រោងចក្រផលិតស៊ីម៉ងត៍តម្លៃ ២៣០លានដុល្លារ បើកសម្ភោធនាថ្ងៃនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រោងចក្រផលិតស៊ីម៉ងត៍តម្លៃ២៣០លានដុល្លារ ដែលសហការវិនិយោគ​ដោយក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនចិនបានបើកដំនើរការនៅថ្ងៃនេះ ដែលវានឹងជាផ្នែក​មួយជួយកាត់បន្ថយការពឹងផ្អែក ការនាំចូលស៊ីម៉ងត៍ពីប្រទេសជិតខាង។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាដែលបានអញ្ជើញជាអធិបតីក្នុងពិធី​សម្ភោធរោងចក្រ ស្ថិតក្នុងអតីតតំបន់សមរភូមិក្តៅ ស្ថិតក្នុងឃុំស្តៅ ក្នុងស្រុករតនមណ្ឌលខេត្តបាត់ដំបងបានមានប្រសាសន៍ថា រោងចក្រផលិតស៊ីម៉ងត៍នេះ ជាប្រភេទឧស្សាហកម្មធុនធ្ងន់ ដែល​បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតស៊ីម៉ងត៍ក្នុងស្រុកចំនួន៤ហើយ ហើយរោងចក្រនេះ ​មានសមត្ថភាពផលិតស៊ីម៉ងត៍បាន៥០០០តោនក្នុងមួយថ្ងៃ និងប្រមាណ៣លានតោនក្នុងមួយឆ្នាំ។

រោងចក្រផលិតស៊ីម៉ងត៍នេះមានឈ្មោះ Battambang Coin Cement ដែលរោង​ចក្រនេះ ជាផ្នែកមួយនៃការកាត់បន្ថយការពឹងផ្អែកស៊ីម៉ងត៍ពីក្រៅប្រទេស។

សម្តេចតេជោបានបន្តថា បច្ចុប្បន្នកម្ពុជាបានប្រែក្លាយតំបន់អតីតសមរភូមិ ទៅជា​តំបន់មានការអភិវឌ្ឍ ហើយតំបន់អតីតសមរភូមិសង្រ្គាមទាំងនោះកំពុងមានការអភិវឌ្ឍ​យ៉ាងលឿន ហើយដីដែលបានបោះបង់ចោល ត្រូវបានប្រើប្រាស់ឡើងវិញ និងពង្រីកផ្ទៃដីព្រៃដើម្បីដាំដុះ ដោយសារកំនើនប្រជាពលរដ្ឋ។

ជាមួយនឹងការកើនឡើងនូវការវិនិយោគ ក្នុងវិស័យសំណង់យ៉ាងខ្លាំងក្នុងមួយទស​វត្សរ៍ចុងក្រោយនេះ កម្ពុជាបាននាំចូលស៊ីម៉ងត៍យ៉ាងច្រើនពីប្រទេសក្នុងតំបន់ ប៉ុន្តែរោងចក្រស៊ីម៉ងត៍កម្ពុជាបាននិងកំពុងកាត់បន្ថយការនាំចូល។

លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានថ្លែងថា រោងចក្រផលិតស៊ីម៉ងត៍នៅក្នុងស្រុក មិនទាន់ឆ្លើយតបបានគ្រប់គ្រាន់នឹងតម្រូវការស៊ីម៉​ងត៍ ដែលត្រូវប្រើប្រាស់ក្នុងឧស្សាហកម្មសំណង់នៅឡើយទេ។ យើងនៅតែពឹងផ្អែក​លើការនាំចូលច្រើនពីប្រទេសជិតខាងនៅឡើយ ដោយសារសមត្ថភាពផលិតរបស់កម្ពុជា​នៅមានកម្រិត។

លោកបន្តថា “ទោះជាយ៉ាងណាយើងរីករាយ និងគាំទ្រផលិតផលក្នុងស្រុក ដែលមានគុណភាពខ្ពស់ មិនចាញ់ស៊ីម៉ងត៍នាំចូលនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here