ក្រុមហ៊ុនចិនជាច្រើនបាននឹងកំពុងចូលមកវិនិយោគលើវិស័យភស្តុភារកម្មនៅកម្ពុជា

0

ដោយ ៖ វុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនចិនជាច្រើនបាន និងកំពុងចាប់អារម្មណ៍ទៅនឹងការបណ្តាក់ទុនវិយោគលើវិស័យភស្តុភារកម្មនៅកម្ពុជា បន្ទាប់ពីកម្ពុជាដាក់ចេញនូវផែនការនាំចេញផលិ​តផលកសិកកម្មរបស់ខ្លួន ជាពិសេសស្រូវអង្ករទៅកាន់ប្រទេសចិន ការដឹកជញ្ជូនផលិ​តផលវាយនភណ្ឌកាត់ដេរទៅកាន់ពិភពលោក។

ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាលោកឧកញ៉ាស៊ិន ចន្ធីប្រាប់គេហទំព័រអចលនទ្រព្យPropertyarea.asia កាលពីពេលថ្មីនេះថា  លោកសង្កេតឃើញថា ក្នុងរយៈពេលកន្លងមកនេះ ស្ថានភាពវិស័យភស្តុភារបស់កម្ពុជា មិនមានផលប៉ះពាល់ធ្ងន់នោះទេ ហើយក៏ មានក្រុមហ៊ុនចិនមួយចំនួនបានសិក្សា និងបណ្តាក់ទុនវិនិយោគលើវិស័យនេះនៅកម្ពុជា  បើទោះបីមានបញ្ហាប្រឈមនឹងជំងឺកូវីដ១៩។

លោកឧកញ៉ាបន្តថា  កម្ពុជាមានសក្តានុពល លើវិស័យកសិកម្មសម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសចិន និងក្រៅប្រទេស”។ លោកបន្តថា “ជាមួយគ្នានេះ បើទោះបីរោងចក្រកាត់ដេរមានការបិតខ្លះ ប៉ុន្តែក៏នៅសល់ច្រើនផងដែរ ដែលទាមទាឱ្យមានក្រុមហ៊ុនដឹកជញ្ជូនកាន់តែច្រើនថែមទៀត ខណៈប្រទេសចិន ក៏បានបើកច្រកកាន់តែទំលំទូលា​យ”។

លោកឧកញ៉ា ស៊ីន ចន្ទីរ ការដឹកជញ្ជូននៅកម្ពុជា មិនមានអ្វីជាបញ្ហាទេ  ហើយក៏មានក្រុមហ៊ុនចិនមួយចំនួន ក៏បានមកស្វែងរកឱកាស និងបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកាន់តែច្រើន ហើយបានស្វែងរកទិញដីសម្រាប់ដាក់ជាកន្លែងក្រុមហ៊ុន ។

លោកឧកញ៉ាថ្លែងថា “ក្រុមហ៊ុនចិនធំៗមិនទាន់មកទេ ប៉ុន្តែសម្រាប់ក្រុមហ៊ុនតូចៗល្មមៗបានមកដល់ហើយ ដែលធ្វើទីផ្សារមួយនេះ កាន់តែមានការប្រកួតប្រជែងកាន់តែខ្លាំងថែមទៀត”។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា រដ្ឋាភិបាលបាននឹងកំពុងធ្វើពិពិធកម្មភស្តុភារកម្មរបស់ខ្លួន  ដើម្បីជំរុញ និងធ្វើឱ្យប្រសើរឡើង នូវការដឹកជញ្ជូនៅកម្ពុជា ដោយតភ្ជាប់ពីខេត្តក្រុងដែលមានសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិយោគ និងទាញវិនិយោគមកកាន់កម្ពុជាកាន់តែច្រើន។

លោករដ្ឋមន្ត្រីថ្លែងថា  ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែ ដើរតួយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការជំរុញវិស័យភស្ដុភារកម្ម ឱ្យមានសកម្មភាពផុលផុស និងមានលក្ខណៈប្រកួតប្រជែង នៅក្នុងចំណោមប្រទេសក្នុងតំបន់ និងសកលលោកទាំងមូល។

លោករដ្ឋមន្ត្រីបន្តថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែត្រូវបានសាងសង់ ស្ដារ ពង្រីក និងលើកកម្ពស់គុណភាពផ្លូវ ឱ្យស្របតាមស្តង់ដានិងតម្រូវការ និងបានតភ្ជាប់ទៅគ្រប់ច្រកល្ហក និងទៅគ្រប់ប៉ូល និងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗទាំងក្នុង និងក្រៅប្រទេស។

លោករដ្ឋមន្ត្រីបន្ថែមថា កម្ពុជាក៏បានបង្កើតច្បាប់នានាទាក់ទងនឹងវិស័យនេះ ជាពិសេសកាត់បន្ថយនីតិវិធីបញ្ជូនឯកសារ ដូចជាការលុបបំបាត់ភ្នាក់ងារកាំសាប និងកាំកុងត្រូល នៅតាមច្រកចេញចូលព្រំដែនជាដើម ដើម្បីសម្រួលដល់សង្វាក់ដឹកជញ្ជូនឱ្យមានប្រសិទ្ធភាព ពោលគឺចំណេញពេលវេលា ចំណាយតិច និងសេវាកម្មមានភាពទុកចិត្តបាន។

បើតាម លោកឧកញ៉ាស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបញ្ជាក់ថា  នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនភស្តុភារកម្ម (Logistics)ដែលបានចុះបញ្ជីមានចំនួនជាង៥០០ក្រុមហ៊ុន ដែលបាននិងកំពុងប្រតិបត្តិការ ប៉ុន្តែសម្រាប់ក្រុមហ៊ុនភស្តុភារកម្ម ជាសមាជិករបស់សមាគមមានចំនួនជាង១០០ក្រុមហ៊ុនប៉ុណ្ណោះ ខណៈក្រុមហ៊ុន ដែលទើបចុះបញ្ជីដែលមិនទាន់មានលក្ខណៈគ្រប់គ្រាន់ទេ ក៏មិនទាន់អាចចូលជាសមាជិកបានដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here