ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៤កំពុងសាងសង់នឹងពង្រីកសក្តានុពលខេត្តកោះកុង

0

        ដោយគង់ៈសូរិយា

        កោះកុងៈ ហេដ្ឋារចនាសម្ព័ន្ឋកម្រិតជាតិ និងអន្តរជាតិចំនួន៤បាននិងកំពុងសាងសង់ និងពង្រីកសក្តានុពលខេត្តកោះកុង ដែលជាខេត្តមួយប្របតំបន់ឆ្នេរដ៏ស្រស់បំព្រង និងកំពុងលេចឡើង។

គំរោងហេដ្ឋារចនាសម្ព័ន្ឋទាំងនោះរួមមាន ទី១ គំរោងពង្រីកផ្លូវជាតិលេខ៤៨ ជាបួនគន្លងសំរាប់រថយន្ត ដែលមានសួនច្បារកណ្តាល។ ក្រសួងសាធារណៈការបានសម្រេ​ចជ្រើសរើសបានក្រុមមហ៊ុនស្ថាបនា និងកែលំអរផ្លូវនេះរួចហើយ ទី២ ការសាងសង់ផ្លូវជាតិលេខ១០ ដែលជាផ្លូវប្រវត្តិសាស្រ្តមួយសំរាប់កម្ពុជា ដោយសារផ្លូវនេះតភ្ជាប់ចេញពីស្រុកសំឡូត ខេត្តបាត់ដំបង មកកាន់ខេត្តពោធិសាត់ មុនភ្ជាប់ជាមួយនឹងខេត្តកោះកុង។

នេះជាផ្លូវថ្មី ដែលតភ្ជាប់ពីភូមិភាគពាយ័ព្យប្រទេស មកកាន់តំបន់ឆ្នេរនាភាគនិរតីតំបូងគេ ដែលនឹងប្រើប្រាស់សំរាប់ការធ្វើដំណើរ ពិសេសការដឹកជញ្ជូនកសិផលដ៏ច្រើនពីតំបន់ភូមិភាគពាយ័ព្យទៅកាន់កំពង់ផែ ក្នុងខេត្តកោះកុង ទី៣ ការសាងសង់កំពង់ផែទឹកជ្រៅ ដែលមានសមត្ថភាពឲ្យកប៉ាល់ធំៗអាចចូលចតបាន និងអាចនាំាំចេញទំនិញ កសិផលពីកម្ពុជាទៅកាន់ប្រទេសទី៣ ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង និងទី៤ ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង ដែលនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំនេះ ដែលព្រលានលំដាប់អន្តរជាតិនេះ អាចមានសមត្ថភាពឲ្យយន្តហោះឆ្លងទ្វីបចុះចតបាន។

គំរោងវិនិយោគព្រលានយន្តហោះ របស់អតីតៈក្រុមហ៊ុនTienjing Union Development Group។ គំរោងនេះនឹងជួយប្រែក្លាយតំបន់នេះ ជាតំបន់វិស្សមកាលកម្រិ​តខ្ពស់ និងធំបំផុតនៅក្នុងតំបន់អាស៊ីតាមគោលដៅរបស់ក្រុមហ៊ុន និងផែនការអភិវឌ្ឈន៍របស់រដ្ឋាភិបាលកម្ពុជា។

ងាកមកតំបន់ត្រពាំងរូង ខេត្តកោះកុង ក៏បាននិងកំពុងទាក់ទាញគំរោងវិនិយោគបណ្តើរៗហើយ ខណៈតំបន់នេះបានបន្សល់ស្លាកស្នាមអនុស្សាវរីយ៍ ក្នុងបទចំរៀងដ៏លន្លង់លន្លោ​ចគឺ “ដៃសមុទ្រត្រពាំងរូង”។

ជាមួយនឹងសក្តានុពលផ្នែកភូមិសាស្រ្ត ធម្មជាតិដ៏ស្រស់បំព្រង ពិសេសជាតំបន់តែមួយគត់ ដែលមានទឹកសាប៦ខែ និងទឹកប្រៃ៦ខែ តំបន់្រពាំងរូងស័ក្តិសមជាទីតាំង សំរាប់ការវិនិយោគលើគំរោងអេកូទេសចរណ៍ និងការសម្រាកកំសាន្តលំហែរដ៏ស្ងៀមស្ងាត់ជាមួយនឹងការរំសាយអស់ទុក្ខកង្វល់។

គំរោងឋានសួគ៌ត្រពាំងរូង កំពុងចាប់ផ្តើមបង្ហាញវត្តមាននៅតំបន់នេះ ជាមួយនឹងគំរោងសាងសង់ផ្ទះលំហែរកាយបណ្តែតទឹក និងសួនធម្មជាតិ និងការដាំផ្កាដ៏ស្រស់បំព្រង សំរាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលចិត្តដំណើរកំសាន្តបែបផ្សងព្រេង និងរីករាយជាមួយធម្មជាតិ។

ទាក់ទងនឹងផែនការកសាងផ្លូវជាតិលេខ១០ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ស៊ីម សូរិយាបានមានប្រសាសន៍ថា ការស្ថាបនាផ្លូវជាតិលេខ១០របស់រដ្ឋាភិបាល មិនត្រឹមតែជាការធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជានោះទេ តែរដ្ឋាភិបាលកំពុងរុញកម្ពុជាឲ្យមានឯករាជ្យភាពខាងសេដ្ឋកិច្ច ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង ពិសេសអាចនាំទំនិញទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀតបានដោយខ្លួនឯង។

លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ជាគោលដៅអាទិភាពរបស់រដ្ឋាភិបាល ព្រោះហេដ្ឋារចនាសម្ព័ន្ឋប្រៀបដូចជាសសៃឈាមសេដ្ឋកិច្ច ហេតុនេះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនបន្ថែមទៀត”៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here