ដោយៈ រ៉ាណេត
ភ្នំពេញៈ គម្រោងធំៗដែលជាយុទ្ធវិធីនៃការជំរុញ និងពង្រីកទំហំពាណិជ្ជកម្ម ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអនុវត្ត ដើម្បីធ្វើយ៉ាងអាចសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក។
ស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍ធំៗជាច្រើន បាននឹងកំពុងដំណើរការយ៉ាងរលូន ដែលក្នុងនោះរួមមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងប្រទេសដូចជាផ្លូវជាតិសំខាន់ៗ ការពង្រីកកំពង់ផែទឹកជ្រៅ គម្រោងសាងសង់អាកាសយានដ្ឋាន ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមជាមួយនឹងការធ្វើវិសោធនកម្មច្បាប់វិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជាជាដើម។
លោកបណ្ឌិតហុង វណ្ណៈ អ្នកវិភាគ និងស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះថា គ្រប់គម្រោងទាំងអស់ដូច ដែលបានលើកឡើងខាងលើនេះ គឺជាយុទ្ធវិធីយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាបង្កើតឡើង និងកំពុងអនុវត្តទៅតាមជំហានដែលគ្រោងទុក ក្នុងគោលបំណងកែប្រែ និងធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពល្អប្រសើរ។
លោកបានបញ្ជាក់ថា “ដូចដែលយើងបានឃើញហើយថា នៅក្នុងយុទ្ធវិធីក៏ដូចជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាអាចបង្កភាពងាយស្រួល ដល់បណ្តាវិនិយោគិនទាំងអស់ ដែលមានបំណងចងសម្ព័ន្ធវិនិយោគ ពាណិជ្ជកម្មជាមួយកម្ពុជាតាម រយៈការយកចិត្តទុកដាក់ លើការសម្រួលដល់ច្បាប់វិនិយោគថ្មី ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរ និងដឹកជញ្ជូន ការចងសម្ព័ន្ធជាដៃគូយុទ្ធសាស្ត្រ ជាមួយបណ្តាប្រទេសនាននៅក្នុងតំបន់ ក៏ដូចជានៅលើសាកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី”។
លោកបន្តថា នៅក្នុងឆ្នាំ២០២១នេះ ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសមួយចំនួន ដូចជា មហាអំណាចសេដ្ឋកិច្ចចិន កូរ៉េ ជប៉ុន ឥណ្ឌ ក៏ដូចជាចក្រភពអង់គ្លេង ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូសាកល(RCEP) ដែលជាទីផ្សារដ៏ធំជាសាកល រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់លើការស្ថាបនាផ្លូវជាតិសំខាន់ៗជាច្រើន ដូចជា ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ១០ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ៣៣ លេខ៤១ លេខ២ ក៏ដូចជាផ្លូវនៅទូទាំងក្រុងព្រះសីហនុ និងផ្លូវ៣៨ខ្សែនៅក្រុងសៀមជាដើម។
បន្ថែមពីនេះនៅមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួមជាមួយនឹងផ្លូវដែកឆ្លងប្រទេសផងដែរ។
លោកបណ្ឌិតហុង វណ្ណៈ បានបញ្ជាក់ឱ្យដឹងទៀតថា ក្រៅពីគម្រោងខាងលើនេះ បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏កំពុងអភិវឌ្ឍន៍ពង្រីកវិសាលភាពរបស់ខ្លួន តាមរយៈការអភិវឌ្ឍគម្រោងអាកាសយានដ្ឋានជាច្រើនទីតាំង រួមមាន អាកាសយានដ្ឋានភ្នំពេញអន្តរជាតិថ្មី អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អាកាសយានដ្ឋានកងកេង គម្រោងអាកាសយានដ្ឋានចំនួន២នៅខេត្តកោះកុង គម្រោងអាកាសយាដ្ឋាននៅខេត្តបាត់ដំបង រួមជាមួយនឹងគម្រោងអាកាសយានដ្ឋាន ក្នុងតំបន់ខេត្តមណ្ឌលគីរី ដែលកំពុងទទួលសិទ្ធិសិក្សាដោយក្រុមហ៊ុនចិននាពេលបច្ចុប្បន្ន។
ហេដ្ឋារចនាសម្ព៏ន្ឋទាំងអស់នេះ គឺជាផ្នែកមួយនៃគម្រោងផែនការរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ឱ្យកាន់តែមានភាពល្អប្រសើរជាងពេលបច្ចុប្បន្ន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ថា សម្រាប់តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនតាមរយៈការធ្វើពិពិធកម្ម នៃការផលិតសម្រាប់នាំចេញ ថែមទាំងអាចអាចទាក់ទាញប ណ្តាក្រុមហ៊ុនអន្តរជាតិជាច្រើនមកកាន់កម្ពុជាផងដែរ។
លោកឧកញ៉ាបញ្ជាក់ថា “បច្ចុប្បន្នរាជរដ្ឋាភិបាល បាននិងកំពុងសិក្សាទៅលើសេចក្ដីព្រាងច្បាប់វិនិយោគថ្មីនៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួល ក៏ដូចជាជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគជាតិ និងអន្តរជាតិនានានៅលើសាកលលោក ឱ្យចូលមកកាន់កម្ពុជាបន្ថែម តាមរយៈការកាត់បន្ថយនូវនិតិវិធីកាត់បន្ថយពេលវេលា និងផ្តល់ឱកាសចំណេញច្រើន”។
លោកឧកញ៉ាលឹម ហេងបានបន្តថា អ្វីដែលកាន់តែជាឱកាសមាស ចំណេញលើចំណេញទៀតនោះគឺ ការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចចិន ដែលមានទីផ្សាររហូតដល់ប្រមាន១៤០០លាននាក់ រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសផ្សេងៗនៅក្នុងអាស៊ាន ដែលមានប្រជាជនជាង ៦០០លាននាក់។
បន្ថែមពីនេះ ក៏មានការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងដូចជា ប្រទេសកូរ៉េខាងត្បូង ជប៉ុន ហុងកុង និងឥណ្ឌា ជាដើម ដែលទាំងអស់នេះ សុទ្ធតែជាចំណុចខ្លាំងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិទាំងអស់៕






