សហភាពអឺរ៉ុប និងដៃគូបានផ្តល់ហិរញ្ញប្បទានសរុប៤២០០លានដុល្លារដល់កម្ពុជាសម្រាប់អភិវឌ្ឍប្រទេស

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ សហភាពអឺរ៉ុប និងដៃគូអឺរ៉ុបដែលមានសមាជិកចំនួន១០ប្រទេស ព្រមទាំងសហព័ន្ធស្វីស បានផ្តល់ហិរញ្ញប្បទានសរុបចំនួន៤២០០លានដុល្លារ ដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍ប្រទេស។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ថា សហភាពអឺរ៉ុប និងប្រទេសដៃគូអឺរ៉ុប គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ហើយក៏ជាទីផ្សារយ៉ាងសំខាន់របស់កម្ពុជាផងដែរ។

ចន្លោះឆ្នាំ១៩៩២-២០២០ ដៃគូអឺរ៉ុប (សហភាពអឺរ៉ុប និងប្រទេសសមាជិកចំនួន ១០ ព្រមទាំងសហព័ន្ធស្វីស ) បានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការសរុបប្រមាណ៤ ២០០លានដុល្លារ សមមូលនឹង១៩នៃហិរញ្ញប្បទានសរុប ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់បានផ្តល់ដល់កម្ពុជា។

ដោយឡែក សម្រាប់ផែនការយុទ្ធសាស្ត្រ សម្រាប់សហប្រតិបត្តិការនៃសហភាពអឺរ៉ុប និងដៃគូអឺរ៉ុបនៅកម្ពុជា សម្រាប់កិច្ចអភិវឌ្ឍន៍នៅកម្ពុជាឆ្នាំ២០២១-២០២៧ ក៏ត្រូវបានលើកយកមកពិភាក្សា និងអនុវត្តបន្តផងដែរ។

ភាគីពាក់ព័ន្ធបានឯកភាពជាគោលការណ៍ លើអាទិភាពសម្រាប់យុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ ដូចមានចែង ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គឺការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកស្ទួយវិស័យឯកជន និងការងារ និងការអភិវឌ្ឍប្រកប​ដោ​យចីរភាព និងបរិយាប័ន្ន។

លោកឈៀង យ៉ាណារ៉ាបានបញ្ជាក់ថា “ការអនុវត្តនូវយុទ្ធសាស្ត្ររួមគ្នារបស់អឺរ៉ុបស្ដីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ២០១៤-២០២០ និងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបឆ្នាំ២០១៤-២០២០ ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាគឺប្រព្រឹត្តទៅបានដោយរលូន ជាមួយនឹងការទទួលបានលទ្ធផល គួរឱ្យកត់សម្គា​ល់”។

តំណាងដៃគូអឺរ៉ុបដែលមានចំនួន៥ប្រទេសដូចជា ឆែក បារាំង អាល្លឺម៉ង់ ស៊ុយអ៊ែត និងស្វីស បានវាយតម្លៃយ៉ាងខ្ពស់ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ និងសម្រេចបានតាមរយៈវឌ្ឍនាភាពវិស័យអាទិភាពចំនួន៤រួមមាន ទី១ ការអភិវឌ្ឍវិស័យសង្គមកិច្ច ទី២ ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងចីរភាព ទី៣ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុង និងជនបទ និងទី៤ អភិបាលកិច្ច និងអន្តរវិស័យ។

សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាបន្តគាំទ្ររបស់សហភាពអឺរ៉ុប និងប្រទេសជាសមាជិកសហភាពអឺរ៉ុប ក៏ដូចជាសហព័ន្ធស្វីស សម្រាប់ដំណើរការនៃកិច្ចអភិវឌ្ឍន៍នៅកម្ពុជា។ តំណាងដៃគូអឺរ៉ុបក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងគ្រប់ដៃគូអឺរ៉ុបទាំងអស់ប្រចាំនៅកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here