំងសម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ (emergency use) និង ទាំងសម្រាប់ការប្រើប្រាស់ជាទូទៅ (general vaccine roll out)។

កិច្ចប្រជុំក៏បានពិនិត្យលក្ខណៈសម្បត្តិនៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ក្រុមហ៊ុនមួយចំនួនដែលមានសក្តានុពលក្នុងការទទួលបាននូវការទទួលស្គាល់ពីអង្គការ WHO ក្នុងពេលឆាប់ៗខាងមុខនេះ និងវាយតម្លៃអំពីជម្រើសវ៉ាក់សាំងដែលមានភាពសមស្របសម្រាប់លក្ខណៈសម្បត្តិ និងការប្រើប្រាស់នៅកម្ពុជាផងដែរ។ កិច្ចប្រជុំនេះក៏បានពិភាក្សាអំពីផែនការសកម្មភាពរបស់ក្រុមការងារ និងក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ដើម្បីឈានទៅអនុវត្តផែនការយុទ្ធសាស្ត្រនៃការទិញ និងការចាក់វ៉ាក់សាំងបានលឿនទាន់ពេលវេលា និងមានប្រសិទ្ធភាព។ បន្ថែមលើនេះបានពិភាក្សាផងដែរ អំពីហិរញ្ញប្បទាន និងជម្រើសនានា ក្នុងការប្រើប្រាស់ពីគ្រប់ប្រភពហិរញ្ញប្បទានទាំងអស់ដែលមានសម្រាប់គាំទ្រដល់ការធ្វើលទ្ធកម្មទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ស្របតាមគោលការណ៍ និងការសម្រេចរបស់រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here