ដោយៈម៉ាណេត
ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ការប្រែប្រួលអាកាសធាតុលើពិភពលោក មិនបានបង្កប៉ះពាល់ដល់ការសាងសង់សំណង់ ឬសំណង់គ្រឹះនៅកម្ពុជានោះទេ ដោយសារតែកម្ពុជាមានភាពអំណោយផលចំពោះអាកាសធាតុ និងមានសណ្ឋានដីល្អសម្រាប់ការសាងសង់។
លោកសាស្ត្រាចារ្យទួស សាភឿន អគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជាបានថ្លែងប្រាប់Propertyarea.asia នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះថា ប្រទេសកម្ពុជាមានភាពអំណោយផលលើការអាកាសធាតុ ដោយសារកម្ពុជាមានប្រព័ន្ធអេកូឡូស៊ី និងមានដើមឈើច្រើន ហើយបានលក់កាបូនជាច្រើន ដើម្បីរក្សាព្រៃឈើ ដែលធ្វើឱ្យមានលំនឹងអាកាសធាតុ។
លោកបានថ្លែងថា “ការប្រែប្រួលអាកាសធាតុនេះ កើតឡើងនៅប្រទេសគេ ដូច្នេះវាមិនបង្កផលប៉ះពាល់ដល់ការសាងសង់សំណង់ ឬគ្រឹះសំណង់នៅកម្ពុជានោះទេ”។លោកបានថ្លែងថា “ខ្ញុំមើលឃើញថា ស្រទាប់ដីនៅក្នុងទីផ្សារក្រុងភ្នំពេញ ដូចជាព្រះប្រទានពរឱ្យ ព្រោះស្រទាប់ដីចាប់៣០ម៉ែត្រចុះទៅក្រោម គឺរឹងល្អសម្រាប់ការសាងសង់ ហើយចាប់ពី៤០ទៅ៥០ម៉ែត្រកាន់តែល្អ ដូច្នេះការសាងសង់កាន់តែខ្ពស់ គឺត្រូវខួងឱ្យចំណុច៤០ ទៅ៥០ម៉ែត្រ ដោយសារដីមានភាពរឹងមុំាល្អ ដូច្នេះការសាងសង់គ្រឹះអាគារនៅទីក្រុងភ្នំពេញមិនធ្វើឱ្យមានការព្រួយបារម្ភទេ”។
ជប៉ុនធ្លាប់ធ្វើការសិក្សាពីតំបន់បន្ទុះភ្នំភ្លើងនៅតំបន់អាស៊ី ក្នុងនោះ ថៃ ឡាវ និងមីយ៉ានម៉ាធ្លាប់ប្រវត្តិផ្ទុះភ្នំភ្លើង និងរញ្ជួយដី ហើយចាប់ពីឆ្នាំ១៩៣០ ដល់បច្ចុប្បន្ន បន្ទាត់ភ្នំភ្លើងគឺស្ថិតនៅជំវុញប្រទេសកម្ពុជា ប៉ុន្តែប្រទេសកម្ពុជាមិនស្ថិតនៅលើបន្ទាប់នោះទេ។
លោកសាស្ត្រាចារ្យបានថ្លែងថា “ទោះបីជាយ៉ាងណាក៏ដោយ អាគារខ្ពស់ៗរបស់យើងបច្ចុប្បន្ននេះ ក៏ត្រូវបានយកចិត្តទុកខ្ពស់ដែរក្នុងការសាងសង់ ហើយអាគារនិមួយៗត្រូវការទប់លំនឹងនៃអាគារខ្លួនឯង ដែលគេហៅថា “បន្ទុករស់ បន្ទុកងាប់”។
លោកបានពន្យល់ថា បន្ទុករស់ បន្ទុកងាប់ មានន័យថា បើគណនាពីរឿងគ្រឹះ គ្រឹះត្រូវសាងសង់ ដើម្បីទ្រទម្ងន់អាគារខ្លួន ដែលគេហៅបន្ទុករស់ ហើយទម្ងន់អាគារខ្លួនឯងនេះ គេហៅថា បន្ទុកងាប់។
លោកសាស្រ្តាចារ្យទួស សាភឿនបានពន្យល់ថា ឧទាហរណ៍ អាគារមានកម្ពស់៥០ជាន់ ស្មើនឹង៥០ម៉ឺនតោន ដែលជាបន្ទុកងាប់ ដូច្នេះគ្រឹះ (បន្ទុករស់) ត្រូវសាងសង់ដើម្បីទ្របានលើស៣០ភាគរយ នៃបន្ទុកងាប់ (អាគារទាំងមូល)៕






